មន្ត្រី​ខ្មែរ៖ សភាពការណ៍​តានតឹង​នៅ​តំបន់​ព្រំដែន​កើត​ឡើង​ជា​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ស្ថានការណ៍​តានតឹង​ផ្នែក​យោធា​កើត​ឡើង​សា​ជា​ថ្មី​ទៀត នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-​ថៃ បន្ទាប់​ពី​ថៃ​បញ្ជូន​អ្នក​សង្កេតការណ៍​ខ្លួន​មក​កម្ពុជា។

0:00 / 0:00

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ឧសភា បាន​ឲ្យ​ដឹង​ថា សភាពការណ៍​តានតឹង​ផ្នែក​យោធា​នៅ​តាម​​ព្រំដែន​ខ្មែរ និង​ថៃ ក្បែរ​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី ក្នុង​ខេត្ត​ឧត្តរមានជ័យ បាន​កើត​ឡើង​សា​ជា​ថ្មី​ម្ដង​ទៀត ក្រោយ​ពេល​ថៃ បាន​បញ្ជូន​អ្នក​យក​ការណ៍​សម្ងាត់​យោធា​ខ្លួន​មក​យក​ព័ត៌មាន​សម្ងាត់​យោធា​ខ្មែរ​តាម​ព្រំដែន។

មន្ត្រី​ឲ្យ​ដឹង​ថា ភាព​តានតឹង​យោធា​នេះ​កើត​ឡើង​ចំ​ពេល​កិច្ចប្រជុំ​ត្រី​ភាគី​នៅ​ទីស្នាក់ការ​យូណេស្កូ (UNESCO) នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ស្ដីពី​របាយការណ៍​ខូចខាត​ប្រាសាទ​ព្រះវិហារ កាល​ថ្ងៃ​ទី​២៥ ឧសភា។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​បន្ត​ថា កងទ័ព​កម្ពុជា កំពុង​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយសារ​តែ​ថៃ បាន​បញ្ជូន​អ្នក​យក​ការណ៍​សម្ងាត់​ស៊ើប​ការណ៍​កងទ័ព​កម្ពុជា។ បច្ចុប្បន្ន​នេះ​អ្នក​ស៊ើបការណ៍​ថៃ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន​បាន និង​កំពុង​ឃុំឃាំង។

លោក​បន្ត​ថា ជា​ទូទៅ​នៅ​ពេល​ដែល​ថៃ បញ្ជូន​អ្នក​ស៊ើបការណ៍​មក​តំបន់​ព្រំដែន បន្ទាប់​មក​នឹង​មាន​ការ​វាយ​ប្រហារ​មក​លើ​ទឹក​ដី​កម្ពុជា ៖ «នៅ​ក្នុង​ន័យ​ហ្នឹង​គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​ថៃ​ចង់​យក​ការ​ប្រឌិត​ហ្នឹង​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ជះ​ទៅ​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​នឹង​ធ្វើ​សវនាការ​ផ្ទាល់​មាត់​នៅ​ចុង​ខែ (ឧសភា) នេះ។ បំណង​របស់​គេ​គឺ​ថា មិន​បាច់​ភាគី​ទី​៣ លូក​ដៃ​ទេ...។ នេះ​គឺ​ជា​ការ​ពន្យារ​ពេល»

ក្រសួង​ការពារ​ជាតិ​ខ្មែរ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ក៏​បាន​បដិសេធ​ព័ត៌មាន​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ថៃ ដែល​លើក​ឡើង​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC)។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា កម្ពុជា​បន្ត​គោរព​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ជា​កញ្ចប់​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ត្រី​ភាគី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ដើម​ខែ​ឧសភា។ សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ធ្វើ​អ្វី​ផ្ទុយ​ទៅ​នឹង​ដំណោះស្រាយ​ជា​កញ្ចប់​នេះ​ឡើយ។

លោក ផៃ ស៊ីផាន បាន​បន្ថែម​ទៀត​ថា កម្ពុជា​នឹង​ជួយ​ភាគី​ថៃ ជា​លក្ខណៈ​ទ្វេ​ភាគី​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ព្រំដែន​ទេ ដោយសារ​កិច្ចប្រជុំ​ទ្វេ​ភាគី​គ្មាន​លទ្ធផល និង​បរាជ័យ​ជា​ច្រើន​លើក​រួច​មក​ហើយ។

កាសែត​ថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ដក​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​រដ្ឋាភិបាល​ចាំ​ផ្ទះ​ថៃ​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ព្រំដែន ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​កាលបរិច្ឆេទ។ មន្ត្រី​​បន្ត​ថា ក្រុម​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី នឹង​ចាប់​ផ្ដើម​សិក្សា​តំបន់​មួយ​ចំនួន​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ និង​ថៃ ដើម្បី​កំណត់​ទីតាំង​សម្រាប់​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី។

ជម្លោះ​ព្រំដែន​ខ្មែរ និង​ថៃ កំពុង​ឋិត​ក្នុង​ការ​ដោះស្រាយ​ជា​លក្ខណៈ​អន្តរជាតិ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​គ្រោង​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​៣០ និង ៣១ ឧសភា ដើម្បី​ពិភាក្សា​លើ​វិធានការ​បន្ទាន់​មួយ​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ។ តុលាការ​ក៏​នឹង​បើក​សវនាការ​ជា​សាធារណៈ​ស្ដីពី​បណ្ដឹង​កម្ពុជា ឲ្យ​មាន​ការ​បកស្រាយ​សាលក្រម​តុលាការ​ឆ្នាំ​១៩៦២ ដែល​បាន​សម្រេច​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​បូរណភាព​កម្ពុជា។

ហ្វីលីពីន​ត្រៀម​បញ្ជូន​អ្នក​សង្កេតការណ៍​មក​តំបន់​ជម្លោះ​ខ្មែរ-​ថៃ

ប្រធានាធិបតី​នៃ​ប្រទេស​ហ្វីលីពីន លោក បេនីងូ អាគីណូ (Benigno Aquino) មាន​ប្រសាសន៍​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ថា ប្រទេស​របស់​លោក​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ជួយ​ដោះស្រាយ​ជម្លោះ​កម្ពុជា-​ថៃ។

លោក អាគីណូ បាន​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​លោក​បាន​ជួប​មេដឹកនាំ​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ថា ប្រទេស​ហ្វីលីពីន ត្រៀម​ខ្លួន​បញ្ជូន​អ្នក​សង្កេតការណ៍​ហ្វីលីពីន​ទៅ​កាន់​តំបន់​មាន​ជម្លោះ​នោះ ដើម្បី​ជួយ​ស្ដារ​ស្ថានការណ៍​ឡើង​វិញ​ប្រសិន​បើ​ចាំបាច់៕