ស្ថានភាព​ទំនាស់​នៅ​តាម​ព្រំដែន​រវាង​ខ្មែរ​និង​ថៃ

ស្ថានភាព​ទំនាស់​ដែល​អូសបន្លាយ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​នៅ​តាម​ព្រំដែន​រវាង​ខ្មែរ​ថៃ​នោះ ត្រូវ​អ្នក​សិក្សា​ស្រាវជ្រាវ​ខ្មែរ​វាយតម្លៃ​ថា អាច​នឹង​កាន់តែ​ឈាន​ទៅ​រក​ភាព​ស្មុគស្មាញ​ខ្លាំង​ឡើង នៅ​គ្រា​ដែល​រដ្ឋាភិបាល​ក្រុង​បាងកក​កំពុង​ប្រឈម​ភាព​ចម្រូងចម្រាស​និង​ប្រកាស​ភាព​មាន​អាសន្ន​នោះ។

0:00 / 0:00

លោក​សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ ជា​អនុប្រធាន​រាជបណ្ឌិតសភា​កម្ពុជា​មាន​ប្រសាសន៍​អត្ថាធិប្បាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​យ៉ាង​ដូច្នេះ​ថា ៖ «ពីព្រោះ​បើ​យើង​សិក្សា​មើល​គ្រប់​ជ្រុងជ្រោយ​ទៅ យើង​ឃើញ​ថា​បញ្ហា​ឥឡូវ​នេះ​នៅ​ក្នុង​ការចរចា​រឹតតែ​ស្មុគស្មាញ​ឡើង ដែល​ធ្វើ​ឲ្យ​ការចរចា​គ្រប់​បែប​យ៉ាង​នឹង​អាច​មាន​បញ្ហា​ពិបាក​ទៅ​អនាគត។ តាម​ទស្សនៈ​ដែល​ខ្ញុំ​កត់សម្គាល់​ឃើញ​ថា ថៃ​ឬ​សៀម​គេ​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​នឹង​ពន្យារ​ពេល​នៃ​ការចរចា ពន្យារ​ការដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​ហ្នឹង ជានិច្ចកាល​រក​លេស​គ្រប់​បែប​យ៉ាង​ដល់​អ៊ីចឹង​យើង​សព្វថ្ងៃ យើង​មិន​ដឹង​ថា​តើ​ចរចា​ជាមួយ​អ្នក​ណា? តើ​យើង​ចរចា​ជាមួយ​រដ្ឋាភិបាល​ថៃ លោក សាម៉ាក់ ទៅ តើ​អាច​នឹង​យក​ទៅ​អនុវត្ត​អាច​នឹង​យក​ទៅ​ហៅ​ថា ភាគី​ផ្សេង​ទៀត​អាច​ទទួល​ឬ​អត់? យើង​មើល​ទៅ យើង​ឃើញ​ថា​ទាហាន​ក៏​អត់​ស្ដាប់​រដ្ឋាភិបាល រដ្ឋាភិបាល​ក៏​មិន​សម្រេច ដល់​អ៊ីចឹង​យើង​មិន​ដឹង​ថា កន្លែង​ណា​មួយ​យើង​ហៅ​ថា​អាច​នឹង​ចរចា​ឬ​រក​ផ្លូវ​ដោះស្រាយ​មួយ​បាន?»

លោក​សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ មាន​ប្រសាសន៍​បន្ត​ថា​នៅ​ក្នុង​បញ្ហា​ព្រំដែន​នេះ ភាគី​ថៃ​ក៏​កំពុង​ព្យាយាម​អូសបន្លាយ​ទំនាស់ ហើយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ចំណាប់​ខ្មាំង​នៃ​ទំនាស់​របស់​ខ្លួន​ផង។

លោក​សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ បាន​បញ្ជាក់​ថា ៖ «យើង​ចំណាប់​ខ្មាំង​នេះ​ដែល​ខ្ញុំ​បារម្ភ ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ គឺ​ថា​យើង​អត់​មាន​ចំណេញ ហើយ​ខាង​សៀម​វា​អត់​មាន​រឿង​អី​ខាត​ទេ មាន​តែ​ចំណេញ​ឬ​មួយ​ក៏​រួច​ខ្លួន។ យើង​បារម្ភ​ត្រង់​ថា គេ​ឈ្លោះ​គ្នា​មែន ប៉ុន្តែ​មួយ​ឈ្លោះ​គ្នា​ទៅ គេ​ដោះស្រាយ​នយោបាយ​គ្នា​គេ ប៉ុន្តែ​មួយ​ទៀត​វា​ចេះតែ​រុល រុល​ទ័ព រុល​ទាហាន​ចូល​មក​កាន់កាប់​លើ​ទឹក​ដី​ខ្មែរ រឹតតែ​ពង្រឹង​ថែម​ទៀត»

យោង​តាម​ប្រសាសន៍​មន្ត្រី​ជាន់ខ្ពស់​សំខាន់ៗ​នៃ​រាជ​រដ្ឋាភិបាល​ខ្មែរ ទំនាស់​ដែល​អូស​បន្លាយ​នេះ​គឺ​ដោយសារតែ​ភាគី​ទាំង​សងខាង​មាន​ហេតុផល​សំអាង និង​ការយល់ឃើញ​រៀងៗ​ខ្លួន ចំពោះ​តំបន់​ដែល​កំពុង​មាន​ជម្លោះ​នោះ។ ពោល​គឺ​ភាគី​កម្ពុជា​យល់​ថា តំបន់​ដែល​កំពុង​មាន​ទំនាស់​ដែល​រួម​មាន​ទាំង​នៅ​តំបន់​ប្រាសាទ​តាមាន់ និង​តំបន់​ប្រាសាទ​ព្រះវិហារ​ផង​នោះ គឺ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន ចំណែក​ឯ​ភាគី​ថៃ​ក៏​គិត​ថា​តំបន់​នោះ​ជា​ទឹក​ដី​របស់​ខ្លួន​ផងដែរ។

លោក​ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស ហោ ណាំហុង ធ្លាប់​មាន​ប្រសាសន៍​នៅ​ក្រោយ​កិច្ច​ចរចា​នៅ​ក្រុង​ហួហីន​នៃ​ប្រទេស​ថៃ យ៉ាង​ដូច្នេះ​ថា ៖ «បញ្ហា​នេះ​គឺ​ថា​បញ្ហា​បកស្រាយ​ពីរ​ខុស​គ្នា បកស្រាយ​ឯកសារ​ផ្លូវ​ច្បាប់​ខុស​គ្នា»

ចំណែក​ឯ​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ដូច្នេះ​ដែរ​ថា ៖ «រាល់ថ្ងៃ​កំពុង​វាស់​ហើយ​តើ! ធ្វើ​ម៉េច​ដើរ​វាស់​ចប់​ហើយ ចាំ​យើង​ថា​វា​ត្រូវ​មិន​ត្រូវ ហ្នឹង​គឺ​យើង​ចែក​ទៅ កន្លែង​ណា​មិន​ត្រូវ​យើង​អាច​លើក​ទៅ​មាន​ស្ថាប័ន​ជាតិ ឬ​អន្តរជាតិ​អី យើង​ជជែក​ត​ទៅ​ទៀត»

លោក វ៉ា គឹមហុង ជា​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​អធិប្បាយ​ពី​ប្រវត្តិ​បញ្ហា​ព្រំដែន​ខ្មែរ​ថៃ​យ៉ាង​ដូច្នេះ​ថា ៖ «វា​មិនមែន​ថា​មិន​ច្បាស់​ទេ ព្រំដែន​គោក​ជាមួយ​ថៃ វា​ព្រំដែន​អន្តរជាតិ​រវាង​ទ្វេ​ភាគី​ដែល​កំណត់​ឡើង​ដោយ​អនុសញ្ញា សន្ធិសញ្ញា​បារាំង​សៀម ឆ្នាំ​១៩០៤ ឆ្នាំ​១៩០៧ ព្រមទាំង​មាន​ផែនទី​ជា​សញ្ញា​បង្ហាញ​លើ​ខ្សែ​ព្រំដែន​ទៀត​ផង រហូត​ដល់​ទៅ​៧​ផ្ទាំង របស់​គណៈកម្មការ​ចម្រុះ​កំណត់​ព្រំដែន​រវាង​ឥណ្ឌូចិន​និង​សៀម ឆ្នាំ​១៩០៨ រហូត​មក​ក្រោយៗ​ទៀត។ ដូច្នេះ​ព្រំដែន​ដី​គោក​វា​មាន​ជា​ព្រំដែន​អន្តរជាតិ។ អ្វី​ដែល​គណៈកម្មការ​ព្រំដែន​យើង​ទៅ​ធ្វើ សួរ​ថា​ចុះ​ចាំបាច់​មាន​គណៈកម្មការ​ព្រំដែន​ទៅ​ធ្វើ​អី? គណៈកម្មការ​ព្រំដែន​កម្ពុជា​-​សៀម វា​មាន​តួនាទី​កំណត់​ធ្វើការ​កំណត់​ខ្សែ​ព្រំដែន​ទេ ខ្ញុំ​សូម​បញ្ជាក់ កម្ពុជា​-​ថៃ​ធ្វើការ​ខណ្ឌ​ព្រំ​សីមា និង​បោះ​បង្គោល​ព្រំដែន​បន្ថែម។ យើង​រុករក​បង្គោល​ចាស់​ទាំង​៧៣ ដែល​បារាំង​បោះ​ឲ្យ​តាំងពី​ឆ្នាំ​១៩០៨ ១៩០៩ ហើយ​លើក​ទី​២ ឆ្នាំ​១៩១៩ ១៩២០ យើង​ត្រូវ​រក​ឲ្យ​ឃើញ។ រក​ឃើញ​ហើយ​យើង​ជួសជុល បើ​វា​ខុស​កន្លែង ដាក់​ឲ្យ​ចំ​ទីតាំង​ចាស់ តាម​ឯកសារ​គេ​ទុក​ឲ្យ ហើយ​យើង​នឹង​ដាំ​បន្ថែម​បង្គោល។ តំបន់​ខ្លះ​អត់​មាន​បង្គោល​ទាល់តែ​សោះ ដូចជា​តំបន់​ព្រះវិហារ​អត់​មាន​បង្គោល​ព្រំដែន​ទេ យើង​ត្រូវ​ដាំ​ឲ្យ​បាន​ច្រើន ព្រោះ​ថា​៨០៥​គីឡូម៉ែត្រ ៧៣​បង្គោល វា​តិច​ណាស់។ ចំពោះ​ប្រទេស​ខ្លះ ដូច​ម៉ាឡេស៊ី​-​ថៃ គេ​មាន​៤៥០​គីឡូម៉ែត្រ ឬ​ក៏​៤០០​ជាង​ហ្នឹង គេ​ដាំ​ដល់​ទៅ​២​ម៉ឺន​បង្គោល។ ដូច្នេះ​ហើយ​យើង​គិត​មក​មើល៍ ៨០៥​គីឡូម៉ែត្រ មាន​៧៣​បង្គោល។ តំបន់​ព្រំដែន​ជាប់​បីប្រទេស កម្ពុជា ថៃ លាវ យើង​អត់​មាន​បង្គោល​សោះ​រហូត​មក​ដល់​អន្លង់វែង​បាន​មាន​បង្គោល​មួយ ហ្នឹង​បង្គោល​ទី​១​ហើយ»

ការអូសបន្លាយ​ទំនាស់​នៅ​ព្រំដែន​នេះ​ក៏​បាន​ញ៉ាំង​ឲ្យ​លោក​តំណាង​រាស្ត្រ សម រង្ស៊ី និង​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ផង​នោះ នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​បាន​ស្នើសុំ​យាង​ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ ជួយ​ដោះស្រាយ។

កន្លង​ទៅ​ព្រះ​មហាក្សត្រ​ថៃ​ក៏​ធ្លាប់​មាន​ព្រះរាជ​បន្ទូល​ឲ្យ​រក​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​នោះ​ផងដែរ ក៏ប៉ុន្តែ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ កងទ័ព​ថៃ​នៅ​បន្ត​ឈរ​ជើង​នៅ​តាម​ព្រំដែន​នៅ​ឡើយ។ ចំណែក​ឯ​កងទ័ព​កម្ពុជា​ក៏​ត្រៀម​ទប់ទល់​ស្ថានការណ៍​នៅ​ព្រំដែន​នោះ​នៅ​ឡើយ​ដែរ។

លោក​សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ មាន​ប្រសាសន៍​ថា​ទំនាស់​នៅ​ព្រំដែន​នឹង​អាច​រក​ការដោះស្រាយ​ទៅ​បាន​ដរាបណា​តំបន់​ព្រំដែន​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ច្បាស់លាស់​ជា​លក្ខណៈ​អន្តរជាតិ ពោល​គឺ​ជា​ព្រំដែន​ខ្មែរ​-​ថៃ​ជា​លក្ខណៈ​អន្តរជាតិ។

លោក​សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ បាន​ឲ្យ​ដឹង​ថា ៖ «បើសិន​ជា​ដោះស្រាយ​ដោយ​លក្ខណៈ​ជា​ទ្វេ​ភាគី ហ្នឹង​វា​ពិបាក​យើង​ហែល​ឆ្លង​ទៅ​ដល់​កម្រិត​អាស៊ាន ឬ​កម្រិត​របស់​សហ​ប្រធាន​ទាំង​ពីរ សហ​ប្រធាន​ដែល​បាន​ចុះ​ហត្ថលេខា​ដឹកនាំ​ការព្រមព្រៀង​សេចក្ដី​សន្តិភាព​នៅ​កម្ពុជា​យើង ពី​ឆ្នាំ​៩១ ទីក្រុង​ប៉ារីស។ ហើយ​បើ​មិន​អ៊ីចឹង​ទេ គឺ​យើង​មាន​តែ​អង្គការ​សហ​ប្រជាជាតិ​ហើយ គឺ​ថា​សៀម​កំពុងតែ​មាន​បញ្ហា ពេល​ហ្នឹង​ហើយ​ដែល​យើង​ហៅ​ថា ត្រូវ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ ឬ​ត្រូវ​យក​កម្លាំង​របស់​សហគមន៍​អន្តរជាតិ​មក​គាប​ពី​លើ​ដើម្បី​ទប់​កុំ​ឲ្យ​ទ័ព​សៀម​ហ្នឹង​រំកិល ឬ​រំលោភ​ឈ្លានពាន​មក​លើ​ទឹក​ដី​កម្ពុជា​ត​ទៅ»

សូម​ជម្រាប​ថា​ការប្រឈម​ផ្នែក​យក​យោធា​រវាង​ខ្មែរ​-​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​កើត​ឡើង​ក្រោយ​ប្រមាណ​មួយ​សប្តាហ៍​បន្ទាប់ពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ នា​ថ្ងៃ​ទី​៧ ខែ​កក្កដា​កន្លង​ទៅ។

កិច្ច​ប្រឹងប្រែង​ចរចា​ដើម្បី​រក​ការដក​ទ័ព​ទាំងស្រុង​ចេញ​ពី​តំបន់​ប្រឈម​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ផ្លែផ្លា​នៅ​ឡើយ​ទេ បើទោះបី​ជា​កន្លងមក​មាន​កិច្ច​ចរចា​ថ្នាក់​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ចំនួន​មួយ​លើក​និង​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​ចំនួន​២​លើក​រួច​មក​ហើយ​ក៏​ដោយ។

ថ្មីៗ​នេះ​ភាគី​ថៃ​ក៏​ធ្លាប់​បាន​ស្នើសុំ​លើក​ពេល​កិច្ច​ប្រជុំ​ដែល​កំណត់​ធ្វើ​នា​ថ្ងៃ​ទី​២៩ ខែ​សីហា នៅ​ក្រុង​សៀមរាប​ផងដែរ។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ ហោ ណាំហុង បាន​ហៅ​លទ្ធផល​ការចរចា​រវាង​ខ្មែរ​ថៃ​កន្លងមក ថា​មាន​ដំណើរ​ដូច​ជា​រឡូ​កិនថ្នល់៕