បុរស​ខ្មែរ​រស់​នៅ​អាមេរិក​ត្រូវ​នាំ​ខ្លួន​ទៅ​តុលាការ​ពី​បទ​ចាក់​សាំង​ដុត​គូ​ដណ្ដឹង

បុរស​ជាតិ​ខ្មែរ​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​គេ​បាន​ចោទ​ថា យក​សាំង​ស្រោច​លើ​គូ​ដណ្តឹង ហើយ​បាន​ដុត​ភ្លើង​ប៉ុនប៉ង​សម្លាប់​ស្ត្រី​នោះ ត្រូវ​គេ​បញ្ជូន​ទៅ​តុលាការ​ខេត្ត​បាត់ដំបង​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ហើយ។

បុរស​ឈ្មោះ តាន់ នីឡុង អាយុ​៥៥​ឆ្នាំ ដែល​អាជ្ញាធរ​ខ្មែរ​ឲ្យ​ដឹង​ថា ជា​មនុស្ស​រស់​នៅ​ក្នុង​ក្រុង Oakland នៃ​រដ្ឋ California សហរដ្ឋ​អាមេរិក បាន​សារភាព​ថា គាត់​ពិត​ជា​បាន​លប​យក​សាំង​ដុត​លើ​គូ​ដណ្តឹង​របស់​គាត់​ដែល​មាន​អាយុ​២១​ឆ្នាំ​នោះ​មែន ដោយសារ​តែ​ភាគី​ខាង​ស្រី​រស់​នៅ​ភូមិ​បែកចាន ឃុំ​ព្រះស្តេច ខេត្ត​បាត់ដំបង​នោះ បាន​ផ្តាច់​ពាក្យ​មិន​ព្រម​រៀបការ​ជាមួយ​គាត់។

នាយ​ការិយាល័យ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​លោក តាន់ សុផល បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា គេ​មាន​ភស្តុតាង​គ្រប់​បែប​យ៉ាង​ទាក់ទង​នឹង​សកម្មភាព​របស់​អាណិកជន​ខ្មែរ​អាមេរិក​នោះ ដែល​បាន​ធ្វើ​ទៅ​លើ​នាង​គូ​ដណ្តឹង​ឈ្មោះ យ៉ាន់ គឹមហ៊ាន កាល​ពី​ចុង​សប្តាហ៍​កន្លង​មក។

លោក តាន់ សុផល មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «តាន់ នីឡុង គាត់​អាយុ ៥៥​ឆ្នាំ អាណិកជន​រស់នៅ​អកឡែន កាលីហ្វ័រញ៉ា។ គាត់​មិន​ទាន់​មាន​សញ្ជាតិ​អាមេរិកាំង​ទេ គាត់​គ្រាន់​តែ​មាន​សិទ្ធិ​ជ្រក​កោន កាន់ Green Card ហើយ​ប៉ាស្ព័រ ប្រើ​ប៉ាស្ព័រ​ខ្មែរ​យើង។ កើត​មក​ពី​ការ​ប្រចណ្ឌ។ ប្រើ​សាំង ៥​លីត្រ ក្នុង​ប៊ីដុង​ដាក់​សាំង​ក្រអូប ប្រើ​ប៊ីដុង​ច្រក យក​ការ៉ុង​រុំ​ពី​លើ ហើយ​ដឹក​ម៉ូតូ​យក​ទៅ មាន​កូន​កាំបិត​មួយ​ផង កូន​កាំបិត​ចិត​បន្លែ កូន​កាំបិត​របស់​ថៃ។ នៅ​កន្លែង​កើតហេតុ​វា​បន្សល់​វត្ថុតាង គឺ​ការ៉ុង ប៊ីដុង​ឆេះ​ខ្លោច​អស់​បន្តិច ហើយ​និង​កូន​កាំបិត​មួយ»

សូម​បញ្ជាក់​ថា ក្នុង​ព្រឹត្តិការណ៍​ចាក់សាំង​ប៉ុនប៉ង​សម្លាប់​នោះ ស្ត្រី​ជា​គូ​ដណ្តឹង​និង​ប្អូន​ស្រី​ម្នាក់​ដែល​បាន​ឃើញ​ហេតុការណ៍​ត្រូវ​ភ្លើង​ឆេះ​រលាក​ខ្លួន ហើយ​ត្រូវ​គេ​បញ្ជូន​មក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ដាក់​បណ្ដឹង​ទាមទារ​ប្រាក់​សំណង​ចំនួន​២៥​ម៉ឺន​ដុល្លារ​អាមេរិក។

មន្ត្រី​សមត្ថកិច្ច​ខ្មែរ​បាន​ឲ្យ​ដឹង​ទៀត​ថា គេ​បាន​ទាក់ទង​នឹង​ស្ថានទូត​អាមេរិក​ចំពោះ​ករណី​ដែល​ទាក់ទង​នឹង​ឈ្មោះ តាន់ នីឡុង នោះ ដោយ​បាន​យល់​ព្រម​ឲ្យ​អាជ្ញាធរ​ខ្មែរ​អនុវត្ត​តាម​ច្បាប់​កម្ពុជា​ដោយសារ​តែ​ខ្មែរ​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ​មិន​ទាន់​បាន​ចូល​សញ្ជាតិ​អាមេរិកាំង​នៅ​ឡើយ៕