អ្នកបឹងកក់ខកចិត្តនៅពេលដែលពួកគេត្រូវកម្លាំងសមត្ថកិច្ច ហាមប្រាមមិនអោយដើរក្បួននាំយកញត្តិទៅជូនលោកនាយករដ្ឋមន្ត្រីដល់ខាងមុខផ្ទះ។ ក្រុមអ្នកភូមិបានស្រែកដង្ហោយហៅរកជំនួយអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីពីចម្ងាយ គឺពីទីតាំងដែលអាជ្ញាធរបានដាក់រនាំង និងពង្រាយកម្លាំងប្រមាណ ៥០នាក់ ស្ទាក់ចាំអ្នកបឹងកក់ ដែលស្ថិតនៅជ្រុងខាងកើតសួនច្បារវិមានឯករាជ្យក្បែរនាគបាញ់ទឹក។
ស្រ្តីអ្នកភូមិបឹងកក់ម្នាក់បានសុំអង្វរសមត្ថកិច្ចអោយអនុញ្ញាត្តអោយពួកគេប្រមាណ ១០០នាក់នោះបានដើរហែយកទៅប្រគល់អោយមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី។ តំណាងរូបនោះបញ្ជាក់ថា គេចង់បានដំណោះស្រាយសម្រាប់អ្នកតំណាង ១៥នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស គឺពួកជាប់ឃុំដោយពុំមានកំហុស។
បើទោះជាពុំបានអនុញ្ញាតអោយអ្នកភូមិបឹងកក់ បានយកញត្តិទៅខាងមុខផ្ទះលោកនាយករដ្ឋមន្ត្រី ក៏ពិតមែនក៏មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន នៅរង់ចាំទទួលយកញត្តិនៅក្រោមដើមពោធិ៍ខាងមុខវត្តបទុមវតី។
បើទោះជាបែបណា ក្រុមអ្នកភូមិនៅតែទទូចធ្វើដំណើរទៅខាងមុខផ្ទះលោកនាយករដ្ឋមន្ត្រី។ ភ្លាមៗនោះ គេបានព្រមានអ្នកភូមិថា បើនៅតែរឹងទទឹង គេនឹងចាត់វិធានការតាមច្បាប់។
ក្រុមអ្នកភូមិបឹងកក់បានសម្រេចចិត្តរំសាយការតវ៉ា នៅពេលដែលស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជូនឡានមកត្រៀមសម្រាប់ដឹកអ្នកតវ៉ា ប្រសិនបើឈានដល់ការចាប់ខ្លួន។
ភូមិកក់ម្នាក់ អ្នកស្រី បូ ឆវី មានប្រសាសន៍ថា ពួកគាត់ចង់យកញត្តិទៅដល់ផ្ទះលោកនាយករដ្ឋមន្ត្រី ដោយហេតុថា ពួកគេ បានប្រគល់ញត្តិទៅអោយមន្ត្រីខុទ្ទកាល័យនៅក្រោមដើមពោធិ៍ខាងមុខវត្តបទុមវតីនោះច្រើនដងមកហើយនៅតែគ្មានដំណោះស្រាយ។ អ្នកស្រីចាត់ទុកការរារាំងរបស់អាជ្ញាធរគឺជាចេតនាបិទបាំងព័ត៌មានពីទង្វើអាក្រក់របស់មន្រ្តីថ្នាក់ក្រោម មិនអោយនាយករដ្ឋមន្ត្រីបានដឹង។
អ្នកស្រី បូ ឆវី បន្តថា ពួកគេត្រូវការដំណោះស្រាយបន្ទាន់ ដែលអាចជួយអោយអ្នកភូមិទាំង ១៥នាក់រួចទោស ដ្បិតអ្នកដែលបានតវ៉ាដោយអត់អាហារនៅក្នុងពន្ធនាគារនោះ មានសុខភាពទ្រុឌទ្រោមដែលពុំអាចអោយពួកគេទ្រាំទ្របានយូរឡើយ។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលបានចាត់ទុកការរារាំងអ្នកភូមិបឹងកក់ ថាជាការរំលោភសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងបានជំរុញអោយមានការយកចិត្តទុកដាក់នាំយកញត្តិពួកគេទៅដល់លោកនាយករដ្ឋមន្ត្រី។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការស្នើសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី គឺជាជម្រើសចុងក្រោយដែលពួកគេគិតថា អាចផ្ដល់ដំណោះស្រាយជួយអ្នកតំណាងពួកគេមកវិញ។
ប្រភពពីអ្នកភូមិបានអោយដឹងថា មកដល់ពេលនេះ មានតំណាងអ្នកបឹងកក់ចំនួន ៧នាក់ហើយបានតវ៉ាដោយអត់អាហារក្នុងពន្ធនាគារ ហើយពួកគេមួយចំនួនបានចាប់ផ្ដើមទ្រុឌទ្រោមសុខភាពហើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
