លោកថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិរូបនេះលាលែង ពីព្រោះតែមានភាពអាម៉ាស់ខ្លាំងពេក ហើយថា សហចៅក្រមស៊ើបអង្កេតជាតិ ក៏គួរតែលាលែងពីការងារផងដែរ ដោយសារបណ្ដោយឲ្យមានការជ្រៀតជ្រែកឥទ្ធិពលនយោបាយ។
អត្ថបទសម្ភាសន៍៖
លោក ជី វិតា៖ តើលោកមានប្រតិកម្មយ៉ាងណាដែរ ចំពោះការលាលែងពីតំណែងរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ នៃសាលាក្ដីខ្មែរក្រហម គឺលោក ស៊ីកហ៊្វ្រីក ប្លាំង?
លោក ប៊្រែត អាដាម៖ យើងសប្បាយចិត្តណាស់ ពីព្រោះថា កាលពីសប្ដាហ៍កន្លងទៅនេះ យើងបានអំពាវនាវឱ្យគាត់លាចេញពីតំណែង។ គាត់មិនបានបំពេញការងាររបស់គាត់ ប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវនោះទេ។ គាត់បានបដិសេធ មិនធ្វើការស៊ើបអង្កេតឱ្យបានត្រឹមត្រូវ។ ហើយគាត់បានបណ្ដោយឱ្យ មានការជ្រៀតជ្រែកផ្នែកនយោបាយមកការងាររបស់គាត់នៅក្នុងតុលាការ។
អ្វីដែលគួរជាទីចាប់អារម្មណ៍នៅក្នុងសេចក្ដីប្រកាសលាលែងពីតំណែងរបស់គាត់នោះ គឺគាត់បានស្ដីបន្ទោសដល់រដ្ឋាភិបាលកម្ពុជា។ នោះពិតជាត្រឹមត្រូវ ពីព្រោះចាប់តាំងពីដើមដំបូងមក រាជរដ្ឋាភិបាលបានជ្រៀតជ្រែកក្នុងកិច្ចការរបស់តុលាការ ដោយនិយាយថា សំណុំរឿង ០០៣ និង ០០៤ មិនគួរឱ្យមានឡើយ។ រាជរដ្ឋាភិបាល បានចេញសេចក្ដីណែនាំដល់ចៅក្រម និងព្រះរាជអាជ្ញាកម្ពុជាឱ្យធ្វើតាមសេចក្ដីបង្គាប់នោះ។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគិតថាថ្ងៃនេះ គឺជាថ្ងៃមានសេចក្ដីសង្ឃឹមឡើងវិញ ពីព្រោះអ្នកដែលមកជំនួសសហចៅក្រមស៊ើបអង្កេតរូបនេះ នឹងទំនងជាបន្តនីតិវិធីស៊ើបអង្កេត ដោយមិនបោះបង់ចោលសំណុំរឿង ០០៣ និង ០០៤ ឡើយ។ វាជាថ្ងៃល្អសម្រាប់ពន្លឺយុត្តិធម៌ និងវាជាថ្ងៃល្អ សម្រាប់ជនរងគ្រោះ ដែលបានត្អូញត្អែរ មិនពេញចិត្តលោក ស៊ីកហ៊្វ្រីក ប្លាំង កន្លងមក។
លោក ជី វិតា៖ លោកមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបង្គាប់បញ្ជាដល់សាលាក្ដីខ្មែរក្រហម តើលោកមានភស្តុតាងដែរឬទេ?
លោក ប៊្រែត អាដាម ៖ ដូចដែលយើងបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់យើងកន្លងមកដូច្នេះ។ មានមនុស្សច្រើនណាស់ ដែលធ្វើការនៅក្នុងសាលាក្ដីខ្មែរក្រហមបានប្រាប់យើង។ ដោយសុំឱ្យលាក់អត្តសញ្ញាណ។ ពួកគេបានប្រាប់យើងថា រដ្ឋាភិបាលបានចេញសេចក្ដីណែនាំមកលើពួកគេ។ បុគ្គលិកខ្មែរទាំងនោះ បានប្រាប់រឿងនេះទៅបុគ្គលិកបរទេស។ ប្រសិនបើមានតែមនុស្សម្នាក់រាយការណ៍អំពីរឿងនេះ យើងក៏មិនលើកយកនិយាយដដែលៗ នោះទេ។ ប៉ុន្តែ ពួកគេបាននិយាយដូច្នេះជាច្រើនដង និងនិយាយយូរឆ្នាំមកហើយ។
លោក ប៊្រែត អាដាម៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានទទួលលិខិតលាលែងពីលោក ស៊ីកហ៊្វ្រីក ប្លាំង ហើយក៏កំពុងរៀបចំអោយសហចៅក្រមស៊ើបអង្កេតបម្រុងបរទេសចូលជំនួសផងដែរ។ តើលោកសង្ឃឹម និងចង់ឃើញអ្នកថ្មីធ្វើកិច្ចការដូចម្ដេចខ្លះសម្រាប់តុលាការ?
លោក ប៊្រែត អាដាម៖ ខ្ញុំសង្ឃឹមថា សហចៅក្រមថ្មីនឹងពិនិត្យមើលភស្តុតាង។ ដូចជាមនុស្សដទៃទៀតដែរ ខ្ញុំរំពឹងថា គាត់ជាមនុស្ស ដែលមានចិត្តប្រកបដោយគតិយុត្តិ ហើយកំណត់ថា មានភស្តុតាងគ្រប់គ្រាន់ ដើម្បីបន្តដំណើរការនីតិវិធីទៅមុខ។
ប្រាកដណាស់ សម្រាប់ជនសង្ស័យទាំង ៥ រូប នៅក្នុងសំណុំរឿង ០០៣ និង ០០៤ ពួកគេមានសិទ្ធិមានមេធាវីការពារ។ នៅក្នុងតុលាការគេមានសិទ្ធិប្រាប់តុលាការថា ពួកគេមិនបានប្រព្រឹត្តខុសទេ ហើយយើងចង់ឃើញអោយមានការកាត់សេចក្ដីមួយ ប្រកបដោយយុត្តិធម៌សម្រាប់ពួកគេ។
ប៉ុន្តែ ខ្ញុំចង់បញ្ជាក់ថា គឺមានភស្តុតាងគ្រប់គ្រាន់ សម្រាប់នាំខ្លួនអ្នកទាំងនោះឡើងតុលាការ។ កាលពីសប្ដាហ៍មុនយើងបានផ្សាយចេញនូវសេចក្ដីថ្លែងការណ៍មួយ មាន ១៨ ទំព័រ ដែលរៀបរាប់យ៉ាងលំអិតអំពីព័ត៌មានទាក់ទងនឹងជនជាប់សង្ស័យទាំង ៥ រូបនោះ។
ទន្ទឹមនឹងនេះ យើងក៏សង្ឃឹមថា អង្គការសហប្រជាជាតិនឹងផ្ដល់ការគាំទ្រអោយបានពេញលេញ និងច្បាស់លាស់ដល់ចៅក្រមទាំងនេះ ប្រយោជន៍ដើម្បីនៅពេលណាពួកគាត់មានបញ្ហាអ្វីមួយក្នុងពេលបំពេញការងារ គាត់នឹងមានការគាំទ្រពីអង្គការសហប្រជាជាតិ។ រហូតមកដល់ពេលនេះ អង្គការសហប្រជាជាតិទន់ខ្សោយខ្លាំងណាស់។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អង្គការសហប្រជាជាតិ បានទាមទារសាលាក្ដីខ្មែរក្រហមអោយមានស្តង់ដារខ្ពស់។ ប៉ុន្តែ ជាក់ស្ដែងពួកគេមិនបានធ្វើអ្វី ដើម្បីឱ្យស្តង់ដារខ្ពស់នោះកើតឡើងទេ។
លោក ជី វិតា៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា បើតុលាការនាំមនុស្សមកកាត់ទោសបន្ថែមទៀត នឹងនាំឱ្យមានអស្ថិរភាពនយោបាយក្នុងប្រទេសកម្ពុជា។ លោកថា លោកសុខចិត្តឱ្យតុលាការបរាជ័យ។ ប៉ុន្តែ មិនឱ្យមានសង្គ្រាមនោះទេ។ តើលោកយល់យ៉ាងណាដែរ?
លោក ប៊្រែត អាដាម៖ វាជារឿងគួរឱ្យអស់សំណើច។ លោក ហ៊ុន សែន បាននិយាយដូច្នេះជាងដប់ឆ្នាំមកហើយ។ វាមិនមានខ្មែរក្រហមទៀតទេ។ វាគ្មានសមាសភាពខ្មែរក្រហមប្រដាប់អាវុធទៀតទេ។ ការផ្ដន្ទាទោសជនសង្ស័យទាំងនេះ នឹងនាំមានអស្ថិរភាពក្នុងប្រទេសនោះ គឺមិនមានទេ។ ឱកាសបែបនោះគឺសូន្យ។
យើងនៅតែមិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជាលោក ហ៊ុន សែន ប្រកាន់ជំហរបែបនេះ គឺការមិនកាត់ទោសជនសង្ស័យបន្ថែម។ យើងធ្លាប់តែគិតថា គាត់បានលើកតម្កើងខ្លួនថា ជាវីរបុរសជាតិ ដែលបាននាំខ្មែរក្រហមមកកាត់ទោស។ ប៉ុន្តែ មើលទៅហាក់ដូចជា លោកមិនជឿទៅលើគោលការណ៍នោះទេ។ ប្រហែលជាលោកព្យាយាមចង់ការពារមនុស្សខ្លះ ដែលយើងមិនដឹង ឬក៏លោកបារម្ភថា ការកាត់ទោសមនុស្សកាន់តែច្រើននឹងអាចប៉ះពាល់ដល់សមាជិកខ្លះក្នុងគណបក្សប្រជាជន ក៏យើងមិនដឹងច្បាស់ដែរ។ ប៉ុន្តែ អ្វីដែលនិយាយថា កាត់ទោសជនសង្ស័យក្នុងសំណុំរឿង ០០៣ និង ០០៤ នឹងនាំមកនូវអស្ថិរភាពនយោបាយនោះ វាមិនសមហេតុសមផលទេ។
លោក ជី វិតា៖ តើលោកស្ងើចសរសើរចំពោះលោក ស៊ីកហ៊្វ្រីក ប្លាំង ដែរឬទេ សម្រាប់ការលាលែងរបស់គាត់នោះ?
លោក ប៊្រែត អាដាម៖ មិនសរសើរទេ។ ចៅក្រម Blunk គួរតែមានភាពអាម៉ាស់នូវអំពើរបស់គាត់កន្លងមកនេះ។
លោក ជី វិតា៖ ប៉ុន្តែ គាត់បានលាលែង ដែលបង្ហាញពីទង្វើល្អរបស់គាត់។
លោក ប៊្រែត អាដាម៖ គាត់លាលែងពីព្រោះតែទង្វើរបស់គាត់គួរឱ្យអាម៉ាស់ក្រៃលែង ហើយគាត់មានភាពអៀនខ្មាស់ខ្លាំងពេក ក្នុងការបន្តការងារតទៅទៀត។ គាត់មិនបានលាឈប់ដោយសារគោលការណ៍នោះទេ។
លោក ជី វិតា៖ ទាក់ទងនឹងការលាលែងពីតំណែងរបស់សហចៅក្រមស៊ើបអង្កេតបរទេស លោក ស៊ីកហ៊្វ្រីក ប្លាំង នេះ ចំពោះសហចៅក្រមស៊ើបអង្កេតជាតិវិញ លោកមានទស្សនៈយ៉ាងម៉េចដែរ?
លោក ប៊្រែត អាដាម៖ សហចៅក្រមស៊ើបអង្កេតជាតិលោក យូ ប៊ុនឡេង គួរតែលាលែងដែរ។ លោក ស៊ីកហ៊្វ្រីក ប្លាំង លាលែងពីព្រោះតែហេតុផលនេះ។ ដូច្នេះ លោក យូ ប៊ុនឡេង ក៏គួរតែលាលែងដែរ ពីព្រោះហេតុដូចគ្នា៕