តាមទាហានខ្មែរមួយរូបសុំមិនបញ្ចេញឈ្មោះដែលកំពុងការពារព្រំដែននៅតំបន់ចាក់ច្រែងបានមានប្រសាសន៍កាលពីព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ថាទាហានថៃបានប្រើគ្រឿងចក្រឈូសធ្វើផ្លូវចូលមកដល់តំបន់ហាមឃាត់ដែលពួកគេកំពុងបោះជំរំចំនួន៣ថ្ងៃមកហើយ។ កាលពីព្រឹកមិញការឈូសឆាយបានបន្តចូលមកដល់មុខខ្សែត្រៀមទាហានខ្មែរ។
យោធាខ្មែរដដែលបាននិយាយថា ស្របនឹងការឈូសផ្លូវ ថៃបានបញ្ជូនទាហានមកកាន់តំបន់ជម្លោះជាបន្តបន្ទាប់ និងមានការហោះហើរនៅជិតៗនោះកាលពីព្រឹកមិញដែលការប្រឈមមុខកាន់តែតឹងតែងឡើងៗ។
យោធាដដែលបានឲ្យដឹងថា ៖ «សៀមវាមកចូលដីយើង... តឹងមួយថ្ងៃបន្តិច តឹងទៅៗ។ យប់មិញក៏វាមក ឥឡូវថ្ងៃនេះវាមកទៀត។ យន្តហោះវាកំពុងតែក្រវែលនៅហ្នឹងពីរបីសាហើយ»។
តាមសេចក្តីរាយការណ៍ខ្លះទៀតឲ្យដឹងថា ស្ថានភាពនៅតាមព្រំដែនមួយចំនួនមានភាពខុសធម្មតាខណៈដែលទាហានថៃបានប្រកាសថា គេធ្វើសមយុទ្ធយោធានៅក្បែរតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារនាព្រឹកថ្ងៃសុក្រនេះ។
កងយោធាខ្មែរដែលប្រចាំការនៅព្រំដែនចន្លោះពីអូរស្មាច់និងថ្មដូននៃខេត្តឧត្តរមានជ័យមួយរូប បានមានប្រសាសន៍ថា កាលពីព្រឹកថ្ងៃសុក្រគេបានទទួលព័ត៌មានថា ថៃបានជម្លៀសប្រជាពលរដ្ឋរបស់ខ្លួននៅភូមិជាប់ព្រំដែនមួយចំនួនឲ្យចាកចេញកាលពីព្រឹកមិញ ហើយទាហានថៃឈុតខ្មៅចំនួន៦ឡានទេសចរណ៍ធុនតូចត្រូវបានដឹកជញ្ជូនមកដាក់នៅព្រំដែនបន្ថែមទៀត ៖ «ប្រជាជនខាងគេ គេដឹកចេញមួយចំនួន...»។
ចំណែកនៅតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារមានសេចក្តីរាយការណ៍ថា សមយុទ្ធយោធាថៃដែលបានជូនដំណឹងថា ធ្វើនៅជិតប្រាសាទព្រះវិហារនោះបានចប់សព្វគ្រប់ហើយកាលពីម៉ោង១២ថ្ងៃត្រង់ ដោយគេមិនបានឃើញទាហានសមយុទ្ធនិងសំឡេងបាញ់កាំភ្លើងលាន់ឡើងនៅជិតៗនោះទេ។
តាមប្រភពពីកងយោធាខ្មែរនៅប្រាសាទព្រះវិហារបានឲ្យដឹងថា នៅថ្ងៃទី៤ ខែកក្កដា ទាហានថៃ១០នាក់ដែលកំពុងប្រចាំការនៅក្នុងទីវត្តខ្មែរ កែវសិក្ខាគិរីស្វរៈ អាចនឹងត្រូវទាហានខ្មែរបញ្ឈប់មិនឲ្យចូលមកក្នុងដីខ្មែរទៀតទេ។
ក៏ប៉ុន្តែទោះយ៉ាងណាមិនអាចសុំការបញ្ជាក់ជាផ្លូវការពីមេបញ្ជាការយោធាខ្មែរដែលគ្រប់គ្រងតំបន់ជម្លោះជុំវិញបញ្ហានោះបាននៅឡើយទេ។
ទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិន បានដកស្រង់សម្ដីឧបនាយករដ្ឋមន្ត្រីថៃទទួលបន្ទុកការងារសន្តិសុខ លោក Suthep Thaughsuban មកផ្សាយកាលពីថ្ងៃសុក្រថា កម្ពុជានិងថៃនឹងកាត់បន្ថយចំនួនកងទ័ពនៅតាមតំបន់ជម្លោះព្រំដែន។
តាមកាសែតថៃនិយាយថា បច្ចុប្បន្នមានទាហានខ្មែរចំនួន៥ពាន់នាក់និងទាហានថៃ៤ពាន់នាក់នៅតាមតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារនោះ៕
