អ្នក​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​រក​អន្តរាគមន៍​​​ដើម្បី​ដោះ​លែង​អ្នក​បឹង​កក់

អ្នក​ភូមិ​បឹង​កក់ ព្រម​ទាំង​តំណាង​សហគមន៍​ធ្លាប់​រង​គ្រោះ​ក្នុង​ទំនាស់​ដី​ធ្លី និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល សរុប​ជិត ២០០​នាក់ បាន​ជួប​ប្រជុំ​គ្នា​នៅ​ខាង​មុខ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា ដើម្បី​ដាក់​ញត្តិ​​ជូន​រដ្ឋ​សភា​ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​តំណាង​ពួក​គេ ១៥​នាក់​ចេញ​ពី​ពន្ធនាគារ​ព្រៃស។

0:00 / 0:00

ក្រុម​អ្នក​តវ៉ា​ដែល​មក​ពី​តំបន់​បឹង​កក់ ប្លុក​បុរី​កីឡា អតីត​ដី​ក្រហម សំបុក​ចាប និង​​សហគមន៍​​​ជា​ច្រើន​ទៀត ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ទាំង​​​បង្ខំ​កន្លង​ទៅ រួម​នឹង​អង្គការ សមាគម​ជាតិ និង​អន្តរជាតិ បាន​ទាមទារ​អោយ​រដ្ឋសភា​អន្តរាគមន៍ ដោះលែង​តំណាង​អ្នកភូមិ​បឹង​កក់ អោយ​បាន​មុន​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ដែល​នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា។

តំណាង​អ្នក​ភូមិ​បឹង​កក់​ម្នាក់ អ្នកស្រី យ៉ម បុបា្ផ មាន​ប្រសាសន៍​ថា ប្រសិន​បើ​អ្នក​ទាំង ១៥​នាក់ មិន​បាន​ចូលរួម​បោះ​ឆ្នោត នោះ​នឹង​មាន​ផល​ប៉ះពាល់​ទៅ​ដល់​សំឡេង​ឆ្នោត​ដទៃ​ទៀត​ដែល​គាំទ្រ​ពួក​គេ។

ក្រុម​អ្នក​តវ៉ា​បាន​កាន់​ផ្កា​ឈូក​គ្រប់​ដៃ លើក​បង្ហាញ​បដា​ធំ​តូច​ជា​ច្រើន​ដែល​សរសេរ​ថា ដោះលែង​តំណាង​ទាំង ១៥​នាក់ អាម៉ាស់​ណាស់ ចោរ​លួច​ដី​រួច​ខ្លួន ម្ចាស់​ដី​ជាប់​គុក និង​ពួកគេ​ត្រូវ​ការ​យុត្តិធម៌​ជា​ដើម។ ស្រប​គ្នា​នេះ​ក៏​បាន​ច្រៀង​ចម្រៀង​ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។

បន្ទាប់​ពី​បាន​តវ៉ា​អស់​មួយ​រយៈ​ពេល តំណាង​អ្នក​ភូមិ​បឹង​កក់​ចំនួន ៥​នាក់​ត្រូវ​អនុញ្ញាត​អោយ​នាំ​យក​ញត្តិ​ចូល​ទៅ​ដាក់​នៅ​ក្នុង​វិមាន​រដ្ឋសភា។ ពួក​គេ​អះអាង​ថា តំណាង​រដ្ឋសភា​បាន​ទទួល​យក​ញត្តិ​នោះ ទៅ​ពិចារណា។

ប្រធាន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា លោក ជាម យៀប មាន​ប្រសាសន៍​ថា រដ្ឋសភា​កំពុង​ពិនិត្យ​ករណី​នេះ និង​ថា ស្ថាប័ន​នេះ​ពុំ​មាន​សមត្ថកិច្ច​អន្តរាគមន៍​ដោះ​លែង​អ្នក​ទោស​នោះ​ទេ គឺ​គ្រាន់​តែ​អាច​ស្រាវ​ជ្រាវ និង​ស្នើ​អោយ​ស្ថាប័ន​ពាក់​ព័ន្ធ ពិនិត្យ​ករណី​នេះ​ឡើង​វិញ។

អ្នកភូមិ​បឹង​កក់​ស្ត្រី​ជា​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣​នាក់​​ត្រូវ​បាន​កង​កម្លាំង​អាជ្ញាធរ​ចាប់​កាល​ពី​ថ្ងៃ​ពី​ថ្ងៃ​ទី​២២ ឧសភា និង​ត្រូវ​កាត់​អោយ​មាន​ទោស ២ឆ្នាំ​កន្លះ​ម្នាក់​ពី​បទ​រំលោភ​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​អចលនវត្ថុ​របស់​នីតិបុគ្គល​សាធារណៈ និង ​បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់​ទោស។ ចំណែក​តំណាង​ពីរ​នាក់​ទៀត​ក៏​ត្រូវ​ចាប់​ខ្លួន​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ខណៈ​ពួក​គេ​កំពុង​រៀបចំ​ឯកសារ​ធ្វើ​សក្ខីកម្ម​អោយ​តំណាង ១៣​នាក់ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា។

យុវជន ចាន់ រតនៈដុល្លា អាយុ ១៩​ឆ្នាំ កូន​អ្នក​ភូមិ​បឹង​កក់​ម្នាក់ បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា គេ​សុំ​អោយ​អាជ្ញាធរ​ពាក់​ព័ន្ធ​ដោះលែង​ម្ដាយ​គេ​មក​វិញ ព្រោះ​ពួក​គេ​ដែល​ជា​កូន​កំព្រា​ចំនួន ៥​នាក់​កំពុង​រស់​នៅ​គ្មាន​ទីពឹង​ទេ។

ក្នុង​ការ​តវ៉ា​នេះ​ដែរ បុរស​ចំណាស់​ជា​អ្នក​ភូមិ​ម្នាក់​ឈ្មោះ ដួង ឈើត បាន​កោរសក់​បន់​ស្រន់​អោយ​អ្នក​តំណាង​ទាំង ១៥​នាក់​មាន​សេរីភាព។

មន្ត្រី​​ស៊ើបអង្កេត​នៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា រដ្ឋសភា​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ ព្រោះ​ស្ថាប័ន​នេះ​មាន​សមត្ថកិច្ច​ចោទ​សួរ​ទៅ​រដ្ឋាភិបាល​ចំពោះ​គម្រោង​អភិវឌ្ឍន៍​នានា។

ក្រុម​អ្នក​តវ៉ា បាន​ព្រមាន​ទុក​ថា ពួកគេ​នឹង​បន្ត​ការ​តវ៉ា ប្រសិន​បើ​ពុំ​មាន​ដំណោះ​ស្រាយ​សម្រាប់​ពួកគេ និង​ថា ការ​តវ៉ា​បែប​នេះ​អាច​នឹង​រីក​កាន់​តែ​ធំៗ​ឡើង​ៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។