បញ្ហា​ទាហាន​តាម​ព្រំដែន​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ខាត​ស្បៀង

ស្រប​ពេល​ដែល​កង​កម្លាំង​ទាហាន​កំពុង​ល្បាត​នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្ត​កោះកុង​និង​នៅ​តាម​ព្រំដែន​ក្នុង​ស្រុក​សំឡូត​នៃ​ខេត្ត​បាត់ដំបង​បាន​សុំ​ស្បៀង​បន្ថែម មន្រ្តី​រដ្ឋាភិបាល​និង​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា ជា​ទូទៅ ថវិកា​សម្រាប់​ផ្គត់ផ្គង់​ទាហាន​មាន​ការ​ខ្វះខាត ប៉ុន្តែ​រដ្ឋាភិបាល​គ្រោង​នឹង​បន្ថែម​ថវិកា​បន្ថែម​ទៀត​លើ​វិស័យ​យោធា​សម្រាប់​ឆ្នាំ​២០០៩​ខាង​មុខ។

0:00 / 0:00

រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​រៀបចំ​ជំរំ​សម្រាប់​ឲ្យ​កងទ័ព​ចល័ត​នៅ​តាម​ព្រំដែន​និង​បំពាក់​សម្ភារៈ​បន្ថែម​ទៀត។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ប្រាក់​ខែ​របស់​ទាហាន​យើង វា​មិន​គ្រប់គ្រាន់​ទាំង​អស់​ទេ កន្លង​មក​ក្នុង​ពេល​ដែល​សន្តិភាព​មែន​ទែន វា​មិន​ទាន់​មាន​អី​នោះ យើង​ផ្ដោត​អំពី​ការ​កសាង​ភូមិ​សម្រាប់​យុទ្ធជន​ពិការ ដល់​ឥឡូវ​ពេល​សភាព​ការណ៍​អ៊ីចឹង​ទៀត ប្រហែល​ទាំង​អស់​គ្នា​ភ្លេច​ហើយ​ថា លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បាន​ចុះ​ទៅ​ធ្វើ​ជំរំ​ទាំង​ពី​លើ​កោះ​ដាច់​ស្រយាល រហូត​ដល់​តាម​បណ្ដោយ​ព្រំដែន​ថៃ​ហ្នឹង ក៏​យើង​មាន​ធ្វើ​ច្រើន​ហើយ»

អ្នក​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម​គឺ​លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​វិស័យ​សេដ្ឋកិច្ច​នៅ​មាន​កម្រិត​នៅ​ឡើយ ដូច្នេះ​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ទាហាន​គឺ​នៅ​មាន​ការ​ខ្វះខាត។ លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កំពុង​គិត​គូរ​ពី​បញ្ហា​នេះ​ហើយ។

លោក ជាម យៀប មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ចៀស​មិន​ផុត​ទេ ដូច​ជា​ប្រទេស​យើង​ក្រីក្រ យើង​ងើប​ពី​សង្រ្គាម ប្រទេស​យើង​នៅ​សេដ្ឋកិច្ច​ប្រផិត​ប្រផើយ​នេះ គឺ​ថា​យើង​ចៀស​មិន​ផុត​អំពី​ការ​ខ្វះខាត​ទេ។ អ៊ីចឹង​ទេ​បាន​ជា​កន្លង​ទៅ​យើង​មាន​ដូចជា គ្រួសារ​យុទ្ធជន​ខ្លះ គាត់​យក​ប្រពន្ធ យក​កូន​គាត់​ទៅ​សមរភូមិ​មុខ ហើយ​ជា​ការ​សោក​ស្ដាយ»

អ្នក​តំណាងរាស្រ្ដ​រូប​នេះ បាន​បន្ថែម​អំពី​ថវិកា​បម្រុង​យ៉ាង​ដូច្នេះ​ទៀត​ថា ៖ «ថវិកា​សម្រាប់​ត្រៀម​បម្រុង​ចំពោះ​គ្រោះ​ធម្មជាតិ ចំពោះ​សន្តិសុខ​និង​ការ​ការពារ​សណ្ដាប់​ធ្នាប់​សង្គម​របស់​យើង យើង​មាន​ជូន​ទៅ​សម្ដេច ប្រហែល​ជា​ខ្ទង់ ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​ពី​លើ​នៅ​ពេល​ដែល​មាន​អាសន្ន អាច​មាន​លទ្ធភាព​ចាយ​ទៀត»

ប៉ុន្តែ​តំណាងរាស្រ្ត​គណបក្ស​សម​រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ថវិកា​សម្រាប់​ផ្តល់​ឲ្យ​ពល​ទាហាន​សម្រាប់​ឆ្នាំ​២០០៨​នេះ គឺ​មាន​គ្រប់គ្រាន់ ប៉ុន្តែ​ការ​ចំណាយ​មិន​ចំ​គោលដៅ ៖ «... គ្នា​ក៏​អត់​មាន​ទឹក​ចិត្ត​ទៅ​ច្បាំង​ការពារ​ទឹក​ដី​ដែរ បើ​ឃើញ​តែ​មេ​មាន​ប្រាក់​ដុល្លារ រថយន្ត​ល្អៗ ហើយ​គ្នា​គ្រាន់​តែ​អង្ករ​ច្រក​ឆ្នាំង​ចិញ្ចឹម​គ្រួសារ​មិន​បាន ហើយ​ឲ្យ​គ្នា​ទៅ​ច្បាំង​ជំនួស​គេ​ឯង​យ៉ាង​ម៉េច​កើត»

ទោះ​បី​ជា​យ៉ាង​ណា ពល​ទាហាន​ដែល​ល្បាត​នៅ​តាម​តំបន់​ព្រំដែន​នៃ​ខេត្ត​ទាំង​ពីរ គឺ​ខេត្ត​កោះកុង​និង​ខេត្ត​បាត់ដំបង​បាន​ថ្លែង​និង​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ផ្តល់​ស្បៀង​បន្ថែម​ទៀត​ជូន​ដល់​ពល​ទាហាន​ដែល​កំពុង​ឈរ​ជើង​នៅ​ខ្សែត្រៀម​ជួរ​មុខ។

កង​កម្លាំង​វរព្រំដែន​លេខ​៥០២​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រចាំការ​នៅ​ព្រំដែន​ខ្មែរ​-ថៃ តំបន់​សែនចៅ ភ្នំ​បរទុរេន និង​ភ្នំ​តាងោល​នៃ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ ពួក​គេ​នៅ​តែ​ខ្វះ​ខាត​ស្បៀង​និង​សម្ភារៈ​ប្រើប្រាស់​ជា​ដើម ៖ «មួយ​ខែ​ម្នាក់ សព្វ​ថ្ងៃ​នេះ បាន​តែ ៦៥.០០០-៦៧.០០០​[រៀល] អស់​ហើយ អាហ្នឹង​គិត​ទាំង​លុយ​ម្ហូប​អី​អស់​ហើយ។ សំណូមពរ​ឲ្យ​រាជ​រដ្ឋាភិបាល​គួរ​គិតគូរ​ពី​បញ្ហា​ហ្នឹង​មួយ​ដែរ ហើយ​សំខាន់​អ្នក​នៅ​មុខ​រាជ​រដ្ឋាភិបាល​គួរ​គិត​ខ្លាំង​ណាស់។ ម្យ៉ាង​ទៀត​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​គិត​គូរ​រឿង​ការ​ហូប​ចុក ជួយ​ផ្ដល់​ឲ្យ​បាន​ថា ក្នុង​មួយ​ខែ​ហ្នឹង មាន​មី ត្រី​ខ ម្ហូប​អី ឬ​មួយ​ក៏​ទឹកដោះ​គោ បួន​ដប់​កំប៉ុង​ឲ្យ​បាន​សមរម្យ​មក យើង​មាន​បាន​ចុះ​ទៅ​រក​អី នៅ​លើ​កំពូល​ភ្នំ»

ចំណែក​ឯ​ពល​ទាហាន​មួយ​រូប​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ ប្រចាំការ​ខ្សែ​ត្រៀម​ជួរ​មុខ​នៅ​ព្រំដែន​នៃ​ភ្នំ​កោះកុង ឬ​ហៅ​ថា ភ្នំ​១០០​នៃ​ខេត្ត​កោះកុង បាន​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​នឹង​ពល​ទាហាន​ប្រចាំការ​នៅ​តំបន់​ព្រំដែន​នៃ​ខេត្ត​បាត់ដំបង​ដែរ​ថា ដោយ​មាន​ការ​ខ្វះ​ខាត​ស្បៀង ពួក​គេ​បាន​តវ៉ា​សុំ​ថ្នាក់​ដឹកនាំ​ប្តូរ​វេន​ប្រចាំការ​និង​វិល​ត្រលប់​មក​នៅ​បន្ទាយ​វិញ តែ​លោក​បាន​សុំ​សំណូមពរ​ដល់​រដ្ឋាភិបាល​ជួយ​ផ្ដល់​ស្បៀង​បន្ថែម​ទៀត​ដល់​ពួក​គេ ពិសេស​កង​កម្លាំង​ដែល​កំពុង​ល្បាត​នៅ​ជួរ​មុខ​មិន​អាច​រក​អ្វី​បាន។

ពល​ទាហាន​ដដែល​នេះ​រៀបរាប់​ដូច្នេះ​ថា ៖ «គេ​ឲ្យ​តែ​ត្រី​ប្រា​យើង​ទៅ​ម្ដង​ម្នាក់​ចំនួន​ប្រហែល​ជា ១​គីឡូក្រាម​ទេ ហើយ​និង​គ្រឿង មាន​តែ​ខ្ទឹម មាន​តែ​ខ្លាញ់ ប៊ីចេង ស្ករ តែ​ប៉ុណ្ណឹង ហើយ​គ្រឿង​ប៉ុណ្ណឹង​ក៏​ហូប​អត់​គ្រាន់​ទៀត ទាល់​តែ​យើង​ទិញ​ខ្លួន​ឯង​ថែម។ បញ្ហា​ស្បៀង គេ​នៅ​តែ​កាត់​លុយ​មួយ​ខែ ៤៥.០០០​[រៀល] ហើយ​និង​អង្ករ​ប្រហែល​ជា ២០​គីឡូ»

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មេបញ្ជាការ​នៃ​ខេត្ត​កោះកុង​បាន​ទេ។ ប៉ុន្តែ​មេបញ្ជាការ​យោធភូមិភាគ​៥​នៃ​ខេត្ត​បាត់ដំបង គឺ​លោក ប៊ុន សេង បាន​មាន​ប្រសាសន៍​ថា ពល​ទាហាន​ប្រចាំការ​នៅ​ជួរ​មុខ​នៅ​ស្រុក​សំឡូត​នោះ​ពុំ​មាន​ការ​ខ្វះខាត​ទេ។

មេបញ្ជាការ​កង​ពល​អន្តរាគមន៍​លេខ​១២ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ដែល​គ្រប់គ្រង​កម្លាំង​ទាហាន​ខ្មែរ​រួម​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ គឺ​លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​ថា ស្ថានភាព​របស់​ទាហាន​ខ្មែរ​ដែល​ប្រចាំការ​នៅ​ព្រំដែន​នោះ ពុំ​មាន​ការ​ខ្វះខាត​អ្វី​ទេ។

សូម​ជម្រាប​ថា ទាហាន​ខ្មែរ​បាន​ប្រឈម​មុខ​នឹង​ទាហាន​ថៃ​នៅ​តំបន់​ព្រំដែន​ខ្មែរ​និង​ថៃ​ដែល​រួម​មាន​ទាំង​តំបន់​ប្រាសាទ​ព្រះវិហារ​ផង​នោះ ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​យោធា​នេះ បាន​ចាប់​ផ្តើម​មាន​ឡើង គឺ​បន្ទាប់​ពី​អង្គការ​យូណេស្កូ បាន​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក​រួច​មក។

ក្រៅ​ពី​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ទាហាន​ខ្មែរ​ក៏​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ក្នុង​និង​ក្រៅ​ស្រុក​ផង​ដែរ សម្រាប់​ចំណាយ​លើ​ការ​ហូប​ចុក​និង​ផ្សេងៗ​ទៀត។

ទោះ​ជា​យ៉ាង​នេះ​ក្តី វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ គឺ​លោក​ឧត្តមសេនីយ៍ នាង ផាត បាន​ទេ ដោយ​លោក​ជាប់​ប្រជុំ ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ប្រហាក់​ប្រហែល​នឹង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែរ ដោយ​ទទួល​ស្គាល់​ថា ប្រាក់​បៀវត្សរ៍​របស់​ពល​ទាហាន​ខ្មែរ​នៅ​មាន​កម្រិត​នៅ​ឡើយ ហើយ​ថា ទាហាន​ខ្មែរ​បច្ចុប្បន្ន​នេះគឺ​មាន​ប្រមាណ​១០​ម៉ឺន​នាក់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​គម្រោង​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០០៩ គឺ​រដ្ឋាភិបាល​គ្រោង​នឹង​បន្ថែម​ការ​ចំណាយ​ទ្វេ​ដង​លើ​វិស័យ​យោធា ដែល​មាន​ថវិកា​សរុប​ប្រមាណ ៥០០​លាន​ដុលា្លរ​សហរដ្ឋ​អាមេរិក៕