អ្នក​ភូមិ​នៅ​បឹង​កក់​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ផ្ទះ​បាក់​ដោយ​សារ​ការ​បូម​ខ្សាច់

ប្រជាជន​ដែល​មាន​លំនៅ​ក្នុង​តំបន់​បឹង​កក់ ប្រមាណ​១០០​នាក់ មក​ពី​ភូមិ​លេខ​២ និង​លេខ​៤ បាន​សុំ​ឲ្យ​សាសា​ខណ្ឌ​ដូនពេញ​ជួយ​ដំណោះ​ស្រាយ​បញ្ហា​ក្រុមហ៊ុន​ស៊ូកាគូ បូម​ខ្សាច់​ចាក់​បំពេញ​បឹងកក់​ដើម្បី​អភិវឌ្ឍ​បាន​ធ្វើ​ឲ្យ​ផ្ទះ​អ្នក​ភូមិ​មួយ​ចំនួន​បាក់​ចូល​ទឹក និង​ខ្លះ​ទៀត​កំពុង​ទ្រេត​ចង់​រលំ។

0:00 / 0:00

បុរស​ឈ្មោះ តាំង សុទ្រី រស់​នៅ​ភូមិ​២ ឲ្យ​ដឹង​ថា ផ្ទះ​នៅ​ក្នុង​ទឹក​បឹងកក់​កំពុង​ទ្រេត​ចង់​រលំ​ដោយ​ការ​បូម​ខ្សាច់​ចាក់​លុប​នោះ។ ទើប​នាំ​គ្នា​ទាំង​២​ភូមិ ទៅ​សុំ​អន្តរាគមន៍​ពី​អភិបាល​ខណ្ឌ។

ទាក់ទង​នឹង​បញ្ហា​នេះ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នា​ពេល​កន្លង​មក អភិបាល​ខណ្ឌ​បាន​បង្ហាញ​ជម្រើស​៣ ទី​១ អភិវឌ្ឍ​នៅ​នឹង​កន្លែង ដូច​សហគមន៍​បុរី​កីឡា ទី​២ ឲ្យ​យក​ប្រាក់ ២​លាន​រៀល និង​ផ្ទះ​ផ្ទាល់​ដី​១​ល្វែង នៅ​ខណ្ឌ​ដង្កោ ទី​៣ ឲ្យ​ប្រាក់ ៨​ពាន់​ដុល្លារ និង​ប្រាក់ ២​លាន​រៀល សាលា​ក្រុង​ឧបត្ថម្ភ​សម្រាប់​រុះ​រើ បើ​អ្នក​ស្ម័គ្រ​ចាក​ចេញ​តាម​ជម្រើស​ណា​មួយ ត្រូវ​ប្រាប់​ទៅ​សាលា​ខណ្ឌ។

លោក តាំង សុទ្រី បន្ត​ថា គាត់​ព្រម​ចាក​ចេញ​យក​ប្រាក់​៨​ពាន់​ដុល្លារ និង​ប្រាក់​២​លាន​រៀល ប៉ុន្តែ​ខាង​ក្រុមហ៊ុន​មិន​ឲ្យ​ប្រាក់​ដូច​ការ​សន្យា ៖ «សម្រេច​សម្រួល ខ្ញុំ​ទៅ​យក​លុយ គេ​ឲ្យ​តែ ៤​ពាន់ ហើយ​ខ្ញុំ​សួរ​ថា ហេតុ​អ្វី​ឲ្យ​ខ្ញុំ​តែ ៤​ពាន់? ថា​ផ្ទះ​ខ្ញុំ​ហ្នឹង​សង់​ក្រោយ​ថ្ងៃ​របស់​គេ​កំណត់»

អ្នកស្រី ឆេង ហុង អះអាង​ថា ក្រុម​គ្រួសារ​គាត់​មាន​ផ្ទះ​៣។ ផ្ទះ​១ សង់​ពី​ស័ង្កសី ក្រាល​ក្តារ បាន​រលំ​ចូល​ទឹក​ថ្មីៗ​នេះ ដោយ​ខ្សាច់​របស់​ក្រុមហ៊ុន ស៊ូកាគូ បំ​បាក់​សសរ។ ផ្ទះ​នោះ គាត់​យល់​ព្រម​រើ​ចេញ​តាម​ការ​ចរចា​ជាមួយ​អភិបាល​ខណ្ឌ​កាល​ពី​ថ្ងៃ​ច័ន្ទ។ ប៉ុន្តែ​នៅ​ពេល​គាត់​មក​ដល់​ផ្ទះ អ្នក​ធ្វើការ​ក្រុមហ៊ុន ស៊ូកាគូ ប្រាប់​ថា ផ្ទះ​ដែល​រលំ​នោះ​ឲ្យ​តែ ២​លាន​រៀល​ទេ ឯ​ផ្ទះ​២​ទៀត ជា​ចំណែក​កូន​និង​ក្មួយ គេ​ថា ចាំ​សាលា​ក្រុង​សម្រេច។

អ្នកស្រី ឆេង ហុង ថ្លែង​យ៉ាង​ដូច្នេះ ៖ «តែ​ខ្ញុំ​នឹក​ឃើញ​ថា ផ្ទះ​ខ្ញុំ​វា​បាក់ បាន​ជា​ខ្ញុំ​យល់​យោគ​ថា​តម្លៃ​ប៉ុណ្ណឹង តែ​ដល់​ពេល​មិន​ព្រម​ឲ្យ គេ​ឲ្យ​ខ្ញុំ​តម្លៃ​២​លាន»

អភិបាល​ខណ្ឌ​ដូនពេញ លោក សុខ សម្បត្តិ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២៨ កក្កដា ២០០៩ ថា អាជ្ញាធរ​នឹង​នាំ​អ្នក​រស់​នៅ​តំបន់​បឹងកក់​ទៅ​មើល​ផ្ទះ​ផ្ទាល់​ដី​នៅ​ខណ្ឌ​ដង្កោ​នោះ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា នឹង​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ពេញ​ចិត្ត​ទេ។

អភិបាល​រង​រាជ​ធានី​ភ្នំពេញ លោក ម៉ាន់ ឈឿន មាន​ប្រសាសន៍​ថា កន្លង​មក អ្នក​រស់នៅ​តំបន់​បឹង​កក់ ស្ម័គ្រ​ចិត្ត​ចាក​ចេញ​ច្រើន​គ្រួសារ។ លោក​បាន​បញ្ជាក់​ថា ការ​ប្រជុំ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ កក្កដា ឆ្នាំ​២០០៩ អាច​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ច្រើន ប៉ុន្តែ​ចំនួន​ប៉ុន្មាន​គ្រួសារ​មិន​ទាន់​ច្បាស់​នៅ​ឡើយ។

លោក ម៉ាន់ ឈឿន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ថ្នាក់​នេះ គឺ​ថ្នាក់​មូលដ្ឋាន​ដែល​គេ​អនុវត្ត​ហើយ​គេ​បញ្ជូន​មក​លើ គាត់​អត់​ទាន់​រាយការណ៍​ជូន​មក​ដល់​លើ​ទេ»

នាយក​លេខាធិការ​ដ្ឋាន​នៃ​អង្គការ​សិទ្ធិ​លំនៅ​ឋាន លោក សៀ ភារម្យ ថ្លែង​ថា ការ​អភិវឌ្ឍ​ត្រូវ​មាន​ការ​យល់​ព្រម​ទាំង​សង​ខាង ប៉ុន្តែ​ការ​ប្រជុំ​កាល​ពី​ថ្ងៃ​ច័ន្ទ ហាក់​ដូច​ជា​បង្ខំ​ជន​រង​គ្រោះ​ឲ្យ​ទទួល​យក​ការ​កំណត់​របស់​គេ​ទៅ​វិញ។

លោក​បាន​ឲ្យ​ដឹង​ថា ជម្លោះ​ដី​អភិវឌ្ឍន៍​នៅ​តំបន់​បឹងកក់​មាន​ទំហំ ១៣៣​ហិកតារ ពាក់​ព័ន្ធ​នឹង​ប្រជាជន ១០​ភូមិ ចំនួន​ប្រមាណ ៤​ពាន់​គ្រួសារ។ ជម្លោះ​បាន​ចាប់​ផ្តើម​ខ្លាំង​តាំង​ពី​ឆ្នាំ​២០០៧ ក្រោយ​ពេល​ក្រុមហ៊ុន ស៊ូកាគូ បាន​ច្បាប់​អនុញ្ញាត​វិនិយោគ​៩៩​ឆ្នាំ ហើយ​បាន​បូម​ខ្សាច់​ចាក់​លុប​បឹង​កក់​នោះ៕