អ្នកចូលរួមតវ៉ាសុំមិនប្រាប់ឈ្មោះអះអាងថា ពួកគាត់នឹងប្រឈមការបង់ប្រាក់ជាប្រចាំរាល់ថ្ងៃ ខែ ក្នុងការផ្ញើយានយន្ត និងលក់ដូរក្រោមអគារក ខ គ កំពុងរស់នៅ ទៅឲ្យក្រុមហ៊ុនផានអ៊ីម៉ិច។
គាត់បន្តថា មុនការអភិវឌ្ឍលំនៅឋាននៅកន្លែងសាលាក្រុងបានយល់ព្រមឲ្យអ្នកក្រីក្ររស់ក្នុងបុរីកីឡានេះយកបរិវេណក្រោមអគារកំពុងរស់នៅ រកស៊ីលក់ដូរ តាំងពីខែកុម្ភៈ ឆ្នាំ២០០៧មក។ ដល់មកថ្ងៃ៩ ខែមិថុនា ឆ្នាំ២០០៩ សាលាខណ្ឌ៧មករាចេញសេចក្តីជូនដំណឹងឲ្យពួកគាត់ប្រញាប់រុះរើរបស់របរកំពុងលក់ដូរក្រោមអគារនោះដើម្បីឲ្យក្រុមហ៊ុនផានអ៊ីម៉ិចធ្វើផ្សារ ជួលតូប និងធ្វើចំណតយានយន្តយកប្រាក់ ៖ «ធ្វើទីផ្សារហ្នឹងវាមិនខុសពីមកយកកម្មសិទ្ធិរបស់ប្រជាពលរដ្ឋមកជួលឲ្យប្រជាពលរដ្ឋ វាអត់សមហេតុសមផល»។
បើទោះបីជាមានការតវ៉ាពីពលរដ្ឋខ្លះ ប៉ុន្តែពលរដ្ឋខ្លះទៀតបានយល់ស្របចំពោះការប៉ុនប៉ងយកបរិវេណក្រោមអគារនោះធ្វើការអភិវឌ្ឍ។
ប្រធានគ្រប់គ្រងអគារក្នុងសហគមន៍បុរីកីឡា អ្នកស្រី ហួន ណារុំ មានប្រសាសន៍ថា អ្នកតវ៉ានោះមិនមែនអ្នករស់នៅពិតប្រាកដតាមអគារនីមួយៗដែលក្រុមហ៊ុនផានអ៊ីម៉ិចនិងសាលាក្រុងបានផ្តល់បន្ទប់ឲ្យរស់នៅតាមការចាប់ឆ្នោតក្រោមការសុំអភិវឌ្ឍលំនៅឋាននៅកន្លែងកាលពីប៉ុន្មានឆ្នាំនោះទេ។ អ្នកស្រីថា មានអ្នកមកពីចម្ងាយចូលមករស់នៅគ្មានរបៀបរៀបរយនិងសណ្តាប់ធ្នាប់ នាំឲ្យមានភាពរញ៉េរញ៉ៃ។
អ្នកស្រី ហួន ណារុំ បានបញ្ជាក់ថា ៖ «ប្រដាប់ប្រដាប្រជាជនដែលគាត់ទុកនៅក្រោមអគារនេះ យប់ឡើងវាមានការគាស់កកាយលួចយកទៅ»។
យោងតាមលិខិតជូនដំណឹងសាលាខណ្ឌ៧មករាចុះហត្ថលេខាដោយអភិបាលរងខណ្ឌ៧មករា លោក សោម សុវណ្ណ នាថ្ងៃ៩ ខែមិថុនា ឆ្នាំ២០០៩ ប្រកាសឲ្យប្រជាជនប្រកបរបរនិងអ្នកស្នាក់នៅជាន់ក្រោមអគារក ខ គ រុះរើតូបលក់ដូរ គ្រែនិងបន្ទប់ស្នាក់នៅ ចេញដោយខ្លួនឯងក្នុងរយៈពេល៧ថ្ងៃ គិតពីថ្ងៃ៩ ខែមិថុនា ដល់ថ្ងៃ១៦ ខែមិថុនា ជាកំហិត ដើម្បីអភិវឌ្ឍធ្វើជាទីផ្សារសម្រាប់លក់ដូរនិងចំណតយានយន្តឲ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ ដែលមានក្រុមហ៊ុនផានអ៊ីម៉ិចជាដៃគូក្នុងការអភិវឌ្ឍ។
គួរជម្រាបជូនថា យោងតាមការអភិវឌ្ឍនៅនឹងកន្លែងដោយមិនបាច់ដេញពលរដ្ឋក្រីក្រឲ្យចេញពីលំនៅឋាន សាលាក្រុងភ្នំពេញយល់ព្រមកាលពីប៉ុន្មានឆ្នាំមុនឲ្យក្រុមហ៊ុនផានអ៊ីម៉ិចសង់អគារប្រវាស់ចំនួន១០អគារលើដី២ហិកតារសម្រាប់អ្នកក្រីក្រនៅបុរីកីឡាជាច្រើនរយគ្រួសារនៅទីនោះបានរស់នៅដោយធ្វើការចាប់ឆ្នោត ហើយនៅសល់ដីមួយចំនួនធំទៀតទុកជាដីក្រុមហ៊ុន។ កាលនោះគេបានព្រមព្រៀងដោយទុកចំហចោលនូវលំហផ្នែកផ្ទាល់ដីសម្រាប់ដាក់យាន្តយន្តផ្ទាល់ទាំងអស់គ្នាសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងបុរីកីឡានោះ៕
