អ្នក​បុរី​កីឡា​ព្រមាន​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ដីធ្លី

ក្រុម​អ្នក​ភូមិ​បុរី​កីឡា​ព្រមាន​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ នៅ​សប្ដាហ៍​ខាង​មុខ​ទៀត ដើម្បី​ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋាភិបាល​ពន្លឿន​ស្វែង​​រក​ដំណោះ​ស្រាយ​លំនៅឋាន​ឲ្យ​បាន​ឆាប់។

0:00 / 0:00

ការព្រមាន​នេះ កើត​ឡើង​ខណៈ​ក្រុមហ៊ុន ផានអ៊ីម៉ិច (Phanimex ) ចាត់​ទុក​ពលរដ្ឋ​ដែល​នៅ​បន្ត​ក្រាញ​ននៀល​មិន​ចាក​ចេញ​ទាំង​នេះ​ថា ពុំ​មាន​ឯកសារ​ផ្លូវ​ច្បាប់​គ្រប់​គ្រាន់។

ការ​ព្រមាន​ធ្វើ​បាតុកម្ម​របស់​អ្នក​ភូមិ​បុរី​កីឡា នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បដិសេធ​ជា​ថ្មី​ទៀត នូវ​សំណើ​របស់​ពួក​គេ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១២។ នៅ​ក្នុង​សំណើ​របស់​សហគមន៍​បុរី​កីឡា​ចំនួន ១១៧​គ្រួសារ ដែល​នៅ​សេសសល់​នេះ គឺ​ជា​ការ​ឆ្លើយ​តប​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ទាម​ទារ​ឲ្យ​ពលរដ្ឋ​បង្ហាញ​ភស្តុតាង​រឹង និង​ឯកសារ​ផ្លូវ​ច្បាប់ មុន​នឹង​បន្ត​ដោះ​ស្រាយ​តាម​សំណើ​របស់​ពួក​គេ។

ក្រោយ​ពី​ជំនួប​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​ពុធ រវាង​តំណាង​សហគមន៍​បុរី​កីឡា​ចំនួន ១០នាក់ ជាមួយ​នឹង​លោក ទីវ គឹមពិសិដ្ឋ អគ្គនាយក​រង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ អ្នកស្រី ឆាយ គឹមហ៊ន ដែល​អះអាង​ថា ជា​តំណាង​របស់​សហគមន៍​បុរី​កីឡា មាន​ប្រសាសន៍​ថា សាលា​រាជធានី​ភ្នំពេញ​ពុំ​មាន​សមត្ថភាព​ណា​មួយ ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ទេ ពោល​គឺ​គ្រាន់​តែ​ជា​ស្ពាន​ចម្លង​ទៅ​រដ្ឋាភិបាល​ប៉ុណ្ណោះ។

បើ​យ៉ាង​នេះ​ក្តី អ្នកស្រី​គំរាម​ថា ក្រុម​អ្នក​ភូមិ​បុរី​កីឡា​នឹង​ធ្វើ​បាតុកម្ម​ក្នុង​ទ្រង់​ទ្រាយ​ធំ នៅ​សប្ដាហ៍​ក្រោយ​នេះ បើ​រដ្ឋាភិបាល​នៅ​តែ​មិន​ដោះ​ស្រាយ​នោះ​ទេ។

អ្នកស្រី ឆាយ គឹមហ៊ន៖ «ខ្ញុំ​មក​សួរ​ចម្លើយ​ពី​សាលា​រាជធានី​ភ្នំពេញ​ទៀត តែ​បើ​សិន​អត់​បាន​ផល​ប្រយោជន៍​អី​ទេ នាង​ខ្ញុំ​នឹង​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​ឲ្យ​ធំ។ ពួក​ខ្ញុំ​លែង​មាន​អារម្មណ៍​ជឿជាក់​លើ​ពួក​គាត់​ទៀត​ហើយ ព្រោះ​គាត់​ឲ្យ​ពួក​ខ្ញុំ​ជឿជាក់​លើ​គាត់​វា​ច្រើន​មក​ហើយ ហើយ​អ្វី​ដែល​គាត់​បោក​បញ្ឆោត​ពួក​ខ្ញុំ គឺ​រឹត​តែ​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​កាន់​តែ​រឹងមាំ​ខ្លាំង​ទៅៗ។ ព្រោះ​ពេល​នេះ ពួក​ខ្ញុំ​មិន​អាច​រង់ចាំ​ការ​ដែល​ពួក​គាត់​ពន្យារ​ពេល​ទៀត​ទេ​បង។ ខ្ញុំ​ត្រូវ​តែ​ប្រឹង​ប្រែង​ដើម្បី​ផ្ទះ​របស់​ពួក​ខ្ញុំ​ទាំង​អស់​គ្នា ព្រោះ​ពួក​ខ្ញុំ​រស់​នៅ​រាល់​ថ្ងៃ​នេះ ឈឺ​ចាប់​ណាស់។ ការ​ប្រមាថ​មើល​ងាយ​របស់​គេ​ក៏​មាន គេ​បោះ​សំរាម​លើ​ក្បាល​ក៏​មាន ហើយ​ដល់​ពេល​អញ្ចឹង ពួក​ខ្ញុំ​នឹង​ប្រឹង​ប្រែង ព្រោះ​ការ​ដែល​ពួក​គាត់​បោក​ប្រាស់​ពួក​ខ្ញុំ​ម្តង​ថា​ថ្ងៃ​នេះ ម្តង​ថា​ថ្ងៃ​នោះ ម្តង​ថា​ទៅ​ស្នង​ការ​គេ​នឹង​ដោះ​ស្រាយ ម្តង​ទៅ​សាលា​ខណ្ឌ​គេ​នឹង​ដោះ​ស្រាយ ម្តង​អើ​ទៅ​ស្នងការ​ទៀត​ទៅ បិទ​រូប​ថត​រូប​អី​ទៀត​គេ​នឹង​ដោះ​ស្រាយ តែ​តាម​ពិត គឺ​អត់​មាន​ប្រយោជន៍​អី​ទាំង​អស់»

ការ​ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី​ទៀត នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា របស់​អ្នក​ភូមិ​បុរី​កីឡា​ប្រមាណ ៣០​នាក់។ ពួក​គេ​បញ្ជាក់​ជំហរ​ថា នៅ​តែ​បន្ត​ការ​តវ៉ា​បន្ត​ទៀត រហូត​ដល់​មាន​ដំណោះ​ស្រាយ ដើម្បី​លំនៅឋាន​សមរម្យ​ដូច​អ្នក​ឯ​ទៀតៗ។

នៅ​ក្នុង​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន ផានអ៊ីម៉ិច និង​ពលរដ្ឋ​សហគមន៍​បុរី​កីឡា​នេះ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១២។ យ៉ាង​ហោច​ណាស់ មាន​អ្នក​ភូមិ​បុរី​កីឡា​ដែល​មិន​ព្រម​ចាក​ចេញ ៣០​នាក់ ក្នុង​ចំណោម ១១៧​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​នៃ​សាលា​រាជធានី​ភ្នំពេញ ចាប់​ឃុំ​ខ្លួន​នៅ​មណ្ឌល​កែប្រែ​ព្រៃ​ស្ពឺ។ ការ​ចាប់​ខ្លួន​នេះ ដោយ​សារ​អាជ្ញាធរ​ចាត់​ទុក​ថា ការ​តវ៉ា​របស់​ពលរដ្ឋ​បុរី​កីឡា គឺ​ប្រឆាំង​ទៅ​នឹង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន ផានអ៊ីម៉ីច របស់​អ្នកស្រី ស៊ុយ សុផាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។