ខាងក្រោមនេះជាសេចក្ដីរាយការណ៍របស់លោក សាវយុត តាមរយៈការសាកសួររបស់លោក ហ៊ុយ វណ្ណៈ។
ហ៊ុយ វណ្ណៈ ៖ ថ្ងៃនេះ មន្ត្រីព្រំដែនគោកខ្មែរ-ថៃបានជួបប្រជុំគ្នានៅឯទីក្រុងសៀមរាប។ លោកតាមដានព្រឹត្តិការណ៍នៃកិច្ចប្រជុំរវាងមន្ត្រីខ្មែរ-ថៃនៅទីនោះ តើលោកអាចជម្រាបប្រាប់មិត្តអ្នកស្ដាប់បានទេ ថាតើដំណើរការយ៉ាងដូចម្ដេចហើយ?
សាវយុត ៖ សូមជម្រាបថា ចាប់តាំងតែពីពេលរសៀលម៉ោង២ ថ្ងៃនេះ គណៈកម្មការព្រំដែនគោកខ្មែរដែលមានលោក វ៉ា គឹមហុង ជាប្រធាន និងគណៈកម្មការព្រំដែនគោកថៃ បានជួបប្រជុំគ្នាហើយ ហើយនៅក្នុងកិច្ចប្រជុំដែលនឹងធ្វើជាបន្តបន្ទាប់រហូតដល់ថ្ងៃស្អែកនោះ មិនទាន់បញ្ជាក់ឲ្យដឹងថា តើភាគីទាំងសងខាងមានជំហរយ៉ាងណានៅឡើយទេ។
ហ៊ុយ វណ្ណៈ ៖ នៅមុនកិច្ចប្រជុំនេះ តើមន្ត្រីខ្មែរលោកបានមានប្រសាសន៍អ្វីខ្លះ ទាក់ទិននឹងការគ្រោងយកទៅពិភាក្សាជាមួយមន្ត្រីថៃ?
សាវយុត ៖ លោក វ៉ា គឹមហុង បានឲ្យដឹងថា កិច្ចប្រជុំត្រូវផ្អែកលើបច្ចេកទេសដោយយោងទៅតាមអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរដែលបានធ្វើកាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០០០ កន្លងមក ផ្អែកតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលមានចែងរួចមកហើយ។
ហ៊ុយ វណ្ណៈ ៖ តើលោក [វ៉ា គឹមហុង] មានបញ្ជាក់ទៅលើចំណុចអ្វីផ្សេងទៀត ជាគន្លឹះក្នុងការលើកយកទៅជជែកជាមួយមន្ត្រីថៃជុំវិញបញ្ហាព្រំដែន ដែរឬទេ?
សាវយុត ៖ ត្រង់ចំណុចនេះ សូមជម្រាបថា លោក វ៉ា គឹមហុង ដែលជាប្រធានគណៈកម្មការព្រំដែនខ្មែរនោះ មុនពេលជួបប្រជុំ លោកបានឆ្លើយតបនឹងសំណួររបស់ខ្ញុំថា នៅពេលណាដែលមានជីវិតរស់ គឺត្រូវតែមានសង្ឃឹម ហើយពីខាងមន្ត្រីរដ្ឋាភិបាលខ្មែរ គឺលោក ផៃ ស៊ីផាន ដែលជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីនោះ បានសម្ដែងសុទិដ្ឋិនិយមថា ប្រសិនបើការប្រជុំនេះផ្អែកទៅលើបច្ចេកទេសទាំងស្រុងនោះ យើងនឹងមានសង្ឃឹមច្រើន ប៉ុន្តែអ្វីដែលមិនសង្ឃឹមនោះ គេខ្លាចក្រែងថា ខាងភាគីថៃនឹងលើកយកបញ្ហានយោបាយមកជជែកគ្នាទៅវិញ។ កាលណាលើកយកបញ្ហានយោបាយមកជជែកគ្នា មានន័យថា អ្វីដែលជាបច្ចេកទេសនោះ ត្រូវបានបរាជ័យ។
ហ៊ុយ វណ្ណៈ ៖ តើមន្ត្រីថៃមានបាននិយាយ ឬថ្លែងនៅមុនកិច្ចប្រជុំទៅកាន់អ្នកសារព័ត៌មានដែរឬទេ?
សាវយុត ៖ រហូតមកដល់ពេលនេះ យើងឃើញថា មន្ត្រីថៃមិនទាន់មានប្រសាសន៍អ្វីឆ្លើយតបជាមួយអ្នកសារព័ត៌មាននៅឡើយទេ ហើយក៏មិនទាន់មានប្រភពមន្ត្រីថៃណាមួយបានឆ្លើយតបលើបញ្ហាអ្វីដែរ។ ប៉ុន្តែមន្ត្រីកម្ពុជាបានបញ្ជាក់ថា ការប្រជុំស្ដីពីបញ្ហាព្រំដែនគោកលើកនេះ គឺផ្អែកទៅលើបច្ចេកទេសទាំងស្រុង។
ហ៊ុយ វណ្ណៈ ៖ តើនៅក្នុងបណ្ដោយព្រំដែនខ្មែរ-ថៃ តើមន្ត្រីខ្មែរបញ្ជាក់ជាមុនថាតំបន់ណាជាតំបន់ដែលប្រឈម ហើយដែលអាចឈានទៅដល់ការជជែកតឹងតែងនៅក្នុងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ?
សាវយុត ៖ តាមការបង្ហើបឲ្យដឹងរបស់លោក វ៉ា គឹមហុង គឺថា គេគ្រោងនឹងជជែកអំពីការត្រួតពិនិត្យបន្ទាត់ព្រំដែនដែលមានចម្ងាយប្រមាណជាង ៨០០គីឡូម៉ែត្រ រួមគ្នា ចាប់ពីខេត្តត្រាតរបស់ថៃនិងខេត្តកោះកុងរបស់ខ្មែរ រហូតមកដល់ព្រំដែនច្រកជាំសាង៉ាំ រួមទាំងតំបន់ព្រំដែនដែលមានជម្លោះក្បែរប្រាសាទព្រះវិហារផងដែរ៕
