តំណាង​អ្នក​ភូមិ​បឹងកក់​​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព

តំណាង​អ្នក​ភូមិ​បឹង​កក់​ប្រមាណ ២០​នាក់ បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ភូមិ​២២ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១២ ដើម្បី​បង្ហាញ​ពី​បញ្ហា​អសន្តិសុខ​ដែល​បាន​កើត​មាន​ឡើង​ចំពោះ​តំណាង​អ្នក​ភូមិ​ដែល​បាន​តវ៉ា​ក្នុង​ជម្លោះ​ដី​ធ្លី​នៅ​តំបន់​នោះ។

0:00 / 0:00

ពួកគេ​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​ថា ធ្វេសប្រហែស​មិន​យកចិត្ត​ទុកដាក់​ដោះ​ស្រាយ​បញ្ហា​អសន្តិសុខ​ក្នុង​ភូមិ ប៉ុន្តែ​បាន​ចំណាយ​ពេល​វេលា​តាម​ដាន​សកម្មភាព​ពលរដ្ឋ ដែល​​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​ទាក់​ទិន​នឹង​បញ្ហា​ដី​ធ្លី​ទៅវិញ។

ក្រុម​អ្នក​ភូមិ​បាន​ហៅ​សកម្មភាព​តាម​ដាន​ពួក​គេ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ដោយ​មិន​បាន​ចាត់​វិធាន​ការ​ដោះស្រាយ​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់​បឹង​កក់​ថា កំពុង​បង្ហាញ​ដល់​សាធារណៈ​មតិ​ជាតិ អន្តរជាតិ អំពី​អសមត្ថភាព និង​ការ​ខ្លាច​ប៉ះពាល់​មុខ​មាត់​ជា​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន។

ពួកគេ​បាន​ដាក់​លិខិត​ទៅ​ក្រសួង​មហា​ផ្ទៃ ការិយាល័យ​ឧត្ដម​ស្នង​​ការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​បណ្ដា​ស្ថានទូត​ប្រទេស​ធំៗ​មួយ​ចំនួន។ ក្នុង​នោះ​បញ្ជាក់​ថា តំណាង​អ្នក​ភូមិ​បឹង​កក់ ៥​នាក់ កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដោយសារ​តែ​មាន​មនុស្ស​ការ​ឃ្លាំ​មើល​សកម្មភាព​របស់​ពួក​គេ​គ្រប់​ពេល​វេលា។

តំណាង​ទាំង ៥​នាក់​នោះ​មាន អ្នកស្រី ទេព វន្នី អ្នកស្រី តុល ស្រីពៅ អ្នកស្រី បូ ឆវី អ្នកស្រី គង់ ចន្ថា និង​អ្នកស្រី ផាន់ ឈុនរ៉េត។

តំណាង​អ្នក​ភូមិ​បឹង​កក់​អ្នកស្រី ហេង មុំ អោយ​ដឹង​ថា ការ​ព្រួយ​បារម្ភ​បាន​កើត​ឡើង​នៅ​ពេល​ដែល​បញ្ហា​អសន្តិសុខ​ជា​ច្រើន​បាន​កើត​ឡើង​ចំពោះ​តំណាង​អ្នក​ភូមិ​បឹង​កក់ ក៏​ដូច​ជា​ក្រុម​គ្រួសារ​ពួកគេ។

អ្នកស្រី​បន្ត​ថា ក្នុង​ពេល​ថ្មីៗ​នេះ​មាន​អំពើ​ចោរកម្ម​កើត​ឡើង​ក្នុង​ភូមិ​ជា​ញឹកញាប់ ប៉ុន្តែ​មិន​ឃើញ​អាជ្ញាធរ​កាត់​វិធាន​ការ​អោយ​មាន​ប្រសិទ្ធភាព​ទេ។ ផ្ទុយ​ទៅ​វិញ​គេ​បាន​ចំណាយ​ពេល​វេលា និង​មនុស្ស​ជា​ច្រើន​នាក់​ក្នុង​ការ​តាម​ដាន​តំណាង​អ្នក​ភូមិ​បឹង​កក់។

អ្នកស្រី​បន្ត​ថា នេះ​ជា​រូបភាព​នៃ​ការ​គំរាម​​កំហែង​ថ្មី​មួយ​ទៀត​ចំពោះ​ ​អ្នក​តស៊ូ​ក្នុង​ជម្លោះ​ដី​ធ្លី៖ «អ្នក​ដែល​លួច​ប្លន់​ខ្ញុំ​មិនដែល​ឃើញ​អាជ្ញាធរ​ណា​ចាប់​បាន​ជន​ហ្នឹង​យក​មក​ផ្ដន្ទា​ទោស​សោះ! បែរ​ជា​មក​ចាប់​តែ​អ្នក​ទោស​ដី​ធ្លី​ អ្នក​ទោស​ដែល​គេ​ប្លន់​ដីធ្លី​ទៅ​វិញ។ រស់​នៅ​ក្នុង​តំបន់​បឹង​កក់​សព្វ​ថ្ងៃ​ភ័យ​ខ្លាច។ ភ័យ​ខ្លាច​គំនាប​ពី​រដ្ឋាភិបាល​ពី​អាជ្ញាធរ​ផង ភ័យ​ខ្លាច​ចោរ​ឆក់​ចោរ​ប្លន់​វ៉ៃ​ដំ​ច្រំ​ធាក់»

តំណាង​អ្នក​ភូមិ​បឹង​កក់​ម្នាក់​ទៀត អ្នកស្រី ទេព វន្នី បាន​ទទូច​អោយ​អាជ្ញាធរ​បញ្ឈប់​ការ​តាម​ដាន​អ្នក​ភូមិ​បឹង​កក់ ហើយ​ងាក​មក​ផ្ដល់​ដំណោះ​ស្រាយ​ដល់​ពួកគេ​វិញ។ អ្នកស្រី​បន្ត​ដោយ​ព្រមាន​ជាមុន​ថា ប្រសិន​បើ​មាន​គ្រោះ​ថ្នាក់​ចៃដន្យ​ណា​មួយ​បាន​កើត​ឡើង​ចំពោះ​ពួក​គេ​ទាំង ៥​រូប នោះ​គឺ​ពិតជា​មាន​ពាក់​ព័ន្ធ​នឹង​អាជ្ញាធរ​ដែល​ព្យាយាម​រារាំង​ពួក​គេ​មិន​អោយ​ទាមទារ​ដំណោះស្រាយ​សម្រាប់​អ្នក​ភូមិ​បឹង​កក់៖ «ប្រជាពលរដ្ឋ​បាន​យល់​អស់​ហើយ មិន​ចាំ​បាច់​មក​បំបាក់​ស្មារតី​របស់​ពួក​ខ្ញុំ​ទៀត​ទេ។ បើ​សិន​ជា​ពួក​ខ្ញុំ​ខ្លាច​ស្លាប់ គឺ​ពួក​ខ្ញុំ​មិន​បាន​តវ៉ា​ដល់​ថ្ងៃ​នេះ​ទេ។ ពួក​ខ្ញុំ​នៅ​តែ​តវ៉ា​ដល់​ថ្ងៃ​ស្លាប់​បើ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ»

ក្រុម​អ្នក​ភូមិ​ប្រទេច​ផ្ដាសា​ដល់​មន្ត្រី​ស្លៀកពាក់​ស៊ីវិល​ជា​ច្រើន​នាក់ ដែល​ចូល​ទៅ​ឃ្លាំ​មើល​សកម្មភាព​ពួកគេ។ មន្ត្រី​ម្នាក់​ក្នុង​ចំណោម​នោះ​ដែល​អ្នក​ភូមិ​ស្គាល់​ថា ជា​មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្រះ​ចក ឈ្មោះ លោក តាន់ វណ្ណៈ មិន​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ ដោយ​និយាយ​យ៉ាង​ខ្លី​ថា​លោក​ជាប់​រវល់។

ស្រប​គ្នា​នេះ​ក្រុម​អ្នក​ភូមិ​បឹង​កក់​បាន​សរសេរ​បដា​មួយ​ចំនួន​ ដែល​ជា​ការ​អំពាវ​នាវ​អោយ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ប្រធាន​កិច្ច​ប្រជុំ​អាស៊ាន ចាត់​វិធាន​ការ​បោះ​ព្រំ​ដី​ទំហំ ១២,៤៤​ហិកតារ ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំ​រ៉ៃ​ក្នុង​តំបន់​នេះ។ ជាមួយគ្នា​នេះ​ក៏​បាន​ស្នើ​អោយ​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​បណ្ដេញ​ពលរដ្ឋ​ពី​លំនៅ​ឋាន​តាម​គ្រប់រូប​ភាព។

មន្ត្រី​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត។ លោក​មាន​ប្រសាសន៍​ថា នេះ​ជា​រូប​ភាព​ថ្មី​មួយ​ទៀត​នៃ​ការ​គំរាម​កំហែង​របស់​អាជ្ញាធរ​ទៅ​លើ​សកម្ម​ជន​ទាមទារ​សិទ្ធិ​ដី​ធ្លី៖ «ការពារ​សន្តិសុខ​សុវត្ថិភាព​ជា​កាតព្វកិច្ច​របស់​សមត្ថកិច្ច នៅ​កន្លែង​​ណា​ដូច​កន្លែង​ណា​គាត់​ត្រូវ​តែ​ការពារ​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការ​រើស​អើង ឬ​ក៏​មាន​ការ​គំរាម​កំហែង​ណា​មួយ​ដល់​ប្រជាពលរដ្ឋ​ទេ»

អ្នក​ភូមិ​បឹង​កក់​បាន​តវ៉ា​ជា​ច្រើន​ខែ​មក​ហើយ​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​កាត់​ដី​ទំហំ​១២,៤៤​ហិកតារ អោយ​ពួក​គេ​អភិវឌ្ឍន៍​នៅ​ហ្នឹង​កន្លែង។ ពួក​គេ​ទាម​ទារ​អោយ​អាជ្ញាធរ​បោះ​បង្គោល​ព្រំ​ដី​បញ្ជាក់​តំបន់​ដែល​ពួក​គេ​ត្រូវ​ទទួល​បាន ព្រម​ទាំង​ដក​ឈ្មោះ​ក្រុមហ៊ុន និង​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត ចេញ​ពី​តំបន់​នេះ និង​បញ្ចូល​ប្រជា​ពលរដ្ឋ​ជាង ៩០​គ្រួសារ​ដែល​ត្រូវ​កាត់​ចេញ​អោយ​ទទួល​បាន​ចំណែក​ដី​ដែល​រដ្ឋាភិបាល​ប្រគល់​អោយ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។