ពលរដ្ឋមកពីសហគមន៍បុរីកីឡា លោកស្រី ជុំ ង៉ាន់ ថ្លែងនៅថ្ងៃទី៩ សីហា នៅខាងមុខតុលាការថា ដើមបណ្ដឹងពលរដ្ឋចំនួន ៣នាក់ គឺមានលោកស្រី ស៊ូ អ៊ីម លោកស្រី ប្រាក់ សុខា និងលោកស្រីខ្លួនឯងផង បាននាំគ្នាមកតុលាការតាមដីកាកោះហៅសាកសួរ ពីករណីពលរដ្ឋ ១១៧គ្រួសារ ប្ដឹងអ្នកស្រី ស៊ុយ សុផាន តាំងពីថ្ងៃទី២៣ ខែកុម្ភៈ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែង និងបង្ករបួសស្នាមលើពលរដ្ឋក្នុងសហគមន៍បុរីកីឡា ប៉ុន្តែតុលាការបែរជាលើកពេលសាកសួរទៅវិញ។
លោកស្រី ជុំ ង៉ាន់៖ «ពួកខ្ញុំបីនាក់នេះឡើងទៅបំភ្លឺ ប៉ុន្តែមិនទាន់បានបំភ្លឺផងចូលទៅជួប ហើយចេញមកវិញគាត់ថា តុលាការពន្យារពេលទៀតហើយ។ ពួកខ្ញុំសង្ឃឹមថា ថ្ងៃក្រោយតុលាការហ្នឹងមានភាពយុត្តិធម៌សម្រាប់ពួកខ្ញុំអ្នកក្រីក្របុរីកីឡាហ្នឹង។ ក្រុមហ៊ុនផានអ៊ីម៉ិចឈូសឆាយកម្ទេចចោលហើយថែមទាំងពន្យារពេលថ្ងៃនេះៗ។ ខ្ញុំថាតុលាការយកលេសមិនរកយុត្តិធម៌ឲ្យអ្នកក្រតែម្ដង»។
កាលពីចុងខែមិថុនា កន្លងទៅ អ្នកបុរីកីឡា បាននាំគ្នាទៅតុលាការរាជធានីភ្នំពេញ ឲ្យសើរើបណ្ដឹងនេះម្ដងរួចមកហើយ។
បណ្ដឹងនេះបានកើតឡើងបន្ទាប់ពីកងកម្លាំងសមត្ថកិច្ចចម្រុះ និងសន្តិសុខក្រុមហ៊ុនផានអ៊ីម៉ិច បានប្រើគ្រឿងចក្រឈូសកម្ទេចផ្ទះប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារក្នុងសហគមន៍បុរីកីឡា ហើយដឹកពួកគាត់ទៅទីតាំងថ្មីនៅតំបន់ទួលសម្បូរ ក្នុងខណ្ឌដង្កោ និងមួយចំនួនទៀតទៅក្បែរជើងភ្នំឧត្ដុង្គ គឺស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី៣ មករា ឆ្នាំ២០១២ កន្លងទៅ ហើយពួកគាត់ទាមទារឲ្យក្រុមហ៊ុននេះ សងជំងឺចិត្តក្នុងមួយគ្រួសារ ១២លានរៀល ការខូចខាតទ្រព្យសម្បត្តិ ៥លានរៀល និងសំណងផ្ទះសម្បែង ២០លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។