ហេតុការណ៍ផ្ទុះអាវុធនេះ បានបណ្ដាលឲ្យជនជាតិខ្មែរ ៣ នាក់ស្លាប់ និងទាហានថៃ ២ នាក់រងរបួស ខណៈមានការបាញ់តដៃគ្នា នៅពេលដែលពលរដ្ឋខ្មែរទាំងនោះ បានចូលទៅលួចកាប់ឈើគ្រញូងក្នុងទឹកដីថៃ។
សមត្ថកិច្ចចម្រុះកម្ពុជា នៅថ្ងៃទី ៤ ខែវិច្ឆិកា បានចូលទៅដឹកយកសាកសព ជនជាតិខ្មែរ ៣ នាក់ ពីក្នុងទឹកដីថៃ។ សាកសពជនស៊ីវិលខ្មែរទាំង ៣ នាក់នោះ បានស្លាប់ កាលពីល្ងាចថ្ងៃទី ៣ ខែវិច្ឆិកា នៅក្នុងការបាញ់តដៃគ្នារវាងពួកគេ ជាមួយទាហានឈុតខ្មៅថៃ ជាច្រើននាក់ នៅពេលដែលគេនាំគ្នាចូលទៅកាប់ឈើគ្រញូង នៅចំណុចមួយ ក្នុងភូមិសាស្ត្រឃុំខាវភ្លូ ក្នុងខេត្តត្រាត ប្រទេសថៃ ជាប់ព្រំប្រទល់ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
កងការពារព្រំដែនខ្មែរ ប្រចាំនៅស្រុកសំឡូត៖ «ឥឡូវហ្នឹង ខាងក្រុមការងារគាត់មកហ្នឹង គាត់ទូរស័ព្ទទៅបងអភិបាលស្រុក ហែម សុផល។ គាត់យកទៅកន្លែងវត្តមួយ នៅជិតសាលាស្រុក ហើយរៀបចំតម្កល់ទុក រង់ចាំសាច់ញាតិបងប្អូន»។
ប្រភពពីមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជាថៃ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ៣ ខែវិច្ឆិកា ជនជាតិខ្មែរស្លៀកពាក់ស៊ីវិល ៦ នាក់ បាននាំគ្នាឆ្លងដែនទៅលួចកាប់ឈើគ្រញូង នៅក្នុងដែនដីថៃ ហើយបានជួបប្រទះជាមួយកងទាហានឈុតខ្មៅថៃមួយក្រុម មានគ្នាជាច្រើននាក់ បណ្ដាលឲ្យមានការផ្ទុះអាវុធ ឡើង។
លោក ទី សុខា មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជាថៃ បានថ្លែងថា ជនជាតិខ្មែរ ៣ នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ទាហានឈុតខ្មៅថៃ ២ នាក់រងរបួសស្រាល។
លោក ទី សុខា៖ «ផ្ទុះអាវុធ អាពួកទៅកាប់ឈើបាញ់គេទៀត។ បាញ់ជាមួយទាហានថៃ។ យើងទៅកាប់ឈើ គេហៅឲ្យឈប់យើងបាញ់គេ។ គេបាញ់វិញ គេបាញ់ងាប់ ៣។ មានកាំភ្លើង ១ ដើម អាកា។ ខាងថៃទាហានវាដើរល្បាតមួយក្រុមវាហ្នឹង។ ខាងថៃរបួស ២ នាក់ ហើយយើងស្លាប់នៅហ្នឹងមានឈើគ្រញូង»។
កន្លងទៅនេះ ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា ធ្លាប់បានកោះប្រជុំ ដោយបានដាក់វិធាន ពង្រឹងការពារ កុំឱ្យមានប្រជាពលរដ្ឋខ្មែរ លួចឆ្លងដែនចូលទៅរកកាប់ឈើនៅក្នុងទឹកដីថៃ។ ការផ្ទុះ អាវុធតដៃគ្នា រវាងជនជាតិខ្មែរ និងទាហានឈុតខ្មៅថៃ ដែលបណ្ដាលឲ្យស្លាប់ និងរបួសនេះ គឺជា ករណីថ្មីមួយទៀត ក្នុងចំណោមករណីជាច្រើន ដែលធ្លាប់កើតមានក្នុងរយៈកាលកន្លងមក។
អធិការនគរបាលស្រុកសំឡូត លោក លី ប៊ួយ បានថ្លែងថា សាកសពជនជាតិខ្មែរ ៣ នាក់ ដែលបាន ស្លាប់នោះ មានម្នាក់រស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង និងពីរនាក់ទៀត មកពីខេត្តប៉ៃលិន និងខេត្តកំពត។
លោក លី ប៊ួយ៖ «ស្លាប់ ៣ នាក់ហ្នឹង ១ ឈ្មោះ ចន ២ ឈ្មោះ ធុង ហៅ ញ៉ាញ់ ៣ ឈ្មោះ គឹម តាំងហៀង។ គឹម តាំងហៀង នេះ យើងស្គាល់សាវតារវា ស្នាក់នៅក្នុងភូមិអូរននង ឃុំតាតោក ស្រុកសំឡូត អាយុ ២៩ ឆ្នាំ។ ធុង ហៅ ញ៉ាញ់ យើងអត់ស្គាល់សាវតារវាទេ នៅប៉ៃលិន។ មួយទៀត នៅកំពត ព្រោះនេះថា ទៅអូសឈើគេតែម្ដង»។
ចំណែកឯជនជាតិខ្មែរ ៣ នាក់ទៀត ដែលរត់រួចមកវិញនោះ មានឈ្មោះ អ៊ុក សាវឿន អាយុ ៣៦ ឆ្នាំ រស់នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ជាមន្ត្រីយោធា នៅកងពលលេខ ៥២។ ឈ្មោះ ប៊ូ សុកជួប ហៅ តុញ អាយុ ២៣ ឆ្នាំ និងឈ្មោះ ណាក់ មិនស្គាល់សាវតារ។ សមត្ថកិច្ច ប៉ូលិស បានជួបសួរជនទាំងបីនាក់ ហើយពួកគេប្រាប់ថា បាននាំគ្នាចូលទៅលួចកាប់ឈើគ្រញូង នៅក្នុងទឹកថៃ ត្រង់តំបន់កើតហេតុ។
ប្រភពពីមន្ត្រីមូលដ្ឋាន បានឲ្យដឹងថា ករណីជនជាតិខ្មែរលួចចូលទៅក្នុងទឹកដីថៃ នៅចំណុចខាវភ្លូ ក្នុងខេត្តត្រាត ប្រទេសថៃនេះ ធ្លាប់កើតមានជាច្រើនលើក។ ក្នុងរយៈកាលកន្លងទៅ ទាហានឈុតខ្មៅថៃចាប់បានជនជាតិខ្មែរជាច្រើននាក់។ ក្រុមការងារទំនាក់ទំនងការងារព្រំដែនកម្ពុជាថៃ បានសុំដោះលែងមកវិញ និងបានធ្វើការអប់រំជាច្រើនលើកច្រើនសារថែមទៀត។ ប៉ុន្តែ ការលួចឆ្លងដែន ចូលទៅកាប់ឈើ នៅក្នុងទឹកដីថៃ នៅតែបន្តកើតមានជាហូរហែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
