លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអះអាងនៅថ្ងៃសុក្រ ៤ ធ្នូ នេះថា រដ្ឋាភិបាលកម្ពុជានឹងមិនបញ្ជូនជនភៀសខ្លួនអ៊ុយហ្គរ្ស៍ ដែលកំពុងលាក់ខ្លួននៅក្នុងប្រទេសកម្ពុជានោះ ត្រឡប់ទៅប្រទេសចិនវិញទេ ប្រសិនបើពួកគេភៀសខ្លួនដោយមូលហេតុរំលោភសិទ្ធិមនុស្ស ឬជាប់ទាក់ទងរឿងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដល់ថ្នាក់ទោសប្រហារជីវិត ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ពិស្តារទេ ចំពោះជនភៀសខ្លួនណាដែលទាក់ទងរឿងនយោបាយ។
លោក ខៀវ កាញារីទ្ធ ដែលជារដ្ឋមន្រ្តីក្រសួងព័ត៌មានដែរនោះបានបញ្ជាក់ដូច្នេះ ៖ «វាមានចំណុចច្រើនណាស់ បើសិនជាបញ្ហាព្រហ្មទណ្ឌយើងបញ្ជូនចេញ បញ្ហានយោបាយយើងគិតផ្សេង។ បញ្ហាព្រហ្មទណ្ឌទៀត បើសិនជាទៅត្រូវគេប្រហារជីវិត ហ្នឹងប្រហែលជាយើងអត់បញ្ជូនដែរ ព្រោះយើងមិនឲ្យមានការប្រហារជីវិតទេ។ មកដល់ឥឡូវនេះយើងអត់ទាន់មានសំណើពីខាងចិនអីទាំងអស់ទេ»។
សេចក្ដីរាយការណ៍ព័ត៌មានបានឲ្យដឹងថា មានជនភៀសខ្លួនអ៊ុយហ្គរ៍ចំនួន២២នាក់ កំពុងតែលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា និងកំពុងសុំសិទ្ធិជ្រកកោននយោបាយនៅប្រទេសទី៣ តាមរយៈឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប្រចាំប្រទេសកម្ពុជា។ ជនភៀសខ្លួនទាំងនោះរត់ចោលស្រុកដោយសាររដ្ឋាភិបាលចិន រំលោភសិទ្ធិរបស់ពួកគេពេក។
ប្រទេសកម្ពុជា គឺជាហត្ថលេខីនៃអនុសញ្ញាពាក់ព័ន្ធឋានៈជនភៀសខ្លួន ដែលបានចុះហត្ថលេខាកាលពីឆ្នាំ១៩៥១។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសម្តែងការព្រួយបារម្ភខ្លាចក្រែងមិនដូចសម្តីរបស់លោក ខៀវ កាញារីទ្ធ ហើយរដ្ឋាភិបាលខ្មែរបែរជាបញ្ជូនជនភៀសខ្លួននោះទៅប្រទេសចិនវិញតាមសំណើរបស់ចិន ដូចជាកម្ពុជាបានបញ្ជូនជនភៀសខ្លួនម៉ុងតាញ៉ា ទៅប្រទេសវៀតណាមកន្លងមកតាមសំណើរបស់វៀតណាមដូច្នោះដែរ។
ការភៀសខ្លួននេះមានឡើងបន្ទាប់ពីរដ្ឋាភិបាលចិន បានបង្ក្រាបបាតុកម្មនៅខេត្តស៊ិនជាំង (Xinjiang) ប្រទេសចិន ដែលបណ្តាលឲ្យមនុស្ស២០០នាក់ស្លាប់ និងប្រហែល១.៦០០នាក់ទៀតរបួស។
លោក អ៊ូ វីរៈ បានបន្ថែមថា ៖ «បច្ចុប្បន្ននេះ បើយើងនិយាយឲ្យចំមែនទែន ដោយសារឥទ្ធិពលរបស់ប្រទេសចិនមកលើកម្ពុជាយើង អ៊ីចឹងយើងឃើញរដ្ឋាភិបាលខ្មែរយើងអត់ហ៊ានធ្វើអីដែលអាចឆ្លុះបញ្ចាំងផ្ទុយពីឆន្ទៈរបស់រដ្ឋាភិបាលចិនទេ»។
មន្រ្តីស្ថានទូតអាមេរិកមិនអាចទាក់ទងបានទេ កាលពីថ្ងៃសុក្រ ៤ ធ្នូ នេះ ដើម្បីសុំអត្ថាធិប្បាយពីអនាគតនៃជនភៀសខ្លួនទាំងនោះ។
ទន្ទឹមពេលនេះមានសេចក្តីរាយការណ៍ថា ប្រទេសចិនកំពុងរឹតបន្តឹងព្រំដែលភាគខាងកើតឆៀងខាងត្បូងនៃប្រទេសរបស់ខ្លួន ដើម្បីទប់ស្កាត់កុំឲ្យជនភៀសខ្លួនរត់ចូលមកប្រទេសវៀតណាមនិងកម្ពុជាបន្តទៀត៕
