បញ្ហា​សូក​ប៉ាន់​ក្នុង​ការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ​នៅ​តែ​មាន

2009-07-08

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ បាន​ថ្លែង​ឲ្យ​ដឹង​ថា បញ្ហា​សូក​ប៉ាន់​នៅ​ក្នុង​ថ្នាក់​នៅ​ពេល​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ​ក្នុង​ឆ្នាំ​នេះ គឺ​នៅ​តែ​កើត​មាន ពុំ​មាន​ការ​ថយ​ចុះ​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៨។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ បាន​មាន​ប្រសាសន៍​ថា យោង​តាម​ការ​ធ្វើ​សង្កេតការណ៍​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ​ក្នុង​រយៈពេល​ចំនួន​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​៦ និង​ទី​៧ កក្កដា ឃើញ​ថា សកម្មភាព​យុវសិស្ស​បាន​រៃ​ប្រាក់​គ្នា​ក្នុង​ពេល​ប្រលង​ដើម្បី​ជូន​គ្រូ​អនុរក្ស​ជា​ថ្នូរ​នឹង​ការ​បើក​វិញ្ញាសា​និង​ចម្លង​តាម​គ្នា​ក្នុង​ថ្នាក់ ដែល​មាន​ស្ទើរ​តែ​គ្រប់​មណ្ឌល​ប្រលង។

លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា ក្នុង​១​មុខ​វិជ្ជា គិត​ជា​មធ្យម សិស្ស​រៃ​លុយ​គ្នា ពី ២.០០០ ទៅ ៥.០០០​រៀល ៖ «ក្រសួង​អប់រំ​មាន​វិធានការ​ទប់​ស្កាត់​ជុំវិញ​បញ្ហា​មន្រ្តី​ខិល​ខូច​យក​ឱកាស​ដើម្បី​ទៅ​ស្វែងរក​អ្នក​ផ្ដល់​សំណូក​ដើម្បី​ទទួល​បាន​កុំមីស្យុង​(ប្រាក់​កម្រៃ) ហើយ​ទាក់ទិន​ទៅ​នឹង​មន្រ្តី​មាន​ឋានៈ​តួនាទី»

លោក រ៉ុង ឈុន បាន​បន្ត​ថា ចំពោះ​ទិដ្ឋភាព​នៅ​ខាង​ក្រៅ​មណ្ឌល​ប្រលង និង​ការ​គ្រប់គ្រង​វិញ្ញាសា បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​ទៅ គឺ​ល្អ​ជាង ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​មាន​មន្រ្តី​អប់រំ​មួយ​ចំនួន​បាន​កំណត់​តម្លៃ​ចំនួន ២០​ម៉ឺន​រៀល​ដល់​ឪពុក​ម្តាយ​សិស្ស​មួយ​ចំនួន បើ​សិន​ជា​បង់​ប្រាក់ ២០​ម៉ឺន​នោះ គេ​សន្យា​ឲ្យ​សិស្ស​នោះ​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ។

គ្រូ​អនុរក្ស​ប្រចាំ​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ ស្រុក​លើក​ដែក ខែត្រ​កណ្តាល លោក ម៉ៅ សុភ័ក្ត្រា មាន​ប្រសាសន៍​ថា នៅ​ក្នុង​ពេល​ប្រលង​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក គឺ​នៅ​ក្នុង​ថ្នាក់​ប្រលង​មាន​មេការ​ម្នាក់​បាន​រៃ​លុយ​គ្នា ហើយ​បាន​ជូន​អនុរក្ស​ដែល​នៅ​ក្នុង​បន្ទប់​មាន​ពីរ​នាក់ និង​អ្នក​សង្កេត​ក្រៅ​បន្ទប់​ប្រលង​ម្នាក់​ទៀត។

លោក ម៉ៅ សុភ័ក្ត្រា ថ្លែង​ដូច្នេះ​ថា ៖ «មេ​ខ្យល់​គេ​ហ្នឹង​រៃ​ហើយ ខ្ចប់​ជា​ក្រដាស​មួយ​ដុំ​ទៅ យក​ទៅ​ជូន​លោកគ្រូ អ្នក​គ្រូ​ដែល​នៅ​ក្នុង​បន្ទប់​ហ្នឹង»

ស្រ្តី​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ក្នុង​ខែត្រ​ពោធិ៍សាត់​មាន​ប្រសាសន៍​ថា ក្មួយ​ប្រុស​របស់​គាត់​បាន​ចំណាយ​ថវិកា​ក្នុង​ថ្ងៃ​ទី​១ ជិត ២​ម៉ឺន​រៀល សម្រាប់​ឲ្យ​គ្រូ​អនុរក្ស​ជា​ការ​ដោះដូរ​និង​ការ​បើក​ចម្លង​វិញ្ញាសា ៖ «ប៉ុន្តែ​បន្ទប់​ខ្លះ​នៅ​ខាង​ក្រោម មាន​លោក​គ្រូ​ខ្លះ​គាត់​មាន​មនសិការ​ល្អ​មែន​ទែន គឺ​គាត់​អត់​យក​ទេ ប៉ុន្តែ​នៅ​អគារ​ជាន់​លើ​វិញ​គឺ​ច្រើន​គ្រូ​ដើរ​ទារ​ផ្ទាល់​តែ​ម្ដង»

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​អនុប្រធាន​និង​ប្រធាន​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​គឺ​លោក ជ្រឹង លឹមស្រ៊ី ប៉ុន្តែ​លោក​ទាំង​ពីរ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​នេះ​ទេ ដោយ​មាន​ប្រសាសន៍​ថា​ជាប់​រវល់។

លោក រ៉ុង ឈុន បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​ថា បញ្ហា​ខាង​លើ​ដែល​ធ្លាប់​តែ​កើត​មាន​ការ​សូក​ប៉ាន់​ពេល​ប្រលង​ដូច្នេះ គឺ​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​យុវសិស្ស​ខ្មែរ មាន​តែ​បរិមាណ​និង​គ្មាន​គុណភាព ហើយ​ថា នេះ​ជា​ការ​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​និង​ការ​អភិវឌ្ឍ​សង្គម​ផង​ដែរ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អាណាព្យាបាល​សិស្ស​នៅ​ព្រៃវែង​ត្រេកអរ​ចំពោះ​ការ​ឈប់​ឲ្យ​បង់​ប្រាក់​ផ្ញើ​កង់​ម៉ូតូ

សមាគម​គ្រូ​បង្រៀន​ស្វែង​រក​អន្តរាគមន៍​ជួយ​ដល់​គ្រូ​​​នៅ​បាត់ដំបង

ក្រសួង​អប់រំ​គ្រោង​ជ្រើស​រើស​គ្រូប​ង្រៀន​៥​ពាន់​នាក់​បន្ថែម​ទៀត

ពិធី​សម្ពោធ​វិទ្យាល័យ​នៅ​ខេត្ត​ពោធិ៍សាត់​ក្រោម​ជំនួយ​របស់​ស្ថានទូត​ស.រ.អា.

សិស្ស​ត្អូញត្អែរ​ពី​ការ​យឺតយ៉ាវ​នៃ​ការ​បញ្ជាក់​សញ្ញាបត្រ​និង​ព្រឹត្តបត្រ​ពិន្ទុ

ទស្សនកិច្ច​ផ្លាស់​ប្តូរ​បទពិសោធន៍​រវាង​យុវជន​កម្ពុជា​និង​ជប៉ុន

និស្សិត​ថ្នាក់​ត្រៀម​ផ្នែក​ពេទ្យ​ធ្វើ​បាតុកម្ម​ពី​បញ្ហា​ប្រឡង

ទិវា​អក្ខរកម្ម​ជាតិ​និង​អន្តរជាតិ​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ខែត្រ​កំពង់ចាម

និន្នាការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​របស់​យុវជន​ខ្មែរ

មន្ត្រី​អប់រំ​នឹង​ត្រូវ​បង្រៀន​អំពី​របៀប​ប្រើ​ប្រាស់​សៀវភៅ​«វិថី​សន្តិ​ភាព​សម្រាប់​កុមារ»