ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​នាំ​គ្នា​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​ចាក់​លុប​បឹង

ប្រជាពលរដ្ឋ​ជាង ១០០​នាក់ រស់នៅ​ក្នុង​តំបន់​បឹងកក់ បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅមុខ​សាលាក្រុង​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា ហើយ​បាន​ប្រគល់​ញត្តិ ស្នើសុំ​ឲ្យ​សាលាក្រុង​ផ្អាក​សកម្មភាព​បូម​ខ្សាច់​លុប​បឹងកក់​ដោយ​ក្រុមហ៊ុន ស៊ូកាគូ អ៊ីន ហើយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចុះ​មក​ដោះស្រាយ​បញ្ហា​ប្រាក់​សំណង​ដោយ​ផ្ទាល់​ជាមួយ​នឹង​ប្រជាពលរដ្ឋ។

0:00 / 0:00

ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ បាន​ឡើង​មក​តវ៉ា​ដោយ​ពួក​គាត់​អះអាង​នឹង​មិន​ទទួល​យក​ប្រាក់​សំណង​ដែល​ក្រុមហ៊ុន​បាន​ប្រគល់​ឲ្យ​តាមរយៈ​សាលាក្រុង​ភ្នំពេញ​ចំនួន ៨​ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ​នោះ​ឡើយ ហើយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​សំណង​សមរម្យ​ស្របតាម​តម្លៃ​ទីផ្សារ។

តំណាង​ប្រជាពលរដ្ឋ អ្នកស្រី បេ ផារ៉ុម ដែល​បាន​ចូលនាំ​យក​ញត្តិ​និង​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ជាង ៣០០​នាក់ ដាក់​ជូន​សាលាក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ពលរដ្ឋ​ដែល​នាំ​គ្នា​មក​តវ៉ា​នោះ មិន​មាន​ការទុក​ចិត្ត​ចំពោះ​ការដោះស្រាយ​របស់​សាលាក្រុង​ឡើយ។

អ្នកស្រី បេ ផារ៉ុម មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា សុំ​ឲ្យ​ក្រុមហ៊ុន​ចុះ​ផ្ទាល់​តែ​ម្ដង​ថា ឥឡូវ​យក​ប៉ុន្មាន​បាន អី​ប៉ុន្មាន។ សាលាក្រុង​គ្រាន់តែ​មាន​តួនាទី​មួយ គ្រាន់តែ​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន បាន​ជួប​គ្នា​ហើយ។ គឺ​ចង់​បាន​អ៊ីចឹង​តែ​ម្ដង។ បាន​ខ្ញុំ​ចង់​និយាយ​អ៊ីចឹង ព្រោះ​ប្រជាពលរដ្ឋ ជួនកាល​ក្រុមហ៊ុន​គេ​ឲ្យ ២​ម៉ឺន ៣​ម៉ឺន​មក ស្រាប់​ដល់​ហើយ សង្កាត់ ភូមិ​អី​ថា ឥឡូវ​គេ​ឲ្យ ៨​ពាន់​ចេញ​ទៅ»

លោក សួន រិនឌី នាយរង​ខុទ្ទកាល័យ​សាលាក្រុង​ភ្នំពេញ ដែល​ទទួល​បន្ទុក​កិច្ចការងារ​អភិវឌ្ឍន៍​បឹងកក់ បាន​មាន​ប្រសាសន៍​ថា សាលាក្រុង​បាន​ទទួល​យក​ញត្តិ​ពី​ប្រជាពលរដ្ឋ​រួច​ហើយ ហើយ​ថា ខាង​សាលាក្រុង​មិនទាន់​អាច​ផ្ដល់​ចម្លើយ​ជូន​ភ្លាម​ទេ។

លោក សួន រិនឌី មាន​ប្រសាសន៍​ថា ៖ «យើង​ទទួល​យក​ពាក្យ​ដែល​គាត់​បាន​ដាក់​មក​ហើយ ប៉ុន្តែ​អត់ទាន់​បាន​ចម្លើយ​ទេ ព្រោះ​ថ្នាក់​ដឹកនាំ អញ្ជើញ​ទៅ​រៀន​នៅ​កន្លែង​ទីស្ដីការ​អស់​ហើយ»

តំណាង​ប្រជាពលរដ្ឋ​អ្នកតវ៉ា នៅ​តំបន់​បឹងកក់ អ្នកស្រី បេ ផារ៉ុម បាន​ឲ្យ​ដឹង​ថា សាលាក្រុង​ភ្នំពេញ នឹង​ផ្ដល់​ចម្លើយ​ចំពោះ​សំណើ​របស់​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍ ហើយ​អះអាង​ថា ពួកគាត់​នឹង​ឡើង​មក​តវ៉ា​ម្ដង​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ បើ​សិន​ជា​គ្មាន​ចម្លើយ ឬ​ដំណោះស្រាយ​ពី​សាលាក្រុង​ភ្នំពេញ​នោះ។

មិន​អាច​សុំ​ការបំភ្លឺ​ពី​ប្រធាន​ក្រុមហ៊ុន ស៊ូកាគូ អ៊ីន របស់​លោក​ឧកញ៉ា ឡៅ ម៉េងឃិន ដែល​ជា​ស្វាមី​របស់​លោកស្រី ជីង សុភាព ហៅ​យាយ​ភូ នោះ​បាន​ឡើយ។

មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សូវ៉េត បាន​ឲ្យ​ដឹង​ថា វា​មិន​សមស្រប​ឡើយ​ដែល​ការផ្ដល់​ចម្លើយ ឬ​ដំណោះស្រាយ​ត្រូវ​ធ្វើ​ឡើង​ក្នុង​មួយ​សប្ដាហ៍ ក្នុង​ខណៈ​ដែល​ក្រុមហ៊ុន នៅ​តែ​បន្ត​សកម្មភាព​បូម​ខ្សាច់​លុប​បឹងកក់​នោះ។

លោក ចាន់ សូវ៉េត ថ្លែង​ដូច្នេះ​ថា ៖ «ការមក​តវ៉ា​នេះ គឺ​ចង់​ឲ្យ​ពួក​ក្រុមហ៊ុន​ហ្នឹង​ឈប់​បូម​ខ្សាច់​ចាក់​បឹង ប៉ុន្តែ​សាលាក្រុង​អត់មាន​បាន​ចេញ​ហាម​អាហ្នឹង​ទេ បែរ​ជា​ពន្យារ​ពេល​[ដោះស្រាយ]​ឲ្យ​ប្រជាជន ហើយ​បូម​នៅ​តែ​បូម​ដដែល អ៊ីចឹង​ខ្ញុំ​គិត​ថា វា​មិន​សមតុល្យ​ជាមួយ​គ្នា​ទេ បញ្ហា​នេះ»

គួរ​ជម្រាប​ថា រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ស៊ូកាគូ អ៊ីន ធ្វើការ​អភិវឌ្ឍន៍​បឹងកក់​សម្រាប់​រយៈពេល ៩៩​ឆ្នាំ លើ​ផ្ទៃដី​ចំនួន​ជិត ១៣៣​ហិកតា ដែល​ការ​អនុញ្ញាត​នេះ ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ថា បាន​រំលោភ​លើ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ដែល​ថា ការប្រគល់​បឹង​ដែល​ជា​កម្មសិទ្ធិ​រដ្ឋ ទៅ​ឲ្យ​ឯកជន គឺ​មិន​ត្រូវ​ហួស​ពី​១៥​ឆ្នាំ​ឡើយ។

ក្រុម​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ការអភិវឌ្ឍ​នេះ​នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​បរិស្ថាន​និង​ប្រជាពលរដ្ឋ​ប្រមាណ​ពី ៣.០០០ ទៅ ៤.២០០​គ្រួសារ​ដែល​រស់​នៅ​ជុំវិញ​បឹងកក់​នោះ៕