នៅប្រទេសភូមាដែលមានមនុស្សរាប់សឹបម៉ឺននាក់ កំពុងត្រូវការស្បៀងអាហារនិងទឹក ក្រោយព្រឹត្តការណ៍ខ្យល់ព្យុះសម្លាប់មនុស្ស មានសេចក្តីរាយការណ៍ថា អាជ្ញាធរភូមាបានរឹបអូសយកស្បៀងអាហារជំនួយរបស់អង្គការសហប្រជាជាតិ ដែលបានដឹកតាមយន្តហោះ ២គ្រឿង ។
អ្នកស្រុកតម្រង់ជួរគ្នាដើម្បីទទួលទឹកស្អាតសម្រាប់ផឹក នៅក្នុងទីក្រុងយ៉ង់ហ្គូន នាថ្ងៃទី៥ ឧសភា ២០០៨។
ស្បៀងជំនួយដែលក្រុមយោធាភូមាបានរឹបអូសយកនោះ រួមមានអាហារទម្ងន់ ៣៨តោន ដែលគេបានដឹកមកពីប្រទេសបង់ក្លាដេស្ហ និងមកពីប្រទេសសហភាពអារ៉ាប់អេមីរ៉ាត ។
សាក្សីជាប្រជាជនរងគ្រោះ បានរាយការណ៍ថា មានករណីបំភ័ន្តមតិអន្តរជាតិ ដោយឲ្យគេឃើញត្រឹមតែរូបថតចែកអំណោយ ដែលតាមពិតសាក្សីនោះថា មានការប្រមូលយកទៅវិញ ក្រោយការថតរូបទទួលអំណោយនោះរួច ។
សូមបញ្ជាក់ថា អាជ្ញាធរភូមាបានរារាំងមិនឲ្យក្រុមសង្គ្រោះអង្គការសហប្រជាជាតិ (អ.ស.ប.) ចូលទៅដល់កន្លែងដើម្បីចែកអំណោយដោយផ្ទាល់ចំពោះជនរងគ្រោះនោះទេ បើទោះបីជាជំនួយត្រូវបានអនុញ្ញាតឲ្យដឹកតាមយន្តហោះចូលទៅដល់ព្រលានអាកាសចរណ៍អន្តរជាតិក៏ដោយ ។
សាក្សីដែលបានឃើញហេតុការណ៍កាលពីម្សិលមិញ បានរាយការណ៍យ៉ាងនេះ ថា ៖ «មេបញ្ជាការតំបន់ភូមាម្នាក់ឈ្មោះ ទន់តេ បានចែកអំណោយស្បៀងអ.ស.ប.ដល់ប្រជាជន និងបានថតរូបទុកជាភស្តុតាង ប៉ុន្តែក្រោយពីលោកមេបញ្ជាការនោះ បានចាកចេញភ្លាម ពួកអាជ្ញាធរមូលដ្ឋានបានដើរប្រមូលយកអស់ទៅវិញ» ។
មន្ត្រីអ្នកនាំពាក្យភូមា ឈ្មោះ Ye Htut មិនសប្បាយចិត្តនឹងការចោទថា អាជ្ញាធរបានរឹបអូសយកស្បៀងនោះឡើយ ។
មន្ត្រីអ្នកនាំពាក្យភូមាធ្វើជាបង្ហាញភាពឈឺឆ្អាលរបស់ខ្លួនដោយបញ្ជាក់ថា រដ្ឋាភិបាលភូមាសុខចិត្តធ្វើកិច្ចការនោះដោយពឹងកម្លាំងខ្លួនឯង ហើយអំណោយជាស្បៀងដែលបានយកទៅនោះ គឺបានយកទៅចែកភ្លាមៗដល់អ្នកស្រេកឃ្លានដោយមិនបង្អង់ទុកយូរឡើយ ។
ក្រុមអាជ្ញាធរភូមាបានឲ្យដឹងថា រហូតមកទល់ពេលនេះ ចំនួនអ្នកស្លាប់និងអ្នកបាត់ខ្លួនដោយសារតែគ្រោះខ្យល់ព្យុះកាលពីថ្ងៃសៅរ៍ កន្លងមក មានអ្នកស្លាប់និងអ្នកបាត់ខ្លួនដល់ទៅចំនួនជាង ៦ម៉ឺននាក់នោះហើយ ។ ចំណែកអ្នកដែលរងគ្រោះត្រូវគេជឿថា មានចំនួនប្រមាណជាងមួយលាននាក់ ។
តាមរយៈទូរទស្សន៍ស៊ី.អិន.អិន គេបានឃើញទស្សនីយភាពដ៏គួរឲ្យតក់ស្លុត នៅពេលដែលឃើញមនុស្សជាច្រើនបានស្លាប់អណ្តែតជាមួយសាកសពចូលទៅនៅក្នុងទឹកសមុទ្រ ។
ស្ត្រីភូមាម្នាក់បាននិយាយថា មេដឹកនាំភូមាមិនមានបំណងស្រង់យកខ្មោចដែលអណ្តែតទឹកនោះ ដាក់លើគោកដើម្បីបញ្ចុះឬបូជានោះឡើយ ៖ «លោករដ្ឋមន្ត្រីក្រសួងព្រៃឈើ បានជិះកាណូតមើលសាកសពដែលអណ្តែតនៅក្នុងទឹក។ ពេលនោះ មានគេសួរលោករដ្ឋមន្ត្រីថា តើគេគួរធ្វើយ៉ាងណា ចំពោះសាកសពនោះ។ លោករដ្ឋមន្ត្រីបានឆ្លើយថា គេមិនចាំបាច់ធ្វើអ្វីនោះទេ ព្រោះត្រីគង់តែនឹងស៊ីសាច់ខ្មោចអណ្តែតទឹក ហើយឆ្អឹងក៏គង់តែលិចបាត់ទៅខាងក្រោមនោះដែរ» ។
ក្រុមអ្នកដឹកជំនួយសង្គ្រោះ បានថ្លែងថា គេមានការខឹងសម្បាចំពោះមន្ត្រីយោធាភូមាដែលមិនអនុញ្ញាតឲ្យពួកគេចូលទៅសង្គ្រោះជនរងគ្រោះភូមានោះឡើយ ។
នាយកអង្គការស្បៀងអាហារពិភពលោក លោក Tony Bnabury បានថ្លែងអង្វរសូមកុំឲ្យមេដឹកនាំក្រុងរ៉ង់ហ្គូនភ្ជាប់រឿងការជួយជីវិតប្រជាជនភូមារងគ្រោះ ទៅនឹងរឿងនយោបាយ ។
លោកបានថ្លែងថា ពួកគេដែលមានចំនួនប្រមាណ១លានឬជាង១លានដែលកំពុងស្រេកឃ្លាននោះ ត្រូវការជំនួយមនុស្សធ៌ម ហើយលោកសូមឲ្យមន្ត្រីភូមាបើកការអនុញ្ញាតឲ្យក្រុមសង្គ្រោះមនុស្សធម៌អ.ស.ប. បានចូលទៅជួយសង្គ្រោះប្រជាជនភូមាដែលរងគ្រោះទាំងនោះ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
នៅកំពង់ចាម ផ្ទះជាច្រើនត្រូវខ្យល់ព្យុះបំផ្លាញ មនុស្សម្នាក់ត្រូវរន្ទះបាញ់ស្លាប់
សេចក្ដីរាយការណ៍៖ មានយានអាថ៌កំបាំងផ្ទុះធ្លាក់នៅលើកោះត្រល់
មានដំណឹងថា យន្តហោះមួយគ្រឿងធ្លាក់នៅខេត្តកំពត
សាឡាងអ្នកលឿងជួបឧប្បត្តិហេតុកណ្តាលទន្លេ
អាស៊ាននិងអ.ស.ប.គ្រោងពិភាក្សាពីបញ្ហាជំនួយសម្រាប់ភូមា
ភូមាអនុញ្ញាតឲ្យយន្តហោះអាមេរិកដឹកជំនួយសង្គ្រោះចូល
រញ្ជួយផែនដីនៅចិនសម្លាប់មនុស្សជាង ១ម៉ឺននាក់
មនុស្សស្លាប់ដោយសារខ្យល់ព្យុះនៅភូមាកើនឡើងជិត១០ម៉ឺននាក់