អនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃ លោកវរសេនីយ៍ទោ តូច រ៉ា បានមានប្រសាសន៍ថា កងទាហានឈុតខ្មៅរបស់ថៃនៃកងវរសេនាធំលេខ២៣០៧ ប្រមាណ១០នាក់ប្រដាប់ដោយអាវុធគ្រប់ដៃបានចូលមករុះរើខ្ទមអ្នកភូមិខ្មែរនៅតំបន់ឆ្កែអើត តាំងតែពីយប់ថ្ងៃទី១៦ ខែឧសភា និងបន្តចូលមកព្យាយាមធ្វើប៉ុស្តិ៍នៅតំបន់នោះកាលពីព្រឹកថ្ងៃសុក្រ ប៉ុន្តែត្រូវកងរក្សាព្រំដែនខ្មែរជំទាស់យ៉ាងតឹងតែងជំរុញឲ្យទាហានថៃទាំងនោះដកថយវិញ ។
លោកវរសេនីយ៍ទោ តូច រ៉ា បានឲ្យដឹងថា ៖ «ថៃដាក់កម្លាំងរបស់គេមកធ្វើម្ខាងថ្នល់ហ្នឹង គេមិនឲ្យយើងឃើញទេ គេបោះក្នុងព្រៃទៀត ។ ថ្ងៃនេះខ្ញុំកំពុងតែទប់ជាមួយនឹងកម្លាំងថៃរហូតពីព្រឹកដល់ថ្មើរនេះ» ។
មន្រ្តីប៉ូលិសព្រំដែនប្រចាំច្រកទ្វារអន្តរជាតិជាំសាង៉ាំមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្រុមទាហានឈុតខ្មៅថៃប្រដាប់ដោយអាវុធទាំងនោះ បានចូលមករុះរើខ្ទមប្រជាពលរដ្ឋខ្មែរដែលនៅជាប់ព្រំដែនដែលតំបន់នោះជាកន្លែងប្រជាពលរដ្ឋខ្មែរធ្លាប់រស់នៅជាយូរមកហើយ ៖ «ទាហានឈុតខ្មៅគេមករុះរើតូបប្រជាពលរដ្ឋយើង ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែននោះដែរ កន្លែងដីដែលប្រជាពលរដ្ឋខ្មែរយើងធ្លាប់រស់នៅ» ។
ទោះយ៉ាងណានៅថ្ងៃសុក្រនេះមិនអាចស្វែងរកការជួបបំភ្លឺបញ្ហាពីមេបញ្ជាការទាហានឈុតខ្មៅថៃប្រចាំតំបន់និងពីមន្រ្តីស្ថានទូតថៃប្រចាំកម្ពុជាបានទេ ។
ប្រធានគណៈកម្មការដោះស្រាយបញ្ហាព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានមានប្រសាសន៍កាលពីរសៀលថ្ងៃសុក្រថា លោកពុំទាន់បានទទួលព័ត៌មាននោះនៅឡើយទេ ហើយប្រសិនបើមានដូច្នោះមែនលោកមានការភ្ញាក់ផ្អើល ប៉ុន្តែទោះយ៉ាងណាលោកយល់ថា ទាហានថៃមិនអាចរំកិលចូលមកដាក់ប៉ុស្តិ៍ថ្មីទៀតបានទេ ពីព្រោះតែភាគីថៃមិនទាន់ឯកភាពចំពោះការដាក់ទីតាំងថ្មីរបស់កម្ពុជានៅច្រកទ្វារលើផ្លូវជាតិលេខ៦៧នោះ ។
លោក វ៉ា គឹមហុង បានបញ្ជាក់ថា ៖ «យើងសព្វថ្ងៃច្រកអន្តរជាតិនៅជាសាង៉ាំ យើងទុកនៅច្រកចាស់ដដែលដោយថៃមិនឯកភាព ក្នុងការដាក់ទីតាំងថ្មីរបស់ភាគីកម្ពុជា នៅច្រកជាំសាង៉ាំនេះ នៅលើផ្លូវជាតិ ៦៧ ដែលសម្ដេចនាយករដ្ឋមន្រ្តីលោកបានសម្ពោធរួចទៅហើយ ឲ្យដាក់ប្រើប្រាស់ ប៉ុន្តែថៃមិនអាចឯកភាពក្នុងការដាក់ទីតាំងរបស់កម្ពុជា យើងក៏មិនព្រមបើកច្រកអន្តរជាតិនៅលើផ្លូវជាតិ ៦៧ ដែលសម្ដេចលោកសម្ពោធឲ្យប្រើរួចហើយ» ។
លោក វ៉ា គឹមហុង បានមានប្រសាសន៍បន្ថែមទៀតថា បន្ទាត់ព្រំដែនរវាងកម្ពុជាថៃនៅច្រកជាំសាង៉ាំ ថ្វីត្បិតតែគណៈកម្មការព្រំដែនកម្ពុជាថៃ មិនទាន់បានទៅដល់និងកំណត់ច្បាស់លាស់មែន ប៉ុន្តែគណៈកម្មការចម្រុះកម្ពុជាថៃ ធ្លាប់បានឯកភាពគ្នាឲ្យក្រុមបច្ចេកទេសចម្រុះនៃភាគីទាំងពីរ ចុះទៅធ្វើការវាស់វែងរកខ្សែម៉ែត្រចែកទឹកនៃខ្សែព្រំដែនប្រទេសកម្ពុជាថៃរួចហើយ ដែលគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបានអនុម័តយកខ្សែរួចទៅហើយ ប៉ុន្តែថៃមិនទទួលយកដោយថា ខ្សែនៅមានឆកដោយទុករង់ចាំឲ្យគណៈកម្មការចម្រុះទៅដល់និងវាស់វែងម្តងទៀត ។
សូមបញ្ជាក់ថា បញ្ហាចម្រូងចម្រាស់នៅបន្ទាត់ព្រំដែនច្រកជាំសាង៉ាំ ឧស្សាហ៍កើតមានជាញឹកញាប់តាំងតែពីអំឡុងខែកញ្ញា ឆ្នាំ២០០៧ ដោយកងទាហានឈុតខ្មៅថៃបានចូលមករារាំងក្រុមអង្គការដោះមីន HALO TRUST ហើយកាលពីឆ្នាំ២០០៦ កងទាហានថៃបានយកផ្ទះដែក AUSCO ចូលមកបោះទីតាំងខិតចូលមករកតំបន់ព្រំដែនខ្មែរទៀតផង ៕
