លោកស្រី ស៊ីចាន់ ភិនប៊ុនទៀង ភរិយាឧត្តមសេនីយ៍យោធាថៃចូលនិវត្តន៍និងជាអ្នកជួញដូរធំមួយនៅស្រុកថៃ បានមានប្រសាសន៍នៅព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ថា បណ្តាក្រុមហ៊ុនថៃធំៗនិងក្រុមអាជីវករពុំបានខ្វល់ខ្វាយ ឬមានការព្រួយបារម្ភទេចំពោះជម្លោះរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។
លោកស្រី ស៊ីចាន់ ភិនប៊ុនទៀង មានប្រសាសន៍ដូច្នេះ ៖ «ប្រជាជនគេដឹងចិត្តគ្នាហើយ អ៊ីចឹងគេរកស៊ីតាមដំណើរហ្នឹងឯង។ សព្វថ្ងៃហ្នឹងខ្មែរពឹងថៃ ថៃក៏ពឹងខ្មែរ»។
លោកស្រី ស៊ីចាន់ ភិនប៊ុនទៀង បានបន្តថា រឿងថ្នាក់ដឹកនាំរដ្ឋាភិបាលថៃនឹងមានការប្រែប្រួលនៅពេលអាណត្តិផ្លាស់ប្តូរចូលមកដល់ ប៉ុន្តែក្រុមឈ្មួញនិងអាជីវករថៃ គិតតែពីធ្វើការងាររកស៊ីមិនខ្វល់ពីជម្លោះរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរឡើយ។
វិបត្តិនានារវាងប្រទេសកម្ពុជា-ថៃទាន់ទិនបញ្ហាព្រំដែន បានជំរុញឲ្យកងទ័ពប្រទេសទាំងពីរបើកការបាញ់ប្រហារគ្នាជាច្រើនសានៅតំបន់ប្រសាទព្រះវិហារ ហើយនៅពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន បានប្រើពាក្យសម្ដីធ្ងន់ៗថែមទៀតទៅលើប្រមុខដឹកនាំប្រទេសថៃ ខណៈដែលរងការរិះគន់ពីរដ្ឋាភិបាលក្រុងបាងកក។
តំណាងក្រុមហ៊ុនខ្មែរនាំទំនិញចេញចូលខ្មែរ-ថៃ បានមានប្រសាសន៍ថា បណ្តាក្រុមហ៊ុនធំៗក្នុងប្រទេសកម្ពុជា នៅតែបន្តការងារជួញដូរពួកគេជាធម្មតាមិនមានការបារម្ភទេ ៖ «សព្វថ្ងៃអ្វីៗធម្មតា មិនមានការភ័យព្រួយអីដូចលើកមុខទេ»។
កញ្ញា សែ ឡាក់គី អាជីវករខ្មែរនៅផ្សាររុងក្លឿថៃ បានមានប្រសាសន៍ដែរថា ទាំងក្រុមអាជីវករខ្មែរ-ថៃ ពួកគេមានការខ្វល់ខ្វាយពីមុខរបរប្រចាំថ្ងៃ ដោយពុំមានការភ្ញាក់ផ្អើលឡើយ ៖ «ទាំងខាងថៃខាងខ្មែរគិតថា ជាច្រើនសាមកហើយមិនដែលឃើញមានអី»។
ចំណែកឯលោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យបានមានប្រសាសន៍ថា ជម្លោះខ្មែរ-ថៃបានជះឥទ្ធិពលដល់លំហូរទំនិញថៃចូលមកកម្ពុជា ទាំងបរិមាណនិងតម្លៃ។ លោកស្រីបន្តថា ការតានតឹងពាក្យសម្ដីរវាងប្រមុខដឹកនាំប្រទេសទាំងពីរ អាចធ្វើឲ្យភ្ញៀវទេសចរពិចារណាកត្តាសន្តិសុខសម្រាប់ដំណើរទស្សនកិច្ចរបស់ពួកគេ ៖ «ថ្នាក់ដឹកនាំខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីឲ្យមានបរិយាកាសល្អ»។
លោកស្រីបន្តថា ប្រទេសកម្ពុជាទើបងើបពីសង្គ្រាមធ្វើឲ្យក្រុមអ្នកវិនិយោគទុនខាងក្រៅយកចិត្តទុកដាក់យ៉ាងខ្លាំង។
លោកស្រី ជា វណ្ណាត បានកត់សម្គាល់ថា ប្រទេសថៃនិងកម្ពុជា ប្រកាន់ជំហររឹងមាំរៀងៗខ្លួន និងបានខិតខំបញ្ចៀសទំនាស់ខាងផ្នែកយោធាដែរ ក៏ប៉ុន្តែមតិសាធារណជនក្នុងស្រុកនិងក្រៅស្រុកបារម្ភថា ការប្រឈមមុខដាក់គ្នាបូកនឹងទំនាស់ពាក្យសម្ដីធ្ងន់ៗអាចបង្ករឿងធំបាន។
កាលពីពេលថ្មីៗនេះ ក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា មន្ត្រីអាមេរិកបានសុំឲ្យកម្ពុជានិងថៃ ដោះស្រាយទំនាស់ព្រំដែនតាមការចរចាដោយសន្តិវិធី៕
