ព្រះករុណាព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះទ័យថ្វាយគោរមងារ និងឋានៈដ៏ខ្ពង់ខ្ពស់ ជូនលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ឲ្យក្លាយជាកិត្តិព្រឹទ្ធបណ្ឌិតនៃរាជបណ្ឌិតសភាកម្ពុជា ដោយសារតែលោកស្រីមានស្នាដៃ បានចូលរួមក្នុងការកាត់បន្ថយដោយជោគជ័យនូវអត្រាអ្នកស្លាប់ ដោយសារមេរោគអេដស៍ (AIDS) និងការកាត់បន្ថយអត្រាទារកស្លាប់ នៅពេលម្ដាយសម្រាលកូន និងការតស៊ូរំដោះប្រទេសជាតិកន្លងមក។
ពិធីប្រកាសតែងតាំងជាផ្លូវការ បានធ្វើឡើង នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១១ នៅឯវិមានសន្តិភាព ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សមាជិករាជបណ្ឌិតសភាកម្ពុជា និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនរូបទៀត ព្រមទាំងមានតំណាងរបស់អង្គការសហប្រជាជាតិ និងតំណាងអង្គការអន្តរជាតិមួយចំនួនទៀត។
ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា មានប្រសាសន៍នៅក្នុងពិធីប្រកាសតែងតាំងនោះថា លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន គឺជាឥស្សរជនទី៤ ដែលបានទទួលគោរមងារដ៏ខ្ពង់ខ្ពស់នេះ។
លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា ៖ «គោរមងារនេះ ស្នើប្រគល់ជូនវីរជនខ្មែរ ដែលមានគុណបំណាច់ និងស្នាដៃធំធេង ចំពោះប្រទេសជាតិ ក្នុងធ្វើឲ្យរស់ឡើងវិញ និងអភិវឌ្ឍន៍នូវសង្គម
វប្បធម៌ និងសេដ្ឋកិច្ចជាតិ ព្រមទាំងបានទទួលស្គាល់ជាអន្តរជាតិ លើវិស័យមនុស្សធម៌ និងសង្គមធម៌ផង»។
ការប្រកាសតែងតាំងនេះ គឺផ្អែកតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្តលេខា នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១១ កន្លងទៅ។
លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន អាយុ ៥៧ ឆ្នាំ ក្រោយពីបានទទួលការតែងតាំង មានប្រសាសន៍ថា លោកស្រីបន្តកិច្ចការងារ ក្នុងការកាត់បន្ថយអត្រាស្លាប់ដោយសារមេរោគអេដស៍ និងកាត់បន្ថយអត្រាទារកស្លាប់នៅពេលម្ដាយសម្រាលកូនបន្តទៀត។
លោកស្រីបន្តថា «កិច្ចខិតខំប្រឹងប្រែងតំណែងរបស់ខ្ញុំ គឺមិនទាន់ចប់នៅឡើយទេ។ នៅមានភារកិច្ច និងការទទួលខុសត្រូវថ្មីៗ ថែមទៀត»។
តំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី លោកស្រី មូរ សុខហួ និងជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍ថា លោកស្រីសាទរ និងការផ្ដល់គោរមងារដ៏ខ្ពង់ខ្ពស់នេះ។
លោកស្រី មូរ សុខហួ ៖ «ដូចជាថ្ងៃនេះ ក្រុមហ៊ុនស្រាបៀរអង្គរ គឺស្ត្រីខ្មែរយើង ដែលលក់ស្រាបៀរអង្គរកំពុងតែទាមទារឲ្យក្រុមហ៊ុនផ្ដល់នូវប្រាក់បៀវត្សឲ្យសមរម្យ ដើម្បីមានជីវិតរស់នៅដោយសមរម្យ។ ទាំងអស់នេះ គឺជាការយើងជាស្ត្រីខ្មែរ ទោះបីយើង ទោះបីមានគោរមងារ ឬអត់ក៏ដោយ ត្រូវតែផ្ដោតអារម្មណ៍ ដើម្បីការពារកិត្តិយសស្ត្រីខ្មែរយើង រស់ដោយភាពថ្លៃថ្នូរ ធ្វើការងារដោយភាពថ្លៃថ្នូរ»។
ការប្រកាសតែងតាំងនេះ គឺមន្ត្រីតំណាងរដ្ឋាភិបាលកម្ពុជា បានអះអាងថា ស្នាដៃជាច្រើនរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន កន្លងមក មានដូចជាទី១ ការងារកាកបាទក្រហមកម្ពុជា។ ទី២ ការ
ងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍។ ទី៣ ការងារគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។ ទី៤ ការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ និងទី៥ ការសង្គ្រោះជីវិត និងការផ្លាស់ប្ដូរផ្នត់គំនិតនៅកម្ពុជា»។
កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០០៧ កន្លងទៅ ព្រះករុណាព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះទ័យថ្វាយគោរមងារដ៏ខ្ពង់ខ្ពស់ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្លាយជាសម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ក្លាយជាសម្ដេចអគ្គមហាធម្មពោធិសាល និងប្រធានសភាជាតិ លោក ហេង សំរិន ជាអគ្គមហាពញាចក្រី៕