លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ បានមានប្រសាសន៍ថា យោងតាមការធ្វើសង្កេតការណ៍របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជក្នុងរយៈពេលចំនួនពីរថ្ងៃ គឺថ្ងៃទី៦ និងទី៧ កក្កដា ឃើញថា សកម្មភាពយុវសិស្សបានរៃប្រាក់គ្នាក្នុងពេលប្រលងដើម្បីជូនគ្រូអនុរក្សជាថ្នូរនឹងការបើកវិញ្ញាសានិងចម្លងតាមគ្នាក្នុងថ្នាក់ ដែលមានស្ទើរតែគ្រប់មណ្ឌលប្រលង។
លោក រ៉ុង ឈុន បានបញ្ជាក់ថា ក្នុង១មុខវិជ្ជា គិតជាមធ្យម សិស្សរៃលុយគ្នា ពី ២.០០០ ទៅ ៥.០០០រៀល ៖ «ក្រសួងអប់រំមានវិធានការទប់ស្កាត់ជុំវិញបញ្ហាមន្រ្តីខិលខូចយកឱកាសដើម្បីទៅស្វែងរកអ្នកផ្ដល់សំណូកដើម្បីទទួលបានកុំមីស្យុង(ប្រាក់កម្រៃ) ហើយទាក់ទិនទៅនឹងមន្រ្តីមានឋានៈតួនាទី»។
លោក រ៉ុង ឈុន បានបន្តថា ចំពោះទិដ្ឋភាពនៅខាងក្រៅមណ្ឌលប្រលង និងការគ្រប់គ្រងវិញ្ញាសា បើប្រៀបធៀបទៅនឹងឆ្នាំទៅ គឺល្អជាង ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏មានមន្រ្តីអប់រំមួយចំនួនបានកំណត់តម្លៃចំនួន ២០ម៉ឺនរៀលដល់ឪពុកម្តាយសិស្សមួយចំនួន បើសិនជាបង់ប្រាក់ ២០ម៉ឺននោះ គេសន្យាឲ្យសិស្សនោះជាប់ដោយស្វ័យប្រវត្តិ។
គ្រូអនុរក្សប្រចាំមណ្ឌលវិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ ស្រុកលើកដែក ខែត្រកណ្តាល លោក ម៉ៅ សុភ័ក្ត្រា មានប្រសាសន៍ថា នៅក្នុងពេលប្រលងរយៈពេលពីរថ្ងៃកន្លងមក គឺនៅក្នុងថ្នាក់ប្រលងមានមេការម្នាក់បានរៃលុយគ្នា ហើយបានជូនអនុរក្សដែលនៅក្នុងបន្ទប់មានពីរនាក់ និងអ្នកសង្កេតក្រៅបន្ទប់ប្រលងម្នាក់ទៀត។
លោក ម៉ៅ សុភ័ក្ត្រា ថ្លែងដូច្នេះថា ៖ «មេខ្យល់គេហ្នឹងរៃហើយ ខ្ចប់ជាក្រដាសមួយដុំទៅ យកទៅជូនលោកគ្រូ អ្នកគ្រូដែលនៅក្នុងបន្ទប់ហ្នឹង»។
ស្រ្តីសុំមិនបញ្ចេញឈ្មោះនៅក្នុងខែត្រពោធិ៍សាត់មានប្រសាសន៍ថា ក្មួយប្រុសរបស់គាត់បានចំណាយថវិកាក្នុងថ្ងៃទី១ ជិត ២ម៉ឺនរៀល សម្រាប់ឲ្យគ្រូអនុរក្សជាការដោះដូរនិងការបើកចម្លងវិញ្ញាសា ៖ «ប៉ុន្តែបន្ទប់ខ្លះនៅខាងក្រោម មានលោកគ្រូខ្លះគាត់មានមនសិការល្អមែនទែន គឺគាត់អត់យកទេ ប៉ុន្តែនៅអគារជាន់លើវិញគឺច្រើនគ្រូដើរទារផ្ទាល់តែម្ដង»។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងដើម្បីសុំការបំភ្លឺពីអនុប្រធាននិងប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅគឺលោក ជ្រឹង លឹមស្រ៊ី ប៉ុន្តែលោកទាំងពីរមិនធ្វើអត្ថាធិប្បាយចំពោះបញ្ហានេះទេ ដោយមានប្រសាសន៍ថាជាប់រវល់។
លោក រ៉ុង ឈុន បានសម្ដែងនូវការព្រួយបារម្ភថា បញ្ហាខាងលើដែលធ្លាប់តែកើតមានការសូកប៉ាន់ពេលប្រលងដូច្នេះ គឺធ្វើឲ្យការសិក្សារបស់យុវសិស្សខ្មែរ មានតែបរិមាណនិងគ្មានគុណភាព ហើយថា នេះជាការប៉ះពាល់ដល់ការអភិវឌ្ឍធនធានមនុស្សនិងការអភិវឌ្ឍសង្គមផងដែរ៕
