តាមប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ពិធីប្រារព្ធកំណើតនៃការសាងសង់ស្តូបគោរពវិញ្ញាណក្ខន្ធនេះនឹងធ្វើឡើងមុនពេលការចាប់ផ្ដើមសង់ស្តូបនេះក្នុងខែមេសាខាងមុខនេះ ដើម្បីឲ្យចំនឹងខួបទី៣៥ នៃជ័យជម្នះរបស់ចលនាទ័ពព្រៃខ្មែរក្រហម។
លោកថា ការស្ថាបនាវិមានបែបនេះគឺដើម្បីរំឭកវិញ្ញាណក្ខន្ធអ្នកកាសែត និងអ្នកថតរូប ដែលបានបាត់បង់ជីវិត ហើយទាក់ទាញគ្រួសារ សាច់ញាតិរបស់គេ ឲ្យមកលេងកម្ពុជា។
លោក ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការនៃរបបសាធារណរដ្ឋខ្មែរ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោកបានស្នើឲ្យសង់វិមានអនុស្សាវរីយ៍នេះ ហើយនឹងរៀបចំការជួបជុំគ្នាមួយជាលើកទី១ ពីថ្ងៃ២០ ដល់ថ្ងៃ២៣ មេសា ដូចដែលគេធ្លាប់ធ្វើនៅប្រទេសវៀតណាម។
តាមស្ថិតិអ្នកកាសែតយ៉ាងតិច ៣៧នាក់បានស្លាប់ក្នុងសម័យសង្គ្រាមរវាងកងទ័ពខ្មែរសាធារណរដ្ឋ និងខ្មែរក្រហម ទ្រទ្រង់ដោយទ័ពព្រៃវៀតណាមខាងជើង វៀតកុង៕
