ជនជាតិ​ថៃ​យក​គោ​មក​ឃ្វាល​ក្នុង​ដី​ខ្មែរ​នៅ​​បន្ទាយមានជ័យ

ប្រភព​ពី​ប្រជា​ពលរដ្ឋ និង​ក្រុម​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​ថា ជនជាតិ​ថៃ​បាន​យក​គោ​មក​ឃ្វាល​នៅ​លើ​ទឹក​ដី​ខ្មែរ​ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ​ពី​បង្គោល​ព្រំដែន​កម្ពុជា​ថៃ នៅ​ត្រង់​ចំណុច​ច្រក​តែហាំង ក្នុង​ភូមិ​បឹង​ស្នោ ឃុំ​ស្លក្រាម ខេត្ត​បន្ទាយមានជ័យ។

0:00 / 0:00

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុម ចាន់គា ដែល​តែង​ចេញ​ចូល​ចំណុច​នោះ បាន​អះអាង​ថា ការ​បណ្ដោយ​ឲ្យ​ជនជាតិ​ថៃ​មក​ឃ្វាល​គោ​នៅ​តំបន់​នោះ ដោយ​គ្មាន​អើពើ​ពី​សំណាក់​មន្ត្រី​មូលដ្ឋាន​ខ្មែរ​បាន​ធ្វើ​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​ថ្លែង​បន្ត​អំពី​ការ​ព្រួយ​បារម្ភ​របស់​លោក​ដូច្នេះ ៖ «ប៉ុន្តែ​បញ្ហា​គោ​ដែល​នាំ​មក​ឃ្វាល​ស្រុក​ខ្មែរ មិន​ដែល​មាន​ប្រទេស​ណា​ដែល​ស្រួល​ដូច​ស្រុក​ខ្មែរ​ទេ! ប្រទេស​គេ​គ្មាន​សិទ្ធិ​មក​ឃ្វាល​គោ ហាក់​ដូច​ជា​ព្រំដែន​ជា​ភូមិ ឃុំ ស្រុក​យ៉ាង​នេះ​ទេ។ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ព្រោះ​ថា ចេះ​តែ​ជ្រុល​ចូល​ហើយ សូម្បី​តែ​គោ​ក៏​អាច​លែង​ឲ្យ​មក​ស៊ី​នៅ​ស្រុក​ខ្មែរ​បាន​ដែរ វា​ចប់​ហើយ!»

ការ​អះអាង​ដូច្នេះ​ក៏​ត្រូវ​បាន​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ស្លក្រាម លោក សុ ជាតិ ទទួល​ស្គាល់​ថា មាន​បញ្ហា​ដូច្នេះ​មែន ហើយ​ជួនកាល​ការ​ឃ្វាល​គោ​ក្របី​បាន​ធ្វើ​ឡើង​ចូល​មក​ដល់​ទំនប់ ក​៥ របស់​ខ្មែរ នៅ​តំបន់​អូរ​បី​ជាន់​ថែម​ទៀត ប៉ុន្តែ​លោក​ថា ក្រុម​អ្នក​ឃ្វាល​គោ​ជនជាតិ​ថៃ​ត្រូវ​គេ​បណ្ដេញ​ទៅ​វិញ​អស់​ហើយ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

លោក សុ ជាតិ បាន​បញ្ជាក់​ថា ៖ «ពួក​អ្នក​កាប់​ឧស​គេ​បាន​ប្រទះ​ឃើញ ពួក​ថៃ​ហ្នឹង​ចាប់ផ្ដើម​វាស់វែង​ដី​ចូល​មក​ខាង​លិច​ច្រក​តែហាំង​ហ្នឹង​ណា៎! ចាប់ផ្ដើម​ឲ្យ​ពួក​ទាហាន​ចុះ​ទៅ ដល់​ពេល​ចុះ​ទៅ ឃើញ​មែន ក៏​ពួក​ទាហាន​ហ្នឹង​ធ្វើ​អន្តរាគមន៍​ដេញ​វា​ចេញ​ទៅ! ដល់​ដេញ​វា​ចេញ​ទៅ ឥឡូវ​នេះ​អត់​មាន​ឃើញ​សកម្មភាព​ធ្វើ​អ្វី​បន្ត​ទៀត​ទេ!»

មេ​ភូមិ​បឹង​ស្នោ លោក វ័ន្ត សម្បូរ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា អាជ្ញាធរ​ក៏​មាន​ការ​បារម្ភ​អំពី​ការ​ទន្ទ្រាន​យក​ដែនដី​ពី​សំណាក់​ប្រទេស​ថៃ​ដែរ ហើយ​គេ​ចាប់ផ្ដើម​រឹត​បន្តឹង​ការ​ឆ្លង​ចូល​មក​ព្រំដែន​ខ្មែរ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

លោក វ័ន្ត សម្បូរ បាន​មាន​ប្រសាសន៍​ថា ៖ «កាល​ណា​ចូល​មក​អ៊ីចឹង ខាង​ប្រដាប់​អាវុធ​យើង ខាង​ទ័ព​ការពារ​ព្រំដែន​ក្តី ខាង​ប៉ូលិស​ការពារ​ព្រំដែន​ក្តី លោក​បាន​ព្រមាន​អ៊ីចឹង​ណា៎! វា​អត់​មាន​ឃើញ​ហ្វូង​ហ្វាយ​ដូច​មុន!»

កាល​ពី​សប្ដាហ៍​មុន ក្រុម​ទាហាន​ថៃ​បាន​ចូល​មក​បោះ​បង្គោល​ចំនួន ៥​ដើម​នៅ​ចំណុច​ភូមិ​ជោគជ័យ ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ហើយ​ក្រោយ​មក​ទៀត​កង​ទាហាន​ខ្មែរ​កង​ពល​លេខ​៥០៣ ក៏​បាន​ដក​បង្គោល​នោះ​ចោល​ទៅ​វិញ។ ក្រោយ​ពី​កង​ទាហាន​ខ្មែរ​ដក​បង្គោល​នោះ​ចោល​ប្រភព​ពី​ក្រុម​សិទ្ធិ​មនុស្ស​ក៏​បាន​បង្ហើប​ទៀត​ថា កង​ទាហាន​ថៃ​បាន​ប្រើ​យន្តហោះ​ធ្វើ​ការ​ហោះ​ហើរ​ចូល​មក​ដី​ខ្មែរ​នៅ​តំបន់​នោះ​ជា​ញឹកញយ៕