មនុស្សរាប់រយនាក់នៅភូមិដករ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានអំពាវនាវរកជំនួយសង្គ្រោះបន្ទាន់ក្រោយពីជីវភាពប្រចាំថ្ងៃជួបប្រទះនឹងការខ្វះស្បៀងដោយសារតែការមិនមានដីបង្កបង្កើនផលគ្រប់គ្រាន់និងកង្វះការងារធ្វើក្នុងមូលដ្ឋាន។
លោក ម៉ែន សាមឿន មេភូមិដងរ៉ែក បានថ្លែងនៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ថា ប្រជាពលរដ្ឋចំនួន១០៥គ្រួសារនៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានដាច់ស្បៀងជាបណ្តើរៗចាប់តាំងពីមុនរដូវបុណ្យភ្ជុំបិណ្ឌនាឆ្នាំ២០០៩នេះ ដោយសារបញ្ហាកង្វះដីធ្លីនិងកង្វះការងារធ្វើក្នុងមូលដ្ឋាន។
លោក ម៉ែន សាមឿន បានបញ្ជាក់ថា ៖ «ប្រជាពលរដ្ឋខ្ញុំមិនដឹងទៅរកអីធ្វើអី ទៅដកផ្សិត ដកអីទៅ យកលក់ដូរ ខ្លះដកត្រពាំង យកមកអ៊ីចឹងទៅ ដោះដូរបន្តិចបន្តួច ក្នុង១ថ្ងៃបាន២០-៣០អ៊ីចឹងទៅ ហើយខ្លះទៅច្រូតស្បូវ ហាលក៏មិនស្ងួតទៀត ភ្លៀងរាល់ថ្ងៃ ក្រងលក់ក៏គ្មានអ្នកណាសូវទិញទៀតឥឡូវនេះ»។
ចំណែឯលោក រ៉ុង ក្នុងចំណោមអ្នកភូមិជាច្រើនគ្រួសារបានថ្លែងថា ដើម្បីដោះទ័លបញ្ហាខ្វះស្បៀង អ្នកភូមិបានដើរចាប់សត្វកណ្តុរ ដកដំឡូងទៀន និងរកអនុផលផ្សេងៗទៀតពីដើមឈើ។
លោក រ៉ុង បានឲ្យដឹងថា ៖ «ដែលគាត់ដោះទាល់សព្វថ្ងៃមានតែ ទីមួយ ជីកដំឡូងទៀន... បេះផ្កា ឆក់កណ្តុរលក់»។
អ្នកភូមិម្នាក់ទៀតបានបន្ថែមថា រាល់ថ្ងៃអ្នកភូមិបានខ្ចីបុលគ្នាទៅវិញទៅមក។ អ្នកខ្លះចងការគេដើម្បីយកលុយទៅទិញអង្ករដាំបាយ។ លោកបន្តថា ការធ្វើរបៀបនេះគឺមិនអាចបានយូរឡើយព្រោះកង្វះជីវភាពប្រចាំថ្ងៃកាន់តែធ្ងន់ធ្ងរទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។
លោក ម៉ែន សាមឿន មេភូមិដងរ៉ែក បានថ្លែងថា នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា លោកបានបញ្ជូនឈ្មោះអ្នកភូមិទាំង១០៥គ្រួសារដែលកំពុងដាច់ស្បៀងទៅលោកមេឃុំបន្ទាយឆ្មារហើយដើម្បីអន្តរាគមន៍ទៅអាជ្ញាធរខេត្តរកជំនួយសង្គ្រោះបន្ទាន់។
លោក វ៉ាត ហាន់ មេឃុំបន្ទាយឆ្មារ បានថ្លែងថា លោកនឹងស្នើទៅអាជ្ញាធរខេត្តសុំស្បៀងក្រោយពេលលោកទទួលបានរបាយការណ៍។ លោកមេឃុំបន្តថា នៅមានភូមិចំនួនពីរទៀតនៅក្នុងឃុំបន្ទាយឆ្មារក៏កំពុងខ្វះស្បៀងដូចអ្នកភូមិដងរ៉ែកដែរ។
លោក វ៉ាត ហាន់ បានមានប្រសាសន៍ថា ៖ «មិនមែនមានតែមួយភូមិហ្នឹងទេ មានភូមិផ្សេងៗទៀត។ វាគ្រាន់តែភូមិខ្លះអត់ច្រើនជាង និងភូមិខ្លះទៀតមានចំនួនតិចជាងគ្នា»។
លោក អុង អឿន អភិបាលខេត្តបន្ទាយមានជ័យមិនអាចទាក់ទងសុំការបញ្ជាក់បានទេ។ ប៉ុន្តែលោក អ៊ុក កែវរតនៈ មន្ត្រីនាំពាក្យសាលាខេត្ត បានថ្លែងថា អាជ្ញាធរខេត្តនឹងចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែងដើម្បីជួយដល់ក្រុមអ្នកភូមិ។
លោក ស៊ុម ចាន់គា មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក បានថ្លែងថា អាជ្ញាធរខេត្តត្រូវតែយកចិត្តទុកដាក់ជាបន្ទាន់ក្នុងបញ្ហាកង្វះខាតស្បៀងរបស់អ្នកភូមិ។
លោក ស៊ុម ចាន់គា បានថ្លែងថា ៖ «ដូច្នេះហើយគាត់រស់នៅចុងកាត់មាត់ញក កន្លែងណាក៏ដោយ បើសិនជាគាត់ខ្វះខាតស្បៀង ជួយគាត់ឲ្យទាន់ពេលវេលា»។
លោកបន្តថា នៅមានមនុស្សជាច្រើនរយគ្រួសារទៀតនៅក្នុងភូមិមួយចំនួនក្នុងខេត្តបន្ទាយមានជ័យក៏កំពុងដាច់ស្បៀងដូចគ្នានេះដែរ៕
អាជ្ញាធរខែត្រសៀមរាបចែកអង្ករជូនអ្នកភូមិជាង៧០០គ្រួសារ
ពលរដ្ឋនៅកំពង់ឆ្នាំងប្រឈមបញ្ហាដាច់ស្បៀងបន្ទាប់ពីទឹកជន់លិចភូមិ
មន្រ្តីអង្គការសេដាក់ខេត្តពោធិ៍សាត់រងការចោទថាមិនមានតម្លាភាព
អ្នកភូមិក្រីក្រនៅពោធិ៍សាត់ចោទអាជ្ញាធរថាមិនមានតម្លាភាព
អ្នកស្រុកនៅកំពង់ធំបារម្ភពីបញ្ហាកង្វះស្បៀងក្រោយគ្រោះធម្មជាតិ
អ្នកភូមិរាប់រយនាក់នៅខែត្របាត់ដំបងប្រឈមមុខនឹងកង្វះស្បៀង
ការតស៊ូព្យាយាមរបស់ក្មេងស្រីដែលឪពុកម្ដាយផ្ទុកមេរោគអេដស៍
អ្នកលក់ដូរតាមចិញ្ចើមថ្នល់សម្ដែងការបារម្ភខណៈដែលអាជ្ញាធរចាត់វិធានការ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
Please help them .......
2009-10-19 01:58
មើលមតិទាំងអស់.