ស្ថានភាព​រស់​នៅ​របស់​ពលរដ្ឋ​បុរី​កីឡា​បន្ទាប់​ពី​ត្រូវ​បណ្ដេញ​ចេញ

ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បុរី​កីឡា រាជធានី​ភ្នំពេញ បាន​បន្ត​ស្នាក់នៅ​តំបន់​នោះ​បន្ត​ទៀត បើ​ទោះ​បី​ជា​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​រុះរើ​ផ្ទះ​សម្បែង​របស់​ពួកគាត់​អស់​ហើយ​ក៏ដោយ។

0:00 / 0:00

ពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ មិន​ទទួល​យក​ការ​ដោះដូរ​ដី​នៅ​តំបន់​ភ្នំបាត ទួលសំបូរ និង​លុយ​ចំនួន ៥០០​ដុល្លារ ក្នុង​មួយ​គ្រួសារ​ជា​សំណង​របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច​នោះ​ទេ។ ពួកគាត់​បាន​បង្ខំ​ចិត្ត​បន្ត​រស់នៅ​ក្នុង​ប្លុក​បុរី​កីឡា ហាល​វាល​ហាល​ខ្យល់ បើ​ទោះ​បី​ជា​កម្លាំង​សមត្ថកិច្ច​បាន​ឈូស​ឆាយ​ផ្ទះ​សម្បែង​របស់​ពួកគាត់​អស់​ជាង​មួយ​ខែ​មក​ហើយ​ក៏ដោយ។

ពលរដ្ឋ​ដែល​មាន​ទាំង​ក្មេង​ទាំង​ចាស់ ប្រុស​ស្រី ខ្លះ​បាន​ស្នាក់​នៅ​ខាង​មុខ​សំយាប​ផ្ទះ​របស់​គេ ខ្លះ​ស្នាក់​នៅ​ក្រោម​ជណ្ដើរ​នៃ​អាគារ​ក្នុង​សហគមន៍​បុរី​កីឡា និង​ខ្លះ​បាន​ដាំ​ស្ល​នៅ​ក្បែរ​ពំនូក​សំរាម មាន​ជះ​ក្លិន​ស្អុយ។

ស្ត្រី​ឈ្មោះ ប្រាក់ សុផា ដែល​មាន​ព​កូន​តូច​នៅ​នឹង​ដៃ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ​ថា ពួកគាត់​មិន​អាច​ទទួល​យក​សំណង​របស់​ក្រុមហ៊ុន​ដែល​ផ្ដល់​ឲ្យ​ពលរដ្ឋ​បាន​នោះ ទើប​ពួកគាត់​តស៊ូ​រស់​នៅ​ក្នុង​តំបន់​នេះ។ គាត់​បញ្ជាក់​ថា បើ​ពលរដ្ឋ​ណា​មាន​លុយ​ចាប់​ពី ២​ពាន់ ទៅ ៣​ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ​បង់​ទៅ​សហគមន៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ នឹង​អាច​ឡើង​អគារ​ដែល​ក្រុមហ៊ុន​សាងសង់​ក្នុង​តំបន់​បុរី​កីឡា​ភ្លាម។

ស្ត្រី ប្រាក់ សុផា៖ «តាំង​ពី​គេ​រុះ​ផ្ទះ​តាំង​ពី​ថ្ងៃ​៣ មករា មក វេទនា​ណាស់ គ្មាន​កន្លែង​ដេក​កន្លែង​ពួន​ទាំង​អស់​​ហ្នឹង។ ឥឡូវ​ត្រង់​កូន​ត្រង់​ចៅ​នៅ​វេទនា​នៅ​មួយ​គ្រែ​ហ្នឹង សុំ​គេ​ខាង​ក្រុមហ៊ុន គេ​មក​ចាប់​ទៀត។ ឃើញ​ស្រាប់​ហើយ កន្លែង​នេះ​ធុង​សំរាម​សុទ្ធ ខ្ញុំ​សុខ​ចិត្ត​វេទនា​រស់​នៅ កូន​ផង​ចៅ​ផង​ទើប​តែ​ប៉ុណ្ណឹង​គ្មាន​កន្លែង​ទេ សូម្បី​តែ​គេ​ដើរ​ជិត​ក៏​គេ​ខ្ពើម​ដែរ។ តែ​ធ្វើ​ម៉េច​ឲ្យ​សម្ដេច​តេជោ ជួយ​ដោះស្រាយ​កូន​ចៅ​ផង»

មិន​ខុស​គ្នា​នោះ​ទេ ស្ត្រី​ឈ្មោះ ជុំ ង៉ាន អះអាង​ថា ការ​រស់នៅ​ទី​នេះ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ដោយ​សារ​ក្បែរ​គំនរ​សំរាម​នាំ​ឲ្យ​ការ​ហូបចុក​របស់​គាត់​គ្មាន​អនាម័យ ហើយ​កន្លែង​ស្នាក់​នៅ​ក៏​មិន​សមរម្យ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សន្តិសុខ​ក្រុមហ៊ុន​ផានអ៊ីម៉ិច បាន​ដេញ​មិន​ឲ្យ​ពលរដ្ឋ​រស់​នៅ​ដូច្នេះ​ទេ ព្រោះ​ថា​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់។

ស្ត្រី​ឈ្មោះ ជុំ ង៉ាន៖ «នាង​ខ្ញុំ​លំបាក​ណាស់​ដែល​នៅ​ក្រោម​ជណ្ដើរ​នេះ រាល់​ថ្ងៃ​នេះ សូម្បី​តែ​ហូប​បាយ​ក៏​មាន​រុយ​ចូល​នៅ​ក្នុង​ចាន​ដែរ ។ នាង​ខ្ញុំ​ខ្លាច​មេរោគ​អ៊ីចឹង សូម្បី​តែ​ថ្ងៃ​នេះ​អត់​ស្រួល​សោះ ពិបាក​ក្នុង​ពោះ​មែន​ទែន។ នៅ​ក្រោម​ជណ្ដើរ​គេ​ស្ដោះ​ទឹក​មាត់​មក ជួន​កាល​កំពុង​ហូប​បាយ លើ​ក្បាល​ពេញ​ពួក​ខ្ញុំ​លំបាក​ណាស់។ ខាង​ក្រុមហ៊ុន ស៊ុយ សុផាន គេ​មក​ដេញ​ពេល​កំពុង​ដេក​អ៊ីចឹង​ក៏​មាន​សន្តិសុខ​ក្រុមហ៊ុន​មក​សែង​គ្រែ​អី ជួន​កាល​កំពុង​ហូប​បាយ​គាត់​មក​ចាក់​បាយ​ចោល សែង​គ្រែ​យក​ទៅ​បាត់​អ៊ីចឹង​ទៅ»

យ៉ាង​ណា​ក៏​ដោយ​ពលរដ្ឋ​ដែល​បាន​ផ្ដល់​សម្ភាសន៍​សុទ្ធ​តែ​បាន​អះអាង​ថា ពួកគាត់​មាន​ឯកសារ​បញ្ជាក់​រស់នៅ​តំបន់​នេះ​គ្រប់គ្រាន់។

ស្ត្រី​វ័យ​កណ្ដាល​ឈ្មោះ ប្រាក់ ស្រីនាង ថ្លែង​ថា ពួកគាត់​បាន​តស៊ូ​រស់នៅ​ទីនេះ ដោយ​ព្រោះ​មិន​ទទួល​យក​គោលការណ៍​ដោះស្រាយ​របស់​ក្រុមហ៊ុន​ដែល​ឲ្យ​ទៅ​នៅ​តំបន់​ភ្នំបាត ទួលសំបូរ ដី​មួយ​គ្រួសារ​៥​ម៉ែត្រ​គុណ​នឹង ១២​ម៉ែត្រ និង​លុយ​ចំនួន ៥០០​ដុល្លារ​នោះ​បាន​ឡើយ៖ «ប្រជាពលរដ្ឋ​សុទ្ធ​តែ​អ្នក​នៅ​ពិត មាន​ឯកសារ​គ្រប់​គ្រាន់​ទាំង​អស់ មាន​តាំង​ពី​១៩៩០​ជាង មាន​ថត​អង្កេត មាន​ស្នាក់នៅ​ទាំង​អស់ ខ្លះ​មាន​ប័ណ្ណ​គ្រួសារ ខ្ញុំ​មាន​ប័ណ្ណ​បោះឆ្នោត មាន​កាត​បក្ស​ប្រជាជន​ទៀត តែ​គេ​អត់​ឲ្យ​ខ្ញុំ​ឡើង ហើយ​ខ្ញុំ​មាន​ចូល​ជា​សមាជិក​បក្ស​ប្រជាជន​ទៀត»

កាល​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ កង​កម្លាំង​ចម្រុះ​បាន​ចុះ​រុះរើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរី​កីឡា។ ក្នុង​ព្រឹត្តិការណ៍​នោះ ប្រជាពលរដ្ឋ​ចំនួន ១១​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ផ្ទះ​ជាង ២០០​ខ្នង​ត្រូវ​បាន​កម្ទេច។

ការ​រុះរើ​នោះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ និង​កង​កម្លាំង​ប្រដាប់​អាវុធ កង​កម្លាំង​អាជ្ញាធរ រួម​ទាំង​កម្មករ​ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​យុវជន​មួយ​ចំនួន​ផង សរុប​ប្រមាណ ៥០០​នាក់ ឡាន​ទឹក​ចំនួន ៤​គ្រឿង និង​គ្រឿង​ចក្រ ២​គ្រឿង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​រុះរើ​នោះ។

គ្រា​នោះ​កង​កម្លាំង​ប្រដាប់​អាវុធ បាន​ប្រើ​ដំបង​ឆក់ ប្រើ​កាំភ្លើង​បាញ់​ឡើង​លើ និង​បាន​បាញ់​ឧស្ម័ន​ពុល​ដាក់​ប្រជាពលរដ្ឋ ហើយ​កង​កម្លាំង​ដដែល និង​កម្មករ​ក្រុមហ៊ុន បាន​ប្រើ​ដុំ​ថ្ម​គប់​ទៅ​លើ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត។

ចំណែក​ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​ប្រើ​ដុំ​ថ្ម ដំបង ដប និង​សាំង ដើម្បី​តតាំង​នឹង​កងកម្លាំង​អាជ្ញាធរ​ដែរ ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ទាំង​សងខាង។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ទទួល​យក​សំណង​ទៅ​រស់នៅ​ភ្នំបាត ស្រុក​ពញាឮ ខេត្ត​កណ្ដាល និង​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ បាន​នាំ​ក្រុម​គ្រួសារ​វិល​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ ដោយ​ពួក​គាត់​យល់​ថា នៅ​ទីតាំង​ថ្មី​គ្មាន​អ្នក​ណា​គិតគូរ​ពី​បញ្ហា​លំបាក​ដល់​ពួក​គាត់​ឡើយ។

ឆ្លើយ​តប​នឹង​ពលរដ្ឋ​នេះ ចៅ​សង្កាត់​វាលវង់ អ្នកស្រី កែវ សាកល ដែល​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​រៀបចំ​ដោយ​ប្រជាពលរដ្ឋ​ថ្ងៃ​ទី​១៦ កុម្ភៈ មាន​ប្រសាសន៍​ថា កន្លង​មក​ក្រុម​ការងារ​សង្កាត់​បាន​បញ្ជូន​ឯកសារ​អង្កេត​ការ​រស់​នៅ​ពាក់ព័ន្ធ​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ពិត​ប្រាកដ​ទាំង​អស់​ទៅ​សាលា​ក្រុង​ហើយ។

អ្នកស្រី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ស្វែង​រក​ការ​ដោះស្រាយ​ជា​មួយ​ក្រុមហ៊ុន​បន្ត​ទៀត៖ «តាម​សាលា​ក្រុង​គាត់​បាន​តម្រូវ​ឲ្យ​អ្នក​ដែល​មាន​ឯកសារ​គ្រប់គ្រាន់​ទៅ​ជួប​ក្រុមហ៊ុន​ផ្ទាល់​តែ​ម្ដង។ គាត់​យក​ឯកសារ​ដែល​មាន​ទៅ​ជួប​ក្រុមហ៊ុន ក្រុមហ៊ុន​គាត់​ចរចា​ជាមួយ​តស៊ូ​ទៅ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន បាន​ទេ នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ដោយសារ​គាត់​មិន​ទទួល​ទូរស័ព្ទ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​បែង​ចែក​ពលរដ្ឋ​សហគមន៍​បុរី​កីឡា​ជា​បី​ប្រភេទ គឺ​ទី​១ បន្ទាប់​ពី​មាន​ការ​ឈូស​ឆាយ​ផ្ទះ​សម្បែង​មក មាន​ពលរដ្ឋ​ជាង ៦០​គ្រួសារ​ដែល​ក្រុមហ៊ុន​បញ្ជូន​ទៅ​ទួល​សំបូរ និង​ជាង ១០០​គ្រួសារ​ក្រុមហ៊ុន​បញ្ជូន​ទៅ​នៅ​ភ្នំបាត ហើយ​ប្រភេទ​ទី​៣ មាន​ពលរដ្ឋ ១២៦​គ្រួសារ​ទៀត​កំពុង​រស់នៅ​សហគមន៍​បុរី​កីឡា​ដដែល។

លោក​ថា អ្នក​បន្ត​រស់នៅ​ក្នុង​សហគមន៍​បុរី​កីឡា បាន​ប្រឈម​មុខ​ជាង គឺ​ពួកគាត់​អស់​ផ្ទះ​សម្បែង បាត់បង់​មុខរបរ រស់​នៅ​ក្នុង​សភាព​ភ័យ​ខ្លាច ដោយ​សារ​តែ​សន្តិសុខ​ដេញ​ជា​រៀងរាល់​យប់ រីឯ​ក្មេងៗ​មិន​បាន​ទៅ​សាលា។ លោក​ថា នេះ​ជា​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ដើរ​តួ​ជា​អ្នក​សម្របសម្រួល​ដោះស្រាយ​ឲ្យ​ពលរដ្ឋ ជា​ពិសេស​ទីជម្រក​គឺ​ជា​បញ្ហា​ចម្បង។

លោក អំ សំអាត៖ «ហើយ​បើ​សិន​ជា​រាជរដ្ឋាភិបាល​បង្ខំ បាន​ន័យ​ថា អាជ្ញាធរ​បង្ខំ​ឲ្យ​ទទួល​យក​សំណង​របស់​ក្រុមហ៊ុន ឬ​ក៏​មិន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ គឺ​ជា​ករណី​មួយ​ដែល​រំលោភ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ សិទ្ធិ​មាន​លំនៅឋាន​របស់​ប្រជាពលរដ្ឋ»

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ កុម្ភៈ ពលរដ្ឋ​សហគមន៍​បុរី​កីឡា បាន​នាំ​គ្នា​ធ្វើ​សន្និសីទ​កាសែត​ទាមទារ​ក្រុមហ៊ុន​សាងសង់​២​អគារ​បន្ថែម​ទៀត​ទៅ​តាម​កិច្ច​សន្យា​ចំនួន ១០​អគារ​ដោះដូរ​ឲ្យ​ពលរដ្ឋ ដែល​ រដ្ឋាភិបាល​បាន​ប្រគល់​ដី​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច វិនិយោគ​តាំង​ពី​ឆ្នាំ​២០០៣ ហើយ​បញ្ជាក់​ប្រាប់​ពី​គោល​បំណង​នៃ​ការ​សាងសង់​អាគារ​លេខ​៩ ពីព្រោះ​កន្លង​មក​ក្រុមហ៊ុន​នេះ​បាន​អះអាង​ថា​ក្ស័យធន​មិន​អាច​សាងសង់​បាន។ ពលរដ្ឋ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ពលរដ្ឋ​សហគមន៍​បុរី​កីឡា​ចំនួន ៧​នាក់ កំពុង​ជាប់​នៅ​ពន្ធនាគារ​ព្រៃស​ជា​បន្ទាន់ ដែល​ជាប់​ចោទ​ពី​បទ​បង្ក​របួស​ស្នាម​ដល់​សមត្ថកិច្ច​ចុះ​អនុវត្ត​ការងារ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។