តំណាងអ្នកបឹងកក់ លោកស្រី ទេព វន្នី មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅខាងមុខស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកក្កដា ថា ពួកគេដាក់លិខិតថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតនៃបណ្ដាស្ថានទូតនានាប្រចាំនៅកម្ពុជា និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលបានអន្តរាគមន៍ជួយពួកគេអោយមានសេរីភាពពីពន្ធនាគារ។
ស្របគ្នានេះពួកគេអំពាវនាវដល់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន និងបណ្ដាស្ថានទូត ជួយអោយតុលាការនៅកម្ពុជា ទម្លាក់នូវទោសកំហុសរបស់អ្នកតំណាងពួកគេទាំង ១៣នាក់ និងជំរុញអោយអាជ្ញាធរវាស់វែងដីធ្លីទំហំ ១២,៤៤ហិកតារ ដែលរដ្ឋាភិបាលបានប្រគល់អោយ។
ការអំពាវរបស់អ្នកភូមិបឹងកក់ ធ្វើឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន គ្រោងនឹងមកដល់កម្ពុជា នៅរសៀលថ្ងៃទី១១ ខែកក្កដា ដើម្បីចូលរួមវេទិកាអាស៊ាន។
អ្នកបឹងកក់បានដាក់លិខិតថ្លែងអំណរគុណ និងសំណើរបស់គេនៅស្ថានទូតសហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស បារាំង និងសហគមន៍អឺរ៉ុប។ នេះជាការចេញតវ៉ាលើកទី១ហើយ បន្ទាប់ពីអ្នកភូមិបឹងកក់ចំនួន ១៣នាក់ត្រូវដោះលែងពីពន្ធនាគារព្រៃសរ។ ពួកគេនៅតែអះអាងថា នឹងកៀរគរការគាំទ្រពីសំណាក់សហគមន៍នានា អោយចូលរួមការតវ៉ាជាមួយពួកគេរហូតដល់ទទួលបានដំណោះស្រាយដូចការទាមទារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
