បក្ស​ប្រឆាំង​ទាម​ទារ​ឲ្យ​ម្ចាស់​វារីអគ្គិសនី​ស្ទឹង​អាតៃ​ទទួល​ខុស​ត្រូវ​ការ​បាត់​ខ្លួន​កម្មករ

គណបក្ស សម រង្ស៊ី ស្នើ​ឲ្យ​រដ្ឋាភិបាល ជាពិសេស​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​កិច្ចការ​សាង​សង់​ទំនប់​វារីអគ្គិសនី ត្រួត​ពិនិត្យ​ឡើង​វិញ​លើ​បច្ចេកទេស​សាង​សង់​ដែល​គ្រប់គ្រង និង​កំពុង​ដំណើរ​ការ​ដោយ​ក្រុមហ៊ុន​ចិន។

0:00 / 0:00

ជាពិសេស ទំនប់​វារីអគ្គិសនី​អាតៃ ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​កំពុង​ជួប​បញ្ហា​បច្ចេកទេស​បែក​បំពង់ ឬ​លូ​បង្ហូរ​ទឹក​ចេញ បណ្ដាល​ឲ្យ​កម្មករ​រង​របួស និង​បាត់​ខ្លួន​នៅ​តំបន់​សាង​សង់​ទំនប់​វារីអគ្គិសនី​នោះ​ប្រមាណ ៣​នាក់ ហើយ​រហូត​មក​ដល់​ពេល​នេះ គេ​រក​ពុំ​ទាន់​ឃើញ​នៅ​ឡើយ។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ចង់​ឲ្យ​អាជ្ញាធរ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​អាតៃ របស់​ក្រុមហ៊ុន​ចិន ផ្អាក​ដំណើរ​ការ​សាង​សង់​ទំនប់​នេះ​បណ្ដោះ​អាសន្ន។

លោក សុន ឆ័យ តំណាង​រាស្ត្រ​មក​ពី​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី៤ ធ្នូ ថា រាល់​សំណង់​ដែល​សាង​សង់​ដោយ​ក្រុមហ៊ុន​ចិន មិន​អាច​ឲ្យ​ទុក​ចិត្ត​បាន​ឡើយ៖ «ធម្មតា​នៅ​ពេល​មាន​បញ្ហា​បែប​ហ្នឹង គេ​មិន​ត្រូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ព្រងើយ​អ៊ីចឹង​ទេ គេ​ត្រូវ​ផ្អាក​ការ​សាង​សង់​ភ្លាម ហើយ​គេ​មាន​ក្រុម​បច្ចេកទេស​ចុះ​ទៅ​អង្កេត​ជា​ផ្លូវ​ការ​ចំពោះ​ការ​សាង​សង់​នោះ​វិញ»

វិទ្យុ​អាស៊ី​សេរី ពុំ​ទាន់​អាច​ទាក់​ទង​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ស៊ុយ សែម ដើម្បី​សុំ​ការ​ពន្យល់​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​អង្គារ ទី៤ ធ្នូ។

ចំណែក​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ សុខា ក៏​មិន​ហ៊ាន​អះអាង​ថា​យ៉ាង​ណា​ឡើយ ចំពោះ​សំណើ​របស់​គណបក្ស​ប្រឆាំង​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា នេះ​ជា​កិច្ចការ​របស់​រដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន​ចិន ដែល​មាន​កិច្ច​សន្យា​ត្រឹមត្រូវ និង​មាន​លក្ខណៈ​បច្ចេកទេស៖ «តាម​ពិត វា​ជា​រឿង​ក្រុមហ៊ុន​ដែល​គេ​ទទួល​ខុស​ត្រូវ​របស់​គេ​ទេ សំខាន់​កុងត្រា​របស់​ក្រុមហ៊ុន​ជាមួយ​រដ្ឋាភិបាល ថា​ពេល​ធ្វើ​ហើយ​គេ​នឹង​លក់​ភ្លើង​មក​យើង​ហើយ អ៊ីចឹង​រឿង​នេះ​វា​អាស្រ័យ​លើ​ក្រុមហ៊ុន​ទេ ព្រោះ​ក្រុមហ៊ុន​មាន​អា​អ្នក​ធ្វើ​អ្នក​អង្កេត​អី​អស់​ហ្នឹង»

កាល​ពី​ថ្ងៃ​សៅរ៍ ទី១ ធ្នូ នៅ​ពេល​ក្រុម​បច្ចេកទេស​ដំណើរ​ការ​សាក​ល្បង​ប្រើប្រាស់​ទ្វារ​ទឹក​ទី​មួយ នៅ​តំបន់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អាតៃ នោះ ប៉ុន្តែ​នៅ​ពេល​ចាប់​ដំណើរ​ការ ធ្វើ​ឲ្យ​បំពង់ ឬ​លូ​បណ្ដោះ​ទឹក​ចេញ​ពី​ទ្វារ​ទឹក​ទី​មួយ​នោះ ត្រូវ​បែក​ធ្លាយ​ប្រវែង​ប្រមាណ​ជាង ១០​ម៉ែត្រ ពេល​នោះ​កម្លាំង​ទឹក​ក៏​បុក​ចេញ​ខ្លាំង បណ្ដាល​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ក្នុង​ការដ្ឋាន ហើយ​កម្មករ​ធ្វើ​ការ​នៅ​ទីនោះ​រង​របួស​ធ្ងន់​ប្រមាណ ៤​នាក់ និង​បាត់​ខ្លួន​កម្មករ​ប្រមាណ ៣​នាក់ រហូត​មក​ដល់​រសៀល​ថ្ងៃ​អង្គារ ទី៤ ធ្នូ រក​មិន​ទាន់​ឃើញ​នៅ​ឡើយ។

លោក សុន ឆ័យ គ្រោង​ដឹក​នាំ​អ្នក​ជំនាញ​ទៅ​អង្កេត​មើល​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​អាតៃ នោះ​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ៖ «ខ្ញុំ​នឹង​ទៅ ព្រោះ​ខ្ញុំ​នៅ​មាន​កម្មវិធី​ទំនប់​ហ្នឹង មិន​ដូច​រដ្ឋាភិបាល​ឆ្លើយ​ជាមួយ​ខ្ញុំ​ថា​បក្ស​ប្រឆាំង​ចេះ​តែ​ប្រឆាំង​ឲ្យ​តែ​ធ្វើ​ទំនប់​បង្កើត​អគ្គិសនី ហើយ​ចេះ​តែ​ប្រឆាំង មិន​មែន​ទេ ខ្ញុំ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​រឿង​បរិស្ថាន រឿង​ចំណេញ​ខាត​ដែរ»

ទំនប់​វារីអគ្គិសនី​ស្ទឹង​អាតៃ ខេត្ត​ពោធិ៍សាត់ បាន​ដំណើរ​ការ​សាង​សង់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ក្រុមហ៊ុន​ចិន។ ទំនប់​នេះ​មាន​កម្លាំង​ថាមពល​ភ្លើង ១២០​មេហ្គាវ៉ាត់ ហើយ​ផ្នែក​ខ្លះ​នៃ​ទំនប់​នេះ អាច​នឹង​ដំណើរ​ការ​បាន​នៅ​ដើម​ឆ្នាំ​២០១៣ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។