រលំ​អគារ​រោងចក្រ​មួយ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី

អគារ​រោងចក្រ​កាត់​ដេរ​មួយ​នៅ​ភ្នំពេញ​ទើប​នឹង​សង់​ថ្មី ប៉ុន្តែ​នៅ​មិន​ទាន់​ចប់​ជា​ស្ថាពរ​ផង ស្រាប់​តែ​បាក់​រលំ​ផ្នែក​ខ្លះ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៤ ខែ​មីនា នេះ។

អគារ​រោង​ចក្រ​កាត់​ដេរ​នេះ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ។ ការ​បាក់​ផ្នែក​ខ្លះ​នៃ​អគារ​ថ្មី​នេះ មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​គ្រោះ​ថ្នាក់​ឡើយ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧត្ដមសេនីយ៍ ទូច ណារ៉ុថ មាន​ប្រសាសន៍​ថា អគារ​បាក់​រលំ​នោះ គេ​សង់​ធ្វើ​ជា​រោង​ចក្រ​កាត់​ដេរ​របស់​ក្រុមហ៊ុន​មួយ ដែល​លោក​មិន​ទាន់​ដឹង​ឈ្មោះ​ពិត​ប្រាកដ​នៅ​ឡើយ។ លោក​បន្ត​ថា គេ​នៅ​មិន​ទាន់​ដឹង​អំពី​មូល​ហេតុ​នៃ​ការ​បាក់​រលំ​នោះ​នៅ​ឡើយ​ទេ ៖ "វា​សាង​សង់​អត់​ទាន់​ហើយ។ វា​មាន​ការ​បាក់​រលំ ដូច្នេះ​យើង​នឹង​រៀបចំ​គណៈកម្មការ​មួយ ដើម្បី​ត្រួត​ពិនិត្យ​ថា​តើ​មូលហេតុ​នៃ​ការ​បាក់​ហ្នឹង​ដោយ​បច្ចេកទេស ឬ​ក៏​សាងសង់​ខ្វះ​គុណភាព​អី ក៏​វា​ស្ថិត​ក្នុង​លក្ខណៈ​បច្ចេកទេស​នឹង​ដែរ។ ដូច្នេះ​យើង​នឹង​អញ្ជើញ​ក្រុមហ៊ុន​ដើម្បី​សហការ​ជា​មួយ​យើង ស៊ើប​អង្កេត​ថា​តើ​ក្រុមហ៊ុន​ហ្នឹង​ឲ្យ​ខាង​ណា​មក​សាងសង់ យ៉ាងម៉េច​អី យើង​នឹង​ត្រួត​ពិនិត្យ​តាម​ក្រោយ។ ហើយ​ខ្ញុំ​ជឿ​ថា ក្រុមហ៊ុន​គេ​នឹង​ប្តឹង​អ្នក​ម៉ៅការ​សាង​សង់​ហ្នឹង"

លោក​ស្នងការ​ប៉ូលិស​រាជ​ធានី​ភ្នំពេញ​បាន​បន្ត​ថា អគារ​រលំ​នោះ​សង់​ជញ្ជាំង​អំពី​ថ្ម ដំបូល​ប្រក់​ស័ង្កសី។ ដោយ​សារ​ក្នុង​អគារ​មិន​ទាន់​មាន​កម្មករ​ចូល​ធ្វើ​ការ ទើប​គ្មាន​អ្នក​រង​របួស។ អគារ​នេះ​មាន​ទំហំ​ទទឹង ៤០​ម៉ែត្រ បណ្ដោយ ១៦០​ម៉ែត្រ បាន​បាក់​ផ្នែក​ពាក់​កណ្ដាល​អគារ​អស់​ប្រមាណ ១០០​ម៉ែត្រ។ អគារ​នេះ​គ្រោង​បើក​ដំណើរការ​ជា​រោង​ចក្រ​កាត់​ដេរ​នៅ​ដើម​ខែ មីនា ឆ្នាំ​២០១២ នេះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។