អ្នក​​ភូមិ​បុរី​កីឡា​ព្រមាន​ចូល​ទៅ​នៅ​អគារ​សង់​ថ្មី

អ្នក​ភូមិ​បុរី​កីឡា​ជាង ១០០​គ្រួសារ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​កុម្ភៈ បាន​ទទូច​ជា​ថ្មី​ទៀត​អោយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​រដ្ឋាភិបាល ផ្តល់​ដំណោះ​ស្រាយ​សមរម្យ​ជូន​ពួកគាត់។

0:00 / 0:00

អ្នក​ភូមិ​បុរី​កីឡា​ដែល​នៅ​សេស​សល់ កំពុង​រស់​នៅ​ក្រោម​អគារ​ទី​៧ ក្នុង​ប្លុក​បុរី​កីឡា បាន​ប្រកាស​ថា ពួកគេ​នឹង​ចូល​ទៅ​រស់​ក្នុង​អគារ​សង់​ថ្មី​ចំនួន២ របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច ប្រសិន​បើ​ក្រុម​ហ៊ុន​នៅ​តែ​​មិន​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ។ ស្រប​គ្នា​នោះ ពួកគេ​ក៏​បាន​ស្នើ​សុំ​អន្តរាគមន៍​ដោះ​លែង​អ្នក​បុរី​កីឡា​ចំនួន ៧​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​​​សន្និសីទ​សារព័ត៌​មាន​របស់​ប្លុក​បុរី​កីឡា នៅ​ខាង​មុខ​អគារ​ទី៨ ខណ្ឌ​៧មករា។ អ្នក​ភូមិ​បុរី​កីឡា​ដែល​ភាគ​ច្រើន​ជា​ស្រ្តី និង​កុមារ បាន​កាន់រូប​ថត​ជន​រង​គ្រោះ​ជា​ច្រើន​សន្លឹក និង​បដារ​មួយ​ចំនួន ដែល​និយាយ​ពីការទាម​ទារ​សំណង​ពី​ការ​អភិវឌ្ឍ​ប្លុក​បុរី​កីឡា ការ​ឈូស​ឆាយ​ផ្ទះ​សម្បែង​ សំណើ​អោយ​មាន​ការ​ស៊ើប​អង្កេត និង​ទាម​ទារ​ដោះ​លែង​អ្នក​ជាប់​ឃុំ។

ពួកគេ​និយាយ​ថា ក្នុង​រយៈ​ពេល ៧​ថ្ងៃ​បើ​នៅ​​តែ​ពុំមាន​ដំណោះ​ស្រាយ ពួក​គេ​​ទាំង​ជាង ​១០០​គ្រួសារ នឹង​ទៅ​រស់​នៅ​អគារ​សង់​ថ្មី​ចំនួន​ពីរ៖ «និយាយ​ថា ពួក​ខ្ញុំ​ជា​ជន​អនាមិក បើ​អ៊ីចឹង​ខ្ញុំ​នឹង​នាំ​ពួក​បង​ប្អូន​ខ្ញុំ​ទៅ​ស្នាក់​នៅ​ក្រោម​អគារ​ទី​៩ ទី​១០ កុំ​អោយ​គេ​ថា ខ្ញុំ​ជា​ជន​អនាមិក​ទៀត ព្រោះ​ខ្ញុំ​ជា​ជន​រង​គ្រោះ»

ការ​ទាម​ទារ​របស់​អ្នក​ភូមិ​បុរី​កី​ឡា ធ្វើ​ឡើង​នៅ​ខណៈ​ពេល​អគារ​ថ្មី​ចំនួន២ ត្រូវ​គេ​សាង​សង់​នៅ​ខាង​ជើង​អគារ​ទី​៨។

ក្រុមអ្នក​ភូមិ​បាន​ចោទ​សួរ​ថា តើ​ក្រុម​ហ៊ុន​ផានអ៊ីម៉ីច ក្ស័យធន​ពិត​ប្រាកដ​ដែរ ឬ​ទេ? បើ​ក្ស័យ​ធន​ហេតុ​អ្វី​ក្រុម​ហ៊ុនបន្ត​សាង​សង់​អគារ​ថ្មី? តើ​អគារ​ថ្មី​នោះ​សម្រាប់​អ្នក​ណា ៖ «គាត់​សាង​សង់​ដើម្បី​ប្រជាពលរដ្ឋ ឬ​ដើម្បី​អ្វី? ព្រោះ​គាត់​បាន​ប្រាប់​​​ទៅ​រដ្ឋាភិបាល​ថា ក្ស័យ​​ធន ឥឡូវ​ម៉េច​ក៏​សាង​សង់​អគារ​ទី​៨​នេះ? ខ្ញុំ​ឈឺ​ចាប់​ណាស់ សូម​អោយ​គាត់​ឆ្លើយ​នឹង​ប្រជាពលរដ្ឋ តំណាង​ក្រុម​ហ៊ុន​ចុះ​មក​ទាំង​អស់​គ្នា​មក»

ស្រប​គ្នា​នេះ ​​ក្រុម​គ្រួ​សារ​អ្នក​ដែល​ជាប់​ឃុំ​ក៏​បាន​អំពាវនាវ​រក​អន្តរាគមន៍​ដោះ​លែង​អ្នក​ភូមិ​បុរី​កីឡា ដែល​កំពុង​ជាប់​ឃុំ។ ពួក​គេទាំង ៧​នាក់ ត្រូវ​ចាប់​ខ្លួន​​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា នៅ​ពេល​អាជ្ញាធរ​ឈូស​ឆាយ​ផ្ទះ​សម្បែង​ពួកគេ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២៖ «ខ្ញុំ​ខុស​អី​បាន​ជា​ឈូស​ផ្ទះ​ខ្ញុំ​ហើយ​ចាប់​ប្តី​ខ្ញុំ​ទៀត»

អ្នក​ភូមិ​ឈ្មោះ ប្រាក់ ស៊ីណាត បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា ប្តី​អ្នក​ស្រី​ត្រូវ​គេ​ចាប់​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ដោយ​ពុំ​មាន​កំហុស។

ក្រុម​គ្រួសារ​អ្នក​ដែល​កំពុង​ជាប់​ឃុំ​និយាយ​ថា ក្រុម​ហ៊ុន​ធ្លាប់​ចរចារ​អោយ​ពួកគេ​បញ្ឈប់​ការ​តវ៉ា និង​ចាក​ចេញ​ពី​ប្លុក​បុរី​កីឡា ដោយ​សន្យា​ផ្តល់​ប្រាក់ ១.៥០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ និង​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង ៧​នាក់។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​​អ្នកស្រី​ ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច បាន​នៅ​ឡើយ​ទេ។

ចៅ​សង្កាត់​វាលវង់ អ្នកស្រី កែវ សាកល​ បាន​ទៅ​ឃ្លាំ​មើល​សកម្មភាព​អ្នក​ភូមិ​បុរី​កីឡា។ អ្នក​ស្រី​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​កុម្ភៈ ថា អ្នក​ស្រី​ចង់​អោយ​អ្នក​ភូមិ និង​ភាគី​ក្រុម​ហ៊ុន​ពិភាក្សា​គ្នា ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី៖ «ហើយ​អ្នក​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ តស៊ូ​ជា​មួយ​ក្រុម​ហ៊ុន​​​យក​បង្ហាញ​ឯក​សារ​ជូន​គាត់​ ថា ត្រូវ​ដោះ​ស្រាយ​ខ្ញុំ​ប្រភេទ​ហ្នឹង​យ៉ាង​ម៉េច? នេះ​ជា​វិធី​ដ៏​ល្អ​មួយ​ដែល​យើង​ត្រូវ​តែ​ជជែក​គ្នា។ គេ​រំដោះ​ប្រទេស​បាន​រឿង​អី​ធ្វើ​ការងារ​ប៉ុណ្ណឹង​មិន​បាន»

អ្នក​ភូមិ​បុរី​កីឡា​ក៏​បាន​ថ្លែង​ការណ៍​តាម​រយៈ​លខិត​ចំហ​មួយ​ មាន​ស្នាម​មេដៃ​តំណាង​អ្នក​ភូមិ​ចំនួន ៦​នាក់។ ពួក​គេ​​ស្នើ​រដ្ឋាភិបាល​អន្តរាគមន៍​ផ្តល់​ដំណោះ​ស្រាយជា​បន្ទាន់ ដោយ​បញ្ជាក់​ថា ក្រុម​ហ៊ុន​ផានអ៊ីម៉ិច មិន​គោរព​កិច្ច​សន្យា​ក្នុង​ការ​សាង​សង់​អគារ និង​រំលោភ​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​សម្បែង​ដោយ​ខុស​ច្បាប់៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។