នៅក្នុងព្រះពុទ្ធសាសនាបានចែងថា បញ្ហាទាំងអស់នេះក៏បណ្ដាលមកពីគេខ្វះការបង្ហាត់បង្រៀន អប់រំ ឃុំគ្រងចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍មូលតែមួយ។ តើការអប់រំចិត្តដើម្បីព្យាបាលរោគផ្លូវចិត្តតាមព្រះពុទ្ធសាសនានោះមានលក្ខណៈយ៉ាងដូចម្ដេចខ្លះ? អ្នកស្រី កែវពេជ្រ មេត្តា រាយការណ៍ជូនជ្រាបអំពីរឿងនេះ៖
មនុស្សគ្រប់រូបមិនថាជាតិសាសន៍ណានោះទេ តែងតែមានរោគពីរយ៉ាងប្រចាំនៅក្នុងខ្លួន គឺរោគផ្លូវកាយ និងរោគផ្លូវចិត្ត ដោយខុសគ្នាត្រង់ឈឺតិច ឬឈឺច្រើនប៉ុណ្ណោះ។
សម្រាប់រោគផ្លូវកាយ គេអាចធ្វើការព្យាបាលតាមវិធីផ្សេងៗ បានដូចជាលេបថ្នាំ ឬចាក់ថ្នាំតាមការណែនាំរបស់គ្រូពេទ្យ ហើយជំងឺខ្លះអាចជាសះស្បើយបានក្រោយពីបានព្យាបាលរួចមក។ ប៉ុន្តែសម្រាប់រោគផ្លូវចិត្តវិញ គេឃើញមានការពិបាកព្យាបាលឲ្យជាសះស្បើយជាងរោគផ្លូវកាយ ពីព្រោះជំងឺផ្លូវចិត្តនេះមានការទាក់ទងទៅនិងអារម្មណ៍ទាំងឡាយរបស់ចិត្ត ភ្ជាប់ទៅនិងរចនាសម្ព័ន្ធរាងកាយរបស់មនុស្សម្នាក់។
កត្តាមួយទៀត ចិត្តគឺជាសភាវៈធម៌ (ឬធម្មជាតិដើម) មួយ ដែលគេមើលមិនឃើញ និងមានការផ្លាស់ប្ដូរប្រែប្រួលយ៉ាងឆាប់រហ័សបំផុត។ ប្រសិនបើចិត្តពើបប្រទះនិងវត្ថុណាមួយដែលពេញចិត្ត ពេលនោះអារម្មណ៍ក៏កើតមានសេចក្ដីសប្បាយរីករាយ ប៉ុន្តែបើចិត្តបានជួបនិងរឿងអ្វីមួយកើតឡើង ដែលអាក្រក់ជារឿងមិនល្អមិនពេញចិត្ត ពេលនោះចិត្តបានប្រែទៅជារងទុក្ខភ្លាមៗ មួយរំពេច។
ព្រះតេជព្រះគុណ ព្រះសំវរវិជ្ជា សុខ ប៊ុនធឿន (កន្តធម្មោ) ព្រះចៅអធិការវត្តនន្ទមុនី និងជាព្រះសមុហ៍អនុគណខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមានព្រះថេរដីកាថា ប្រការដែលនាំឲ្យចិត្តធ្លាក់ចុះទៅក្នុងភាពសប្បាយ ឬភាពតានតឹងបង្កឲ្យកើតជំងឺផ្លូវចិត្តនោះ បើគេនិយាយទៅតាមធម៌ក្នុងព្រះពុទ្ធសាសនា គឺថាបណ្ដាលមកពីអាយតនៈខាងក្នុងទាំង៦ មានភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងមនោ ឬចិត្ត ហើយនិងអាយតនៈខាងក្រៅមាន៦ ដែរ គឺរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ (ការប៉ះពាល់តាមផ្លូវកាយ...) ៖ "កត្តាទាំងពីរហ្នឹង បើយើងផ្អែកទៅក្នុងអង្គធម៌ គឺអាយតនៈទាំង១២ ហ្នឹង។ អាយតនៈក្នុង៦ អាយតនៈក្រៅ៦ គឺភ្នែកជាគូគ្នានិងរូប។ បើភ្នែកឃើញរូបហ្នឹងល្អទៅ វាបញ្ជូនព័ត៌មានដល់ផ្លូវចិត្ត មានន័យថាវាធ្វើឲ្យសប្បាយចិត្តអ៊ីចឹងទៅ ប៉ុន្តែកាលណាភ្នែកវាប៉ះរូបមិនល្អ បណ្ដាលឲ្យចិត្ត ឬអារម្មណ៍យើងសោយនូវការតានតឹង ឬក៏ការកើតទុក្ខតប់ប្រមល់ផ្លូវចិត្ត អាហ្នឹងផ្នែកខាងភ្នែក និងរូប។ ដល់ពេលត្រចៀកដូចគ្នាអ៊ីចឹងដែរ កាលណាឮសំឡេងពីរោះវាបញ្ជូនជូនព័ត៌មានដល់ចិត្ត ចិត្តសប្បាយ ប៉ុន្តែបើឮសំឡេងមិនគប្បី វាប៉ះផ្ទប់និងសំឡេងខាងក្រៅមិនល្អ វាបញ្ជូនព័ត៌មានដល់ផ្លូវចិត្ត ចិត្តក៏កើតទុក្ខធីចឹងទៅ អាហ្នឹងផ្នែកត្រចៀកគូនិងសំឡេង"។
ចំណែកអាយតនៈទី៣ ព្រះតេជព្រះគុណបានបញ្ជាក់ថា គឺច្រមុះជាគូនិងក្លិន ដែលនាំឲ្យចិត្តទោមនស្ស និងសោមនស្សរីករាយ គឺបើច្រមុះប៉ះក្លិនល្អ ក្រអូប ឈ្ងុយ ឆ្ងាញ់ ចិត្តក៏ទទួលសុខសប្បាយ តែកាលណាច្រមុះប៉ះផ្ទប់នូវក្លិនមិនល្អពេលនោះ ចិត្តក៏រងទុក្ខ។ រីឯអាយតនៈទី៤ ក៏មានលក្ខណៈដូចគ្នា គឺអណ្ដាតគូនិងរស (រសជាតិ) កាលណាអណ្ដាតបានប៉ះរសជាតិអាហារណាជាទីគាប់ចិត្ត ពេលនោះចិត្តសប្បាយ បើប៉ះរសមិនឆ្ងាញ់ពិសាទេ ក៏បណ្ដាលឲ្យចិត្តមានការសៅហ្មងឡើង។ សម្រាប់អាយតនៈទី៥ គឺកាយជាគូរនិងការប៉ះពាល់តាមផ្លូវកាយ ហើយទី៦គឺមនោ ឬចិត្ត ជាគូនិងអារម្មណ៍ ធម្មារម្មណ៍ ៖ "សរុបសេចក្ដីទៅថា អាយតនៈទាំង១២ ហ្នឹង ៦ក្នុង ៦ក្រៅ គឺជាមធ្យោបាយដែលនាំឲ្យកើតទុក្ខ ឬដែលហៅថា ស្ដ្រេស (Stress) ធ្វើឲ្យតប់ប្រមល់ក្ដៅក្រហាយអីចឹងទៅ។ ជាជំងឺផ្លូវចិត្តហ្នឹងតែម្ដង ដល់ពេលអ៊ីចឹង ចិត្តមានរោគ មានជំងឺ មានវិបត្តិផ្សេងៗ ច្រើនបន្តទៅទៀតច្រើន។ មនុស្សយើងអត់គេចផុតពីបញ្ហាហ្នឹង គឺគេចមិនផុតទេ ប៉ុន្តែគ្រាន់តែថា តិច ឬច្រើន អ្នកខ្លះគេអាចគ្រប់គ្រងបានអ៊ីចឹងទៅ វាជាទង្វើល្អរបស់គេ ហើយអ្នកខ្លះទៅមានស្ថានភាពគ្រប់គ្រងចិត្តអត់បានអ៊ីចឹងទៅ អាជំងឺវាគ្រប់ដណ្ដប់ផ្លូវចិត្តហ្នឹង វារើអត់រួចក៏ដែលជាបញ្ហាធំមែនទែន"។
អ្នកប្រាជ្ញផ្នែកព្រះពុទ្ធសាសនាបានបញ្ជាក់ថា កាលណាចិត្តជាប់ជំពាក់ខ្លាំងទាំងក្នុងអារម្មណ៍សប្បាយ និងអារម្មណ៍កើតទុក្ខ តានតឹងពិបាកដោះស្រាយធ្វើឲ្យចិត្តមានរោគ ឬជំងឺផ្លូវចិត្តខ្លាំងក្លា ហើយបើមិនប្រញាប់ព្យាបាលទេ អ្នកជំងឺអាចឈានទៅរកគ្រោះថ្នាក់ ទាំងផ្លូវកាយ និងផ្លូវចិត្ត ពីព្រោះកាយ និងចិត្តនេះមានសម្ពន្ធភាពទាក់ទងគ្នា។ កន្លងមកក៏ដូចសព្វថ្ងៃ ការព្យាបាលរោគផ្លូវចិត្ត អ្នកខ្លះបានប្រើប្រាស់មធ្យោបាយផ្សេងៗ ដូចជាដើរកម្សាន្ត មើលកុនល្ខោន ស្ដាប់ចម្រៀង ឬសេពគ្រឿងស្រវឹង គ្រឿងញៀន ជាដើម ដើម្បីបំបាត់ទុក្ខ ប៉ុន្តែបន្ទាប់ពីការធ្វើបែបនេះ គឺបានតែមួយគ្រា ហើយគេក៏វិលទៅរកអារម្មណ៍មិនសប្បាយចិត្តដដែល។
ក្រៅពីនេះទៀត អ្នកជំងឺខ្លះបានស្វះស្វែងទៅរកគ្រូពេទ្យដើម្បីឲ្យព្យាបាលឲ្យ ដោយលេបថ្នាំ ឬជួនកាលបានទទួលការណែនាំជួយលើកទឹកចិត្តពីគ្រូពេទ្យ ហើយអ្នកខ្លះក៏បានធូរស្រាល ប៉ុន្តែអ្នកខ្លះមិនបានធូរស្រាលទេ។
អ្នកប្រាជ្ញផ្នែកព្រះពុទ្ធសាសនាបានបញ្ជាក់ថា នៅក្នុងពាក្យទូន្មានរបស់ព្រះពុទ្ធអង្គ មិនមានការចែងថាធម៌ណាមួយដើម្បីព្យាបាលរោគផ្លូវចិត្តទេ ក៏ប៉ុន្តែព្រះអង្គបានបង្រៀនអំពីវិធីអប់រំចិត្តឲ្យមនុស្សគ្រប់រូបធ្វើការទូន្មានចិត្ត គ្រប់គ្រងចិត្តខ្លួនឯងឲ្យប្រព្រឹត្តអំពើល្អ។
ព្រះតេជព្រះគុណ ព្រះសំវរវិជ្ជា សុខ ប៊ុនធឿន (កន្តធម្មោ) ព្រះចៅអធិការវត្តនន្ទមុនី ក្រុងភ្នំពេញបានបញ្ជាក់បន្ថែមអំពីការគ្រប់គ្រងចិត្ត ដើម្បីឲ្យចិត្តមានសុខភាពល្អយ៉ាងដូច្នេះ ៖ "ព្រះពុទ្ធលោកបង្រៀនរូបមន្តថា ដើម្បីឲ្យចិត្តហ្នឹងជាចិត្តមួយសុខ គឺត្រូវតែមានធម៌នៅក្នុងចិត្ត នៅក្នុងខ្លួន អ៊ីចឹងទី១ ត្រូវសិក្សាព្រះធម៌ឲ្យយល់ពីរឿងពិតនៃជីវិត ថាតើជីវិតយើងហ្នឹងមានលក្ខណៈបែបណា។ ដូចជាព្រះពុទ្ធលោកសំដែងថាជីវិតមនុស្សកើតមកមិនទៀង ជាអនិច្ចំ ជាទុក្ខ អនត្តា មិនមែនខ្លួនអ៊ីចឹង។ កាលណាយើងទទួលស្គាល់នូវការពិតអ៊ីចឹង អាការទទួលស្គាល់ហ្នឹងជាវិធីមួយបន្ថយនូវសេចក្ដីទុករួចស្រេចទៅហើយ ពីព្រោះយើងបានសម្របខ្លួនទៅតាមច្បាប់ធម៌ហ្នឹង... ប៉ុន្តែមនុស្សដែលកើតទុក្ខហ្នឹង ភាគច្រើនៗ មិនទទួលស្គាល់នូវការពិតហ្នឹង...។ ចង់ទប់ការពិតមិនឲ្យប្រែប្រួល ដល់ចង់ទប់ខ្លាំង ការកើតទុក្ខក៏កាន់តែខ្លាំងដែរ..."។
ព្រះតេជព្រះគុណបានបន្តទៀតថា ការជួយចិត្តឲ្យមានសុខភាពល្អ សំខាន់គឺអ្នកជំងឺរៀនអប់រំខ្លួនឯង ឲ្យធ្វើជាម្ចាស់លើចិត្ត ហើយវិធីដែលអាចអប់រំចិត្តបាននៅក្នុងព្រះពុទ្ធសាសនា គឺការអនុវត្តសីល សមាធិ និងវិបស្សនា ៖ "សមាធិនេះ បើនិយាយមែនទែនទៅគឺជាវិធីពង្រឹងអំណាចផ្លូវចិត្ត ព្រោះជីវិតយើង ភាសាព្រះធម៌លោកហៅថា បង្កើតឡើងចេញពីនាមធម៌ និងរូបធម៌… ហើយនាម និងរូបហ្នឹងបង្កើតបានជាជីវិត។ អ៊ីចឹងបានជាជីវិតកើតមកវាត្រូវមានការប្រែប្រួល អ៊ីចឹងចិត្តហ្នឹងវាក្រោមក្រំ វាកើតទុក្ខ អ៊ីចឹងបានជាព្រះពុទ្ធ លោកឲ្យប្រើរូបមន្តសមាធិ ដើម្បីធ្វើយ៉ាងម៉េចឲ្យចិត្តចេញចាក កុំឲ្យទទួលយកអ្វីដែលមិនល្អដាក់ក្នុងចិត្ត។ ដល់ពេលហ្នឹងអាចិត្តបានចម្រើន បានអប់រំ បានល្អ ចិត្តស្អាតអ៊ីចឹងទៅ គឺចិត្តហ្នឹងដេកនៅជាសុខ"។
នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ គេឃើញមានការបង្កើតកន្លែងបដិបត្តិធម៌ ឬមជ្ឈមណ្ឌលបដិបត្តិធម៌ជាច្រើនកន្លែងផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានទៅសិក្សាស្វែងយល់អំពីរបៀបអប់រំផ្លូវចិត្ត ធ្វើឲ្យចិត្តមានលំនឹង កាត់បន្ថយការកើតទុក្ខផ្សេងៗផង និងដើម្បីបានសន្សំកុសលផលបុណ្យផង។
មជ្ឈមណ្ឌលវិបស្សនាទាំងនោះរួមមាន មជ្ឈមណ្ឌលធម្មលដ្ឋិកាដែលមានទីតាំងនៅភ្នំទ្រុងមាន់ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង មជ្ឈមណ្ឌលវិបស្សនាធុរៈនៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល៕
