បុរស​ជន​ជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ប្រព្រឹត្ត​អនាចារ​លើ​កុមារី​ខ្មែរ

ប៉ូលិស​ថ្លែង​ឲ្យ​ដឹង​ថា បុរស​ជន​ជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ Gareth Ashley Corbett ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​កក្កដា ដើម្បី​សួរ​ចម្លើយ​ទាក់ទិន​នឹង​បទ​សង្ស័យ​ថា បុរស​នោះ​បាន​ប្រព្រឹត្ត​អំពើ​អនាចារ​លើ​កុមារី​ខ្មែរ​ម្នាក់ អាយុ​១២​ឆ្នាំ នៅ​ខេត្ត​ព្រះ​សីហនុ។

0:00 / 0:00

លោក​វរសេនីយ៍​ត្រី កែវ ធា ជា​ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា បុរស​ជន​ជាតិ​អង់គ្លេស​រូប​នោះ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​មក នៅ​ឯ​ផ្ទះ​សំណាក់​មួយ​ក្នុង​ខេត្ត​ព្រះ​សីហនុ បន្ទាប់​ពី​កុមារី​ជា​ជន​រង​គ្រោះ​បាន​ផ្តល់​ព័ត៌មាន​ដល់​ប៉ូលិស។

លោក កែវ ធា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​មាន​ការ​អនុញ្ញាត​ពី​អយ្យការ​ក្រុង​ភ្នំពេញ ឲ្យ​ពន្លាត​ដែន​ដី​សមត្ថកិច្ច ឲ្យ​សហការ​ជាមួយ​នឹង​ព្រះ​រាជ​អាជ្ញា និង​អាជ្ញាធរ​ដែន​ដី​ក្រុង​ព្រះ​សីហនុ ហើយ​យើង​បាន​នាំ​ខ្លួន​គាត់​ឡើង​មក​ភ្នំពេញ ធ្វើការ​សាកសួរ​តាំង​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ហើយ​ដល់​ថ្ងៃ​អង្គារ បាន​យើង​ឆែក​ឆេរ​ផ្ទះ​គាត់​បន្តិច ហើយ​បាន​យើង​ឡើង​មក​ភ្នំពេញ​តែ​ម្ដង។ ហើយ​ព្រឹក​មិញ យើង​បាន​បញ្ជូន​គាត់​ទៅ​ព្រះ​រាជ​អាជ្ញា​ក្រុង​ភ្នំពេញ»

លោក​វរសេនីយ៍​ត្រី កែវ ធា មាន​ប្រសាសន៍​បន្ត​ថា ចៅក្រម​ស៊ើប​សួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ កំពុង​បន្ត​នីតិ​វិធី​សាក​សួរ​បុរស​ជន​ជាតិ​អង់គ្លេស​ឈ្មោះ Gareth Ashley Corbett នៅ​ឡើយ ៖ «ខាង​យើង​បាន​នាំ​គាត់​បញ្ជូន​ទៅ​តុលាការ​ហើយ ហើយ​តុលាការ​បាន​សាកសួរ​គាត់​ហើយ ហើយ​យើង​រង់ចាំ​សេចក្ដី​សម្រេច​របស់​ចៅក្រម​ថា​គួរ​ធ្វើ​យ៉ាង​ម៉េច​ត​ទៅ​ទៀត»

ទាន់ទិន​បញ្ហា​ការ​ជួញដូរ​មនុស្ស​និង​ការ​ប្រព្រឹត្ត​អំពើ​អនាចារ​លើ​កុមារ​ខ្មែរ​នេះ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​នេះ ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា គឺ​លោកស្រី Carol Rodley បាន​ថ្លែង​សរសើរ​រដ្ឋាភិបាល​ខ្មែរ​ដែល​ប្តេជ្ញា​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​អំពើ​អនាចារ​លើ​កុមារ​នេះ។

ប៉ុន្តែ​លោកស្រី​ឯក​អគ្គ​រដ្ឋទូត Carol Rodley ក៏​បាន​សម្តែង​កង្វល់​ដែរ​ថា ខេត្ត​ព្រះ​សីហនុ​កំពុង​ក្លាយ​ជា​កន្លែង​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​កុមារ​និង​យុវជន ដែល​ពួក​គេ​ត្រូវ​រង​គ្រោះ​ដោយសារ​តែ​ភាព​ក្រីក្រ ការ​ជួញ​ដូរ​និង​ការ​រំលោភ​បំពាន​ពី​ជន​បទេស​ដែល​ញៀន​ការ​រួម​ភេទ​នោះ។

លោកស្រី​ឯក​អគ្គ​រដ្ឋទូត​ថ្លែង​បន្ត​ថា បញ្ហា​នេះ​ក៏​បណ្តាល​មក​ពី​ឪពុក​ម្តាយ​មួយ​ចំនួន​ដែល​បាន​ស្ម័គ្រ​ចិត្ត​លក់​កូន​ឯង​ដើម្បី​ប្រាក់​នោះ​ដែរ។

យោង​តាម​លោក​វរសេនីយ៍​ត្រី កែវ ធា ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក យ៉ាង​ហោច​មាន​ជន​បរទេស​ជាង​១០​នាក់​ហើយ ដែល​រួម​មាន​ទាំង​បុរស​ជន​ជាតិ​រុស្ស៊ី អង់គ្លេស និង​អាមេរិក​ផង ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​ផ្ដន្ទា​ទោស​ពី​បទ​ប្រព្រឹត្ត​អំពើ​អនាចារ​លើ​កុមារ​ខ្មែរ៕