សាក្សីអះអាងថា មន្ត្រីប៉ូលិសបានទាត់ និងវាយក្រុមអ្នកតវ៉ា ដែលភាគច្រើនជាស្ត្រីចំនួនប្រមាណ ១០០នាក់ កាលពីម៉ោង ៩ព្រឹក ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១២ ខណៈដែលក្រុមអ្នកតវ៉ាព្យាយាមឆ្លងកាត់ផ្លូវនរោត្តម ទៅដាក់ធនាគារពិភពលោក និងសហភាពអឺរ៉ុប ដោយក្រុមប៉ូលិសបានឃាត់ និងវាយទៅលើក្រុមអ្នកតវ៉ាតែម្ដង។
អ្នកស្រី ទេព វន្នី បានចោទថា មន្ត្រីប៉ូលិសបានប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងក្រុមអ្នកតវ៉ាជាស្ត្រី៖ «គាត់ដាក់កម្លាំងពេញហ្នឹង។ យកឡានស្នងការ ឡានចាប់មនុស្ស ចាប់ពួកជនឧក្រិដ្ឋ លក់គ្រឿងញៀន អ្នកសម្លាប់មនុស្សហ្នឹង យកមកចាប់ពួកខ្ញុំ យកកម្លាំងមករាប់រយនាក់។ គាត់រារាំងដាច់ខាតមិនឲ្យពួកខ្ញុំយកញត្តិដាក់។ យើងសុំបើកផ្លូវដើម្បីឲ្យពួកខ្ញុំចូល គេមិនព្រមបើក ហើយរុញមក ប្រជាជនរុញវិញ រុញទៅរុញមក គេចាប់កាច់ដៃ ឈូស គេកម្លាំងប្រុសៗខ្លាំង គេមានប្រដាប់ឆក់ មានខែល ហើយដៃទទេ។ របួសធ្ងន់ធ្ងរដែរ ដូចអ៊ំ សួង សាម៉ៃ ដៃឆ្វេងគាត់ដូចបាក់ឆ្អឹង ខៀវកម្រើកលែងកើត...»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីភាគីប៉ូលិស ជុំវិញហេតុការណ៍នេះបានទេ។
ធនាគារពិភពលោកកាលពីឆ្នាំ២០១១ បានព្រមានផ្អាកជំនួយទាំងស្រុងដល់ប្រទេសកម្ពុជា ប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយជម្លោះដីតំបន់បឹងកក់ ឲ្យមានប្រសិទ្ធភាព។ ធនាគារពិភពលោកបានផ្ដល់ប្រាក់ប្រមាណ ២៤លានដុល្លារ ដើម្បីពង្រឹងសិទ្ធិដីធ្លីនៅកម្ពុជា ប៉ុន្តែកម្មវិធីនេះបានផ្ដល់ផលវិជ្ជមានតិចតួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
