ការប៉ះទង្គិចគ្នាដោយអាវុធនោះ មានរយៈពេលប្រហែល ១០ នាទី នៅចម្ងាយប្រមាណ ២ គីឡូម៉ែត្រ ភាគខាងលិចច្រកព្រំដែនអានសេះ និងភាគខាងត្បូងឆៀងខាងកើត ចម្ងាយប្រមាណជាង ៣០ គីឡូម៉ែត្រ ពីតំបន់ប្រាសាទព្រះវិហារ។
ប្រភពពីកងទាហានខ្មែរមួយរូបនៃតំបន់ប្រតិបត្តិការសឹកខេត្តព្រះវិហារ ដែលប្រចាំការនៅតំបន់នោះ បានឱ្យដឹងថា ការប៉ះទង្គិចគ្នាដោយអាវុធនោះ បានកើតឡើងនៅពេលដែលកងការពារព្រំដែនខ្មែរចំនួន ៧ នាក់ បានដើរល្បាតតាមបន្ទាត់ព្រំដែន ដើម្បីរារាំងសកម្មភាពប្រជាពលរដ្ឋខ្មែរមួយចំនួន កុំឱ្យលួចឆ្លងដែនចូលទៅកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ។
សំឡេង៖ «យើងដើរល្បាត។ សភាពការណ៍ប៉ុន្មានថ្ងៃមុន ពួកអ្នកស្រុកច្រើន គឺយើងកំពុងការពារកុំឱ្យឡើង (ទៅកាប់ឈើខុសច្បាប់) នៅមុខតំបន់ឈើទាលគង តាទុំ។ ទាហានពួកវានៅទល់មុខយើង វាលួចបាញ់ ព័ទ្ធបាញ់តែម្ដង»។
ប្រភពពត៌មានដដែល បានឱ្យដឹងទៀតថា ទាហានខ្មែរម្នាក់រងរបួស។ ក៏ប៉ុន្តែ គេមិនទាន់ដឹងច្បាស់ថា ទាហានថៃរងរបួសចំនួនប៉ុន្មាននាក់ដែរឬទេ។
ទោះយ៉ាងណាក្ដី មន្ត្រីយោធាខ្មែរសំខាន់ៗ ជាច្រើនរូប ដែលមានតួនាទីគ្រប់គ្រងតាមបន្ទាត់ព្រំដែន ទីនោះ បានព្យាយាមមិនបង្ហើបឱ្យដឹងព័ត៌មាននេះទេ កាលពីរសៀលថ្ងៃអាទិត្យ ទី ២៩ ខែមេសា ឆ្នាំ ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។