ក្រុមអាជីវកររស់នៅបុរីកីឡា ភូមិ១២ ជាង១ពាន់គ្រួសារ បានឲ្យដឹងនៅថ្ងៃ១ កក្កដា ដោយចោទប្រកាន់ក្រុមហ៊ុនផានអ៊ីម៉ិច ថាបានទៅដណ្តើមយកកន្លែងលក់ដូរនៅខាងក្រោមអគារផ្ទះល្វែងរបស់គេដែលជាទីកន្លែងសហកម្មសិទ្ធិរបស់ពួកគេ។
ប្រធានសហគមន៍មួយរូបឈ្មោះ ឃឹម ដាវី ក្នុងចំណោមសហគមន៍ទាំង១០នៅក្នុងបុរីកីឡា មានប្រសាសន៍ថា កាលពីពេលថ្មីៗនេះសាលាខណ្ឌ៧មករាបានអញ្ជើញអ្នកស្រីដើម្បីផ្តិតមេដៃប្រគល់កន្លែងលក់ដូរទាំងនោះឲ្យក្រុមហ៊ុនផានអ៊ីម៉ិចដើម្បីធ្វើតូបតូចៗសម្រាប់ជួលឲ្យប្រជាពលរដ្ឋវិញ ប៉ុន្តែអ្នកស្រីមិនព្រមផ្តិតមេដៃជូននោះទេ។
អ្នកស្រី ឃឹម ដាវី បានឲ្យដឹងថា ៖ «ក្រុមហ៊ុនផានអ៊ីម៉ិច ដោយថាគាត់ជាប់កម្មវិធីខាងសាងសង់អគារហ្នឹងឲ្យ ១០អគារហ្នឹង ដល់អ៊ីចឹងគាត់យកទីផ្សារនៅកន្លែងហ្នឹង។ ក៏ប៉ុន្តែខាងក្រុមហ៊ុនហ្នឹង បើធ្វើតាមគោលការណ៍ហ្នឹងខ្ញុំអត់ជំទាស់ទេ»។
ប្រជាពលរដ្ឋមួយរូបទៀតមានប្រសាសន៍ថា លោកអភិបាលក្រុង ក៏ដូចជាអភិបាលរង លោក ម៉ាន់ ឈឿន ធ្លាប់ ប្រកាសប្រាប់ប្រជាពលរដ្ឋថា ទីតាំងនៅក្រោមផ្ទះនេះជាសហកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋចង់លក់ដូរឬធ្វើអ្វីផ្សេងទៀតក៏បាន។
លោកបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ កក្កដា គឺតំណាងក្រុមហ៊ុនផានអ៊ីម៉ិច និងអភិបាលខណ្ឌ៧មករា បានចុះទៅវាស់វែងនិងឲ្យពួកគេរុះរើអីវ៉ាន់ចេញពីទីនោះ ៖ «ដល់មកហ៊ុមព័ទ្ធពួកខ្ញុំអ៊ីចឹង ដេញពួកខ្ញុំឲ្យយកអីវ៉ាន់ដាក់ចិញ្ចើមថ្នល់ ដាក់ចិញ្ចើមថ្នល់ដាក់ម៉េច? ខែភ្លៀងខែអីហើយ យើងរបររកស៊ីបន្តិចបន្តួចកំប៉ិកកំប៉ុក នំចំណីនាយអាយហ្នឹង ហើយអត់មាននរណាមកទិញទេខាងក្នុងនេះ មានតែអ្នកគ្នាឯងទិញក្នុងហ្នឹង»។
អភិបាលរងរាជធានីភ្នំពេញ លោក ម៉ាន់ ឈឿន មានប្រសាសន៍ថា បញ្ហានេះសាលាក្រុងបានប្រគល់ឲ្យខាងខណ្ឌ៧មករា ហើយឲ្យសួរទៅលោកអភិបាលខណ្ឌ ប៉ុន្តែលោកបានបញ្ជាក់ថា បញ្ហានេះគេគ្រាន់តែចង់រៀបចំឲ្យមានសណ្តាប់ធ្នាប់តែប៉ុណ្ណោះ ព្រោះការលក់ដូររបស់ប្រជាពលរដ្ឋទាំងនោះគ្មានរបៀបរៀបរយ។
លោក ម៉ាន់ ឈឿន បានមានប្រសាសន៍ថា ៖ «ធ្វើហ្នឹង ធ្វើដើម្បីឲ្យមានសណ្ដាប់ធ្នាប់ទេ មិនមែនហួងហែងយកធ្វើអីទេ។ ខ្លះខូចខិលទៅដណ្ដើមយកកន្លែងគេកន្លែងឯង ធ្វើដូចជាស្រុកអត់ច្បាប់អ៊ីចឹង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោកអភិបាលខណ្ឌ៧មករានិងតំណាងក្រុមហ៊ុនផានអ៊ីម៉ិចបានទេនៅថ្ងៃពុធនេះ។
មន្ត្រីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាន មានប្រសាសន៍ថា ទីតាំងខាងក្រោមអគារផ្ទះល្វែងនេះជាកន្លែងក្មេងលេងកម្សាន្ត ប៉ុន្តែដោយប្រជាពលរដ្ឋគ្មានមុខរបរពួកគេបានលក់ដូរបន្តិចបន្តួចដើម្បីសេដ្ឋកិច្ចគ្រួសារ ប៉ុន្តែក្នុងករណីក្រុមហ៊ុនរៀបចំគឺបែងចែកទីកន្លែងនោះកាន់តែតូច ហើយអាចដាក់ឲ្យប្រជាពលរដ្ឋដទៃទៀតធ្វើការដេញថ្លៃទៀតនោះ ធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅទីនោះ។
ប្រជាពលរដ្ឋទាំងនោះបានលើកឡើងដូចគ្នាថា ពួកគេមិនអាចរុះរើអីវ៉ាន់ ហើយប្រគល់ទីកន្លែងខាងលើឲ្យក្រុមហ៊ុនធ្វើការវិនិយោគបានទេ ប៉ុន្តែប្រសិនបើសាលាក្រុងធ្វើការរៀបចំសណ្តាប់ធ្នាប់កន្លែងនោះដើម្បីផលប្រយោជន៍សាធារណៈពួកគេឯកភាព៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
អ្នករត់តាក់ស៊ីនៅបន្ទាយមានជ័យប្ដឹងក្រុមហ៊ុនពីបទធ្វើឲ្យខូចខាតរថយន្ត
ពលរដ្ឋនៅកំពង់ឆ្នាំងត្រេកអរចំពោះការបង្រ្កាបវង់ល្បែង
បដិមាព្រះវិស្ណុនិងព្រះនាងលក្សី្មត្រូវគេប្រទះឃើញនៅកំពង់ចាម
កម្មការិនីម្នាក់ត្រូវគេសង្ស័យថាស្លាប់ដោយសារខំធ្វើការខ្លាំងពេក
អំពើហិង្សានិងការរំលោភផ្លូវភេទកើនឡើងក្នុងឆ្នាំ២០០៩
អ្នកភូមិនៅស្រុកកណ្ដាលស្ទឹងរង់ចាំលទ្ធផលពីការចរចាតម្លៃអគ្គិសនី
អាជ្ញាធរខែត្រកណ្ដាលរារាំងការតវ៉ាពីបញ្ហាភ្លើងឡើងថ្លៃ
ប៉ូលិសប៉ុស្តិ៍នៅអន្លង់វែងរងការចោទថាអនុវត្តច្បាប់មិនសមរម្យ
អ្នកភូមិស្នើសុំធ្វើស្រែលើដីដែលអាជ្ញាធរហាមឃាត់ឡើងវិញ
ស្រ្ដីម្នាក់អះអាងថាជាម្ដាយបង្កើតរបស់កុមារីដែលត្រូវម្ដាយចិញ្ចឹមធ្វើបាប
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.