លោក ឈុំ សុជាតិ នៅមិនទាន់បញ្ជាក់ឲ្យដឹងពីកាលបរិច្ឆេទនិងលំហាត់សមយុទ្ធដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃណាឲ្យពិតប្រាកដ ហើយនឹងត្រូវលើកយកវិញ្ញាសាអ្វីខ្លះយកមកធ្វើលំហាត់សមយុទ្ធនេះនៅឡើយទេ។ លោកគ្រាន់តែបញ្ជាក់ថា សមយុទ្ធដ៏ធំនៅកម្ពុជានេះទទួលបានការឧបត្ថម្ភនិងគាំទ្រថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
លោក ឈុំ សុជាតិ បានបញ្ជាក់ថា ៖ «បន្ទាប់ពីហ្នឹងមានវគ្គ២០១០នោះ អំពីលំហាត់យោធាដែលសហរដ្ឋអាមេរិកអ្នកឧបត្ថម្ភលំហាត់យោធាលើកទី៥ ទី៦? ខ្ញុំភ្លេចបាត់ហើយ។ នៅស្រុកខ្មែរមានប្រហែលជាជាង២ពាន់នាក់ចូលរួម មានជាង២០ប្រទេស។ ប្រហែលជានៅខែកក្កដា ឆ្នាំ២០១០ យើងកំពុងតែរៀបចំផែនការលម្អិតច្រើនទៀត»។
លោក ចន ចនសាន់ (John Johnson) មន្ត្រីអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា សមយុទ្ធយោធាដែលប្រទេសកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅដើមឆ្នាំ២០១០ខាងមុខនេះនៅក្នុងអត្ថន័យផ្លាស់ប្តូរបទពិសោធន៍ផ្នែកយោធារវាងប្រទេសទាំងនោះ។ លោកបន្តថា រដ្ឋាភិបាលសហរដ្ឋអាមេរិកជាអ្នកផ្តល់បច្ចេកទេសនិងឧបត្ថម្ភថវិកាទាំងស្រុងនៅក្នុងលំហាត់សមយុទ្ធនេះ។
លោកបញ្ជាក់ថា លំហាត់សមយុទ្ធយោធានេះស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាពុំទាន់ទទួលបានរបាយការណ៍លម្អិតស្តីពីវិញ្ញាសាអ្វីដែលនឹងត្រូវលើកយកមកអនុវត្តក្នុងសមយុទ្ធនេះនៅឡើយទេ។
លោក ចន ចនសាន់ បានមានប្រសាសន៍ឲ្យដឹងតាមរយៈអ្នកបកប្រែថា ៖ «ទាក់ទងនឹងការធ្វើសមយុទ្ធយោធាហ្នឹងគាត់មិនទាន់មានព័ត៌មានលម្អិតបានច្រើនទេ។ ឥឡូវយើងកំពុងតែធ្វើការពិភាក្សាគ្នាថា តើអ្នកណាគ្រប់គ្រងខាងណា អ្នកណាទទួលខុសត្រូវខាងផ្នែកណាមួយទាក់ទងនឹងការធ្វើសមយុទ្ធហ្នឹង? គាត់មិនទាន់មានព័ត៌មានគ្រប់គ្រាន់ទាក់ទងនឹងការធ្វើសមយុទ្ធហ្នឹងនៅឡើយទេ»។
មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៤ មកដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាថវិកា សម្ភារៈនិងបច្ចេកទេស រួមនឹងការផ្តល់ជំនាញយោធាមកដល់ប្រទេសកម្ពុជា សរុបជាទឹកប្រាក់អស់ប្រមាណជាង៧លានដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែសម្រាប់សមយុទ្ធយោធាទ្រង់ទ្រាយធំដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ ហើយដែលរដ្ឋាភិបាលអាមេរិកជាអ្នកឧបត្ថម្ភនាឆ្នាំ២០១០ខាងមុខនេះ គឺនៅមិនទាន់មានរបាយការណ៍ចំណាយច្បាស់លាស់ថានឹងត្រូវចំណាយថវិកាអស់ប៉ុន្មាននៅឡើយទេ៕
