ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពន្យារ​ពេល​ប្រមូល​ពន្ធ​ដីធ្លី​ផ្ទះ​សម្បែង

អ្នក​ធ្វើ​ការ​ឃ្លាំ​មើល​បញ្ហា​សង្គម និង​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​រស់នៅ​ក្នុង​តំបន់​ដែល​ជា​គោលដៅ​នៃ​ការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ បាន​ត្អូញត្អែរ​ចំពោះ​នីតិវិធី នៃ​ការ​ប្រមូល​ពន្ធ​ដីធ្លី ផ្ទះ​សម្បែង ពី​ពលរដ្ឋ​ថា មាន​ភាព​សាំញ៉ាំ និង​ថា​ពុំ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ។

0:00 / 0:00

អ្នក​ឃ្លាំ​មើល​សេវា​សាធារណៈ បាន​ជំរុញ​ឲ្យ​នាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពន្យារ​ពេល​ប្រមូល​ពន្ធ​លើ​ចលនទ្រព្យ ដោយ​សារ​នីតិវិធី​ស្មុគស្មាញ និង​ខ្វះ​ការ​ផ្សព្វផ្សាយ បញ្ហា​នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​មិន​ទាន់​បង់​ពន្ធ​ជូន​រដ្ឋ​នៅ​មាន​ចំនួន​ច្រើន។

លោក សន ជ័យ អ្នក​សម្រប​សម្រួល​កម្ពុជា នៃ​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ កញ្ញា ថា អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​កំណត់​ពេល​វេលា នៃ​ការ​បង់​ពន្ធ​លើ​អចលនទ្រព្យ​បន្ត​ទៀត​សិន មុន​នឹង​ផាក​ពិន័យ​ដល់​ពលរដ្ឋ​ណា​ដែល​ខកខាន​មិន​បាន​ទៅ​បង់​ពន្ធ​ទាន់​ពេល​នោះ។

លោក​ថា មាន​ភាព​ស្មុគស្មាញ​ជា​ច្រើន​ជុំវិញ​នីតិវិធី​នៃ​ការ​បង់​ពន្ធ​នេះ នឹង​ធ្វើ​ឲ្យ​រដ្ឋ​បាត់​ចំណូល​បាន​ពី​ការ​បង់​ពន្ធ​នេះ។

ការ​អំពាវនាវ​នេះ បាន​ធ្វើ​ឡើង​នៅ​មុន​ការ​ដាក់​កំណត់​នៃ​ការ​ផាក​ពិន័យ​ពី​នាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំពោះ​អ្នក​ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​អចលនទ្រព្យ។

ក្រសួង​សេដ្ឋកិច្ច បាន​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១២ ហើយ​ប្រកាស​ផុត​កំណត់​ថ្ងៃ​ទី៣០ ខែ​កញ្ញា ឆ្នាំ​២០១២។

ពលរដ្ឋ​រស់នៅ​ខណ្ឌ​ចំការមន និង​ខណ្ឌ​ឫស្សីកែវ បាន​ត្អូញត្អែរ​ថា ពួក​គាត់​ពុំ​បាន​ដឹង​ព័ត៌មាន​នៃ​ការ​ចាប់​ផ្ដើម​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​នេះ​ទេ។ អ្នក​ដែល​បាន​ផ្ដល់​សម្ភាស​សុទ្ធ​តែ​បាន អះអាង​ថា នីតិវិធី​នៃ​ការ​បង់​ពន្ធ មាន​ភាព​សាំញ៉ាំ ហើយ​ពួក​គាត់​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​ពេក សម្រាប់​ការ​ទៅ​បង់​ពន្ធ​នេះ ពិបាក​ជាង​ការ​បង់​ពន្ធ​កាល​ពី​ឆ្នាំ​២០១១។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ទាំង​នេះ នាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា នឹង​ផ្ដល់​ដំណោះស្រាយ​ពន្យារ​រយៈពេល​បង់​ពន្ធ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បាន​ទទួល​ស្គាល់​ចំពោះ​ការ​លំបាក​ដែល​ពលរដ្ឋ​បាន​លើក​ឡើង​នេះ។ លោក​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ដើម្បី​ពន្យារ​រយៈពេល​បង់​ពន្ធ​លើ​អចលនទ្រព្យ​មួយ​ខែ​បន្ត​ទៀត គឺ​បន្ត​ដល់​បំណាច់​ខែ​តុលា ឆ្នាំ​២០១២ ដោយ​យោង​ទៅ​លើ​ហេតុផល​ថា ពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​បាន​ទៅ​បង់​ពន្ធ​នៅ​ឡើយ​នោះ។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ កាល​ពី​ឆ្នាំ​២០១១ នៅ​តាម​ខេត្ត ក្រុង ស្រុក ខណ្ឌ រាជធានី ដែល​ជា​គោលដៅ​ប្រមូល​ពន្ធ បាន​ថវិកា​សរុប​ប្រមាណ ១២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។