មន្ត្រី​រដ្ឋាភិបាល​៖ បក្ស​ប្រឆាំង​អាច​ប្រឈម​នឹងផ្លូវ​ច្បាប់​ក្នុង​រឿង​ព្រំដែន

មន្ត្រី​រដ្ឋាភិបាល​​ឲ្យ​ដឹង​ថា ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​អាច​នឹង​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់​បន្ត​ទៀត បើ​សកម្មភាព​តំណាង​រាស្ត្រ​ទាំង​នោះ​ឈាន​ដល់​ការ​បំផ្លាញ​បង្គោល ឬ​តម្រុយ​ព្រំដែន​របស់​គណៈ​កម្មការ​ព្រំដែន​ដែល​បាន​បោះ​កន្លង​មក។

0:00 / 0:00

លោក វ៉ា គឹម​ហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈ​ធម្មាធិការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ថា សមាជិក​សភា​គណបក្ស​សម​រង្ស៊ី អាច​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់ បើ​សកម្មភាព​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន របស់​តំណាង​រាស្ត្រ​ទាំង​នោះ បាន​បំផ្លាញ​តម្រុយ ឬ​បង្គោល​ព្រំដែន ដែល​មន្ត្រី​ជំនាញ​បាន​បោះ​រួច​ហើយ​នោះ​។

លោក វ៉ា គឹម​ហុង មាន​ប្រសាសន៍​ថា ៖ «កាត់​ទៅ​ធ្វើ​អី​ខ្លះ​កំពង់ចាម​ហ្នឹង ព្រោះ​អត់​មាន​ការ​អនុញ្ញាត អត់​មាន​សុំ​ពី​សម្ដេច​ប្រធាន​រដ្ឋសភា អត់​ប្រាប់​អាជ្ញាធរ​ដែន​ដី អា​ហ្នឹង​មិន​ដឹង​គាត់​ចង់​ធ្វើ​អី​ទេ។ បើ​គ្រាន់​តែ​ទៅ​មើល​បង្គោល​រួច​ហើយ គឺ​មិន​អី​ទេ កុំ​មក​ប្រកាស​អញ្ចេះ​អញ្ចុះ ដែល​អត់​ជំនាញ ហើយ​ថា បោះ​ខុស​បោះ​ត្រូវ អត់​មាន​ជំនាញ យើង​មាន​សិទ្ធិ​ការពារ​ប្រយោជន៍​រាជ​រដ្ឋាភិបាល​របស់​ប្រទេស​ជាតិ»

លោក វ៉ា គឹម​ហុង មាន​ប្រសាសន៍​ដូច្នេះ បន្ទាប់​ពី​មាន​អ្នក​តំណាង​រាស្ត្រ​បក្ស​សម​រង្ស៊ី ចំនួន​បី​រូប នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា​នេះ បាន​ចុះ​ពិនិត្យ​ការ​បោះ​បង្គោល​ព្រំដែន​លេខ​១២៤, ១២៥, ១២៦ និង​១២៧ នៅ​ឃុំ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម។

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី មាន​ប្រសាសន៍​ថា ការ​ចុះ​បំពេញ​ភារៈ​របស់​តំណាង​រាស្ត្រ នៅ​តាម​មូលដ្ឋាន​ជួប​ពលរដ្ឋ ឬ​ពិនិត្យ​បង្គោល​ព្រំដែន គឺ​មិន​ចាំ​បាច់​សុំ​ការ​អនុញ្ញាត ឬ​ជូន​ដំណឹង​ជា​មុន​ទៅ​ក្រសួង-ស្ថាប័ន ឬ​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ ព្រោះ​តំណាង​រាស្ត្រ​មាន​សិទ្ធិ​ចុះ​បំពេញ​ភារកិច្ច​បម្រើ​ដល់​ពលរដ្ឋ និង​សង្គម​ជាតិ។

ទោះ​យ៉ាង​នេះ​ក្តី លោក វ៉ា គឹម​ហុង ទទួល​ស្គាល់​ថា តួ​នាទី​តំណាង​រាស្ត្រ គឺ​មាន​សិទ្ធិ​ចុះ​ត្រួត​ពិនិត្យ​ការ​បោះ​បង្គោល​ព្រំដែន ឬ​តម្រុយ​ព្រំដែន ប៉ុន្តែ​ក៏​ត្រូវ​មាន​ការ​អនុញ្ញាត ឬ​ក៏​ផ្ដល់​ការ​ជូន​ដំណឹង​ទៅ​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​មូលដ្ឋាន​ជា​មុន​ផង​ដែរ មុន​នឹង​ចុះ​បំពេញ​បេសកកម្ម​របស់​ខ្លួន។

លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ដោយ​បាន​គាំទ្រ​ការ​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន របស់​មន្ត្រី​បក្ស​ប្រឆាំង និង​បាន​ថ្កោល​ទោស ចំពោះ​ការ​រារាំង​ណា​មួយ​ពី​សមត្ថកិច្ច ឬ​មន្ត្រី​រដ្ឋាភិបាល រំខាន​ដល់​ភារកិច្ច​របស់​តំណាង​រាស្ត្រ​។

លោក រ៉ុង ឈុន បញ្ជាក់​ឲ្យ​ដឹង​ដូច្នេះ ៖ «ស្រប​ទៅ​នឹង​ច្បាប់ ដែល​អ្នក​តំណាង​រាស្ត្រ​មាន​អភ័យឯកសិទ្ធិ មាន​សិទ្ធិ​ដើរ​សួរ​សុខ​ទុក្ខ ក៏​ដូច​ជា​ដើរ​ស្វែង​យល់ ដើរ​ត្រួត​ពិនិត្យ​ថា តើ​ការ​បោះ​បង្គោល​ព្រំដែន​ហ្នឹង​មាន​ភាព​ប្រក្រតី ឬ​មិន​ប្រក្រតី។ ហើយ​យក​បញ្ហា​ហ្នឹង​ដាក់​ជូន​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​ប្រធាន​គណៈ​កម្មការ​ព្រំដែន​កម្ពុជា»

ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​នេះ​ដែរ លោក កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស បាន​ស្នើ​ដល់​មន្ត្រី​រដ្ឋាភិបាល ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ព្រំដែន​កម្ពុជា សូម​ឲ្យ​បើក​ទូលាយ​ពី​បញ្ហា​ព្រំដែន ដើម្បី​ឲ្យ​សាធារណៈ​ជន មាន​ការ​យល់​ទាំង​អស់​គ្នា ព្រោះ​បញ្ហា​ព្រំដែន ជា​បញ្ហា​ជាតិ​ទាំង​មូល មិន​ត្រូវ​មាន​ការ​លាក់​កំបាំង​ឡើយ​។

លោក កឹម សុខា មាន​ប្រសាសន៍​ដូច្នេះ ៖ «រដ្ឋាភិបាល​ខ្មែរ​យើង​គួរ​តែ​ធ្វើ​បញ្ហា​ធំៗ របស់​ប្រទេស​ជាតិ ដូច​ជា​បញ្ហា​បោះ​បង្គោល​ព្រំដែន​ឲ្យ​មាន​តម្លាភាព ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន ព្រោះ​រឿង​នេះ​រឿង​ជាតិ»

កាល​ពី​ថ្ងៃ​ពុធ ទី​២៧ មករា ឆ្នាំ​២០១០ តុលាការ​ខេត្ត​ស្វាយរៀង បាន​កាត់​ទោស​លោក សម រង្ស៊ី មេ​ដឹក​នាំ​បក្ស​ប្រឆាំង ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ និង​ពលរដ្ឋ​ពីរ​នាក់​ទៀត ក្នុង​ម្នាក់​ៗ ១​ឆ្នាំ ចោទ​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ បន្ទាប់​ពី​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​លេខ​១៨៥ នៅ​ឃុំ​សំរោង ស្រុក​ចន្ទ្រា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០០៩៕