មេ​បញ្ជាការ​ខ្មែរ​ព្រមាន​ថៃ​ពី​រឿង​ធ្វើ​ផ្លូវ​នៅ​តំបន់​មិន​ទាន់​ដាច់​ស្រេច

មេ​បញ្ជាការ​ជាន់​ខ្ពស់​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​កំពុង​គ្រប់គ្រង​កង​ទ័ព​ខ្មែរ​ការពារ​ព្រំដែន​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ព្រមាន​ដល់​កង​យោធា​ថៃ​កាល​ពី​​ថ្ងៃ​១៨ មីនា ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​កង​ទាហាន​ថៃ​ធ្វើ​ផ្លូវ​នៅ​តំបន់​ព្រំដែន​មិន​ទាន់​ដាច់​ស្រេច ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​យោធា​លើ​ខ្នង​ភ្នំ​ចាក់ច្រែង​នោះ​​បាន​ទេ។

លោក​ឧត្ដមសេនីយ៍​ឯក ជា តារា មេ​បញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​កំពុង​គ្រប់គ្រង​យោធា​ខ្មែរ​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រសិន​បើ​ទាហាន​ថៃ​ធ្វើ​ផ្លូវ​នៅ​ក្នុង​ព្រំដែន​ថៃ​គឺ​ជា​រឿង​របស់​ថៃ ក៏​ប៉ុន្តែ​កង​ទាហាន​ខ្មែរ​មិន​អនុញ្ញាត​ឲ្យ​ទាហាន​ថៃ​ធ្វើ​ផ្លូវ​​នៅ​ក្នុង​តំបន់​ដែល​ហាម​ឃាត់​បាន​ទេ។

លោក​ឧត្ដមសេនីយ៍​ឯក ជា តារា បាន​ថ្លែង​ថា ៖ «យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ធ្វើ​ផ្លូវ​នៅ​ក្នុង​តំបន់​ដែល​ហាម​ឃាត់​បាន​ទេ ហើយ​បើ​ធ្វើ​ផ្លូវ​នៅ​តំបន់​ហាម​ឃាត់ ជា​ដាច់​ខាត។ ប៉ុន្តែ​ខ្ញុំ​សូម​ប្រកាស​ហើយ​ប្រកាស​ទៀត​ថា កង​ទ័ព​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ក្រោម​ចំណុះ​ផ្ទាល់​របស់​សម្តេច​តេជោ ហ៊ុន សែន ហើយ​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ គន់ គីម នៅ​ទី​នេះ សិទ្ធិ​ស្វ័យ​ការពារ​ទឹក​ដី មិន​ឲ្យ​​បាត់​១​មិល្លីម៉ែត្រ​ទេ។ អ៊ីចឹង​ខ្ញុំ​ផ្ញើ​សារ​ដល់​កង​ទ័ព​របស់​ថៃ ជា​ពិសេស​នាយករដ្ឋមន្ត្រី​ថៃ អាភីស៊ិត ត្រូវ​រៀន​សូត្រ​ខ្លះៗសម្ដេច្តេច​តេជោ​របស់​យើង​ខ្ញុំ កុំ​ឲ្យ​មាន​គំនិត​ឈ្លានពាន​គេ»

ការ​ព្រមាន​របស់​មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់​ខ្មែរ បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ថា រយៈពេល​៣​ថ្ងៃ​មក​នេះ ថៃ​បាន​បញ្ជូន​ទាហាន​ជាង ១០០​នាក់​ចូល​មក​បន្ថែម​នៅ​តំបន់​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​រឿង​ជម្លោះ​ព្រំដែន លើ​ខ្នង​ភ្នំ​ចាក់ច្រែង និង​តំបន់​បង្គោល​៨ ដោយ​កង​ទាហាន​វិស្វកម្ម​ថៃ​បាន​ជញ្ជូន​គ្រឿង​ចក្រ​មក​បម្រុង​ធ្វើ​ផ្លូវ​នៅ​តំបន់​ចាក់ច្រែង។

មេ​បញ្ជាការ​យោធា​ខ្មែរ​មួយ​រូប​នៃ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤៣​ កំពុង​គ្រប់គ្រង​តំបន់​ចាក់ច្រែង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​ថា ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទាហាន​ខ្មែរ​បាន​ឲ្យ​ទាហាន​ថៃ​ផ្អាក​ធ្វើ​ផ្លូវ​នៅ​តំបន់​ខ្នង​ភ្នំ​ចាក់ច្រែង​នោះ ហើយ​ទាហាន​ថៃ​ជាង ១០០​នាក់​​បាន​មក​ដាក់​កម្លាំង​បិទ​ផ្លូវ​ដែល​ទាហាន​ខ្មែរ​ធ្លាប់​ដើរ​ធ្វើ​ការ​ពីរ​បី​ថ្ងៃ​មក​ហើយ។

មេ​បញ្ជាការ​ដដែល​បាន​បញ្ជាក់​ថា ៖ «វា​មក​បិទ​តាម​ផ្លូវ​ដែល​យើង​ដើរ​ធ្វើ​ការ​ពីរ​បី​ថ្ងៃ​ហើយ។ កម្លាំង​វា​​ម្ដុំ​នោះ​ប្រហែល​ជា ១០០ ទៅ​ជាង​១០០​នាក់ វា​នៅ​ជាន់​លើ​គំនូស​តែម្ដង។ វា​ធ្វើ​ផ្លូវ ប៉ុន្តែ​យើង​កាក់ វា​ផ្អាក​ធ្វើ ចាំ​មាន​ការ​ជួប​ថ្នាក់​លើ​យើង​ដោះស្រាយ ព្រោះ​ដី​ហ្នឹង​ភាគ​ច្រើន​យើង​ណា៎!»

ទាហាន​ខ្មែរ​មួយ​រូប​ប្រចាំ​នៅ​តំបន់​ខ្នង​ភ្នំ​ចាក់ច្រែង​​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ថៃ​បាន​បញ្ជូន​ទាហាន​របស់​គេ​ចូល​មក​តំបន់​ខ្សែ​ព្រំដែន​មិន​ទាន់​ដាច់​ស្រេច ដែល​​ធ្លាប់​តែ​ដើរ​ល្បាត​រួម​គ្នា​កន្លង​មក​នៅ​លើ​ខ្នង​ភ្នំ​ចាក់ច្រែង និង​នៅ​បង្គោល​៨ ចម្ងាយ​ប្រមាណ ២០​គីឡូ​ម៉ែ​ត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ខ្នង​ភ្នំ​ចាក់ច្រែង៕