ការព្យាយាមឈរនៅមុខផ្ទះនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ បានធ្វើឡើងក្រោយពីការសុំជួបផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីកាលពីថ្ងៃពុធមិនបានសម្រេច។ ជាមួយគ្នានោះអ្នកស្រុកមិនព្រមប្រគល់ពាក្យស្នើសុំដោះស្រាយទៅមន្រ្តីដែលអះអាងថាជាតំណាងខុទ្ទកាល័យនាយករដ្ឋមន្រ្តី ព្រោះអ្នកស្រុកបានគិតថា លិខិតនោះនឹងមិនបានដល់ដៃខុទ្ទកាល័យ អាចធ្លាក់ក្នុងដៃក្រុមហ៊ុនស៊ូកាគូ។
ស្រ្តីតំណាងអ្នកភូមិលេខ២៤ ឲ្យដឹងថា ៖ «តើការអភិវឌ្ឍនេះដើម្បីប្រជាជនឬក៏ដើម្បីក្រុមហ៊ុន? ហើយចង់ឲ្យសម្ដេចជួយដោះស្រាយពីផលលំបាករបស់ប្រជាជនដែលរស់នៅបឹងកក់នេះ។ កំពុងតែរងទុក្ខ រាល់ថ្ងៃនេះរស់ដូចនៅក្នុងគុកអ៊ីចឹង! ពួកយើងខ្ញុំនៅក្នុងបឹងកក់នេះ ធ្វើអី ជួសជុលផ្ទះអីក៏មិនបានដែរ! ធ្វើផ្លូវក៏មិនបានដែរ!»។
តំណាងអ្នកភូមិលេខ១ឲ្យដឹងថា ពួកគាត់សុំឲ្យលោក ហ៊ុន សែន ជួយសម្រួលប្រជាពលរដ្ឋឲ្យមានកម្មសិទ្ធិស្របច្បាប់ដោយសុំឲ្យកាត់ដីចេញពីកន្លែងអភិវឌ្ឍន៍ ឬប្រសិនបើរដ្ឋនៅតែបន្តអភិវឌ្ឍទីក្រុង ពួកគាត់សុំឲ្យរដ្ឋាភិបាលផ្តល់ប្រាក់សមរម្យអាចឲ្យពួកគាត់ទិញផ្ទះនៅកណ្តាលទីក្រុង ដែលមិននៅជាយក្រុងសម្រាប់រស់នៅ ៖ «ខ្លាចអត់មានកន្លែងនៅ អ៊ីចឹងគេយកអស់ហើយ។ ខ្ញុំត្រូវតែមកឲ្យសម្ដេចជួយ!»។
នៅក្រោយការជួបប្រជុំប្រមាណ ២ម៉ោងនៅមុខផ្ទះនាយករដ្ឋមន្រ្តី ក្បែរវិមានឯករាជ្យ មន្រ្តីគ្រប់គ្រងសួនច្បារបានអញ្ជើញឲ្យក្រុមអ្នកភូមិបឹងកក់នោះចាកចេញពីសួនឆ្លងទៅកាន់ម្ខាងផ្លូវ។
ក្រុមអ្នកតវ៉ាបានព្យាយាមទាក់ទងទៅកាន់មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី រហូតលោក នៅ រ៉ា បានអញ្ជើញមកជួបប្រជាជនផ្ទាល់ និងបានទទួលយកពាក្យស្នើសុំរបស់អ្នកភូមិ។
លិខិតដែលអ្នកភូមិទាំង៨ មកពីតំបន់ដីគោកបឹងកក់ មានភូមិលេខ១, លេខ៣, លេខ៦, លេខ២០, លេខ២១, លេខ២២, លេខ២៣ និងលេខ២៤ បានសុំឲ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍នោះ គឺស្នើសុំឲ្យរដ្ឋាភិបាលកាត់ដីទីតាំងលំនៅឋានរបស់មន្រ្តីរាជការ និងប្រជាពលរដ្ឋ ចេញពីគម្រោងអភិវឌ្ឍន៍បឹងកក់ ហើយសុំចេញប្លង់កម្មសិទ្ធិអចលនទ្រព្យលើដីលំនៅឋាន និងផ្ទះស្នាក់នៅអចិន្ត្រៃយ៍ឲ្យពួកគាត់។
លិខិតនោះក៏បានបញ្ជាក់ដែរថា ពួកគាត់រស់រានមានជីវិតដោយសារថ្ងៃ៧ មករា។ ការកសាងផ្ទះសម្បែងពីបាតដៃទទេ។ មន្រ្តីរាជការបានបម្រើជាតិ និងបានចូលទៅសង់ផ្ទះនៅតំបន់បឹងកក់នោះតាំងពីឆ្នាំ១៩៧៩, ១៩៨០, ១៩៨១ ដោយរដ្ឋមិនបានចេញប្លង់កម្មសិទ្ធិឲ្យទេ។ ឥឡូវតំបន់ផ្ទះពួកគាត់នោះត្រូវរដ្ឋត្រៀមប្រគល់ដីយកទៅឲ្យក្រុមហ៊ុនស៊ូកាគូអភិវឌ្ឍនៅពេលនេះ និងមានទាំងការអនុញ្ញាតជាប្លង់ឲ្យក្រុមហ៊ុននោះទៀតផង។
អ្នកភូមិប្រមាណ ៥០នាក់តំណាងឲ្យ ៨ភូមិក្នុងតំបន់ដីគោកបឹងកក់បានវិលទៅផ្ទះវិញហើយ បន្ទាប់ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានទទួលយកលិខិតសំណើពួកគាត់បញ្ជូនទៅថ្នាក់លើត្រួតពិនិត្យឡើងវិញ៕
