កម្ពុជា​នឹង​ធ្វើ​​ពិធី​តាំង​ពិព័រណ៍​ផលិតផល​នៃ​ប្រទេស​តំបន់​ត្រីកោណ​អភិវឌ្ឍន៍

ប្រទេស​កម្ពុជា​គ្រោង​នឹង​ប្រារព្ធ​ពិធី​តាំង​ពិព័រណ៍​ផលិតផល​នៃ​ប្រទេស​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា វៀតណាម​និង​លាវ នៅ​ខេត្ត​រតនគិរី ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​មក​បណ្តាក់​ទុន​រក​ស៊ី​ និង​ ដើម្បី​ជំរុញ​កិច្ចអភិវឌ្ឍន៍​នៅ​ក្នុង​បណ្តា​ខេត្ត​ចំនួន​១៣​នៃ​ប្រទេស​ក្នុង​តំបន់​ត្រីកោណ​អភិឌ្ឍន៍។

0:00 / 0:00

មន្ត្រី​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា ពិព័រណ៍​ផលិតផល​នៃ​ប្រទេស​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា វៀតណាម និង​លាវ នឹង​ប្រារព្ធ​ធ្វើ​រយៈពេល​៣​ថ្ងៃ​នៅ​ក្នុង​បរិវេណ​មន្ទីរ​វប្បធម៌​ខេត្ត​រតនគិរី។

ពិធី​នេះ​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មីនា ឆ្នាំ​២០១០ ដោយ​មាន​តំណាង​ប្រតិភូ​មក​ពី​ខេត្ត​ចំនួន​១៣​នៃ​ប្រទេស​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ចូល​រួម និង​នាំ​យក​ផលិតផល​ពី​បណ្តា​ខេត្ត​របស់​ខ្លួន​មក​ដាក់​តាំង​ជូន​ទស្សនា និង​លក់​ជូន​ដល់​ប្រជាពលរដ្ឋ មន្ត្រី​រាជការ​និង​អ្នក​ទេសចរ​ដែល​បាន​ទៅ​ចូល​រួម​ពិធី​តាំង​ពិព័រណ៍​នោះ។

នាយខុទ្ទកាល័យ​សាលា​ខេត្ត​រតនគិរី លោក ណាប់ ប៊ុនហេង មាន​ប្រសាសន៍​ថា ការ​រៀបចំ​ឲ្យ​មាន​ពិព័រណ៍​ថ្នាក់​តំបន់​នេះ ផ្តូច​ផ្តើម​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​សម្រួប​សម្រួល​នៃ​ប្រទេស​កម្ពុជា ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​ទុន​និង​វិស័យ​ទេសចរណ៍​នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។

លោក ណាប់ ប៊ុនហេង មាន​ប្រសាសន៍​ដូច្នេះ ៖ «ខាង​កណៈកម្មាធិការ​ជាតិ​សម្រប​សម្រួល​របស់​កម្ពុជា​ហ្នឹង គឺ​កម្មវិធី​ឲ្យ​មាន​ពិព័រណ៍​នេះ គឺ​ចូល​រួម​ពី​១៣​ខេត្ត​នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ពី​អាស៊ី​ហ្នឹង។ ពិព័រណ៌​នេះ​គឺ​ជា​ពិព័រណ៍​ផលិតផល​របស់​ខេត្ត​នីមួយ...។ ជា​ឱកាស​នៃ​ការ​ទាក់ទាញ​វិនិយោគ»

ខេត្ត​ចំនួន​១៣​នៃ​ប្រទេស​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា មាន​ខេត្ត​រតនគិរី ស្ទឹងត្រែង មណ្ឌលគិរី​និង​ក្រចេះ។ ប្រទេស​វៀតណាម មាន​ខេត្ត​យ៉ាឡាយ ខេត្ត​កងទុម ខេត្ត​ដាក់ឡាក់ ខេត្ត​ដាក់ណុង​និង​ខេត្ត​បិញហ្វឿក និង​ប្រទេស​លាវ​មាន​ខេត្ត​ចំប៉ាសាក់ ខេត្ត​អត្តពើ ខេត្ត​សេកង​និង​ខេត្ត​សារ៉ាវ៉ាន់។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​រតនគិរី លោក តូ ធាឡុំ មាន​ប្រសាសន៍​បញ្ជាក់​ថា ផលិតផល​កសិកម្ម​កសិឧស្សាហកម្ម​និង​សិប្បកម្ម​នៃ​ប្រទេស​ទាំង​បី​នឹង​ត្រូវ​ដាក់​តាំង​ក្នុង​ពិព័រណ៍​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១០ ដើម្បី​ស្វែង​រក​ទីផ្សារ​សម្រាប់​ផលិតផល​ទាំង​នោះ។

លោក តូ ធាឡុំ បញ្ជាក់​ដូច្នេះ ៖ «ការ​ដាក់​តាំង​ពិព័រណ៍​ហ្នឹង​មាន​សារសំខាន់​ណាស់ និយាយ​រួម​គឺ​រក​ទីផ្សារ​សម្រាប់​ផលិតផល​របស់​យើង សម្រាប់​តំបន់​ត្រីកោណ​ហ្នឹង។ លាវ វៀតណាម ក៏​គេ​យក​ផលិតផល​របស់​គេ​យក​មក​ដាក់​តាំង​ដែរ»

នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខេត្ត​រតនគិរី បាន​រៀបចំ​ពិធី​តាំង​ពិព័រណ៍​ផលិតផល​មក​ពី​បណ្តា​ខេត្ត​នៃ​ប្រទេស​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា វៀតណាម​និង​លាវ។

ប្រភព​ពី​មន្ត្រី​ទេសចរណ៍​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា បន្ទប់​សណ្ឋាគារ ផ្ទះ​សំណក់​ជាង​៦០០​បន្ទាប់​បាន​ជួល​កក់​បម្រុង​អស់​សម្រាប់​គណៈប្រតិភូ​ប្រទេស​ទាំង​បី​ដែល​បាន​មក​ចូល​រួម​តាំង​ពិព័រណ៍​នេះ។

តាម​ការ​គ្រោង​ទុក នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​តាំង​ពិព័រណ៍​នេះ ក៏​មាន​ដាក់​បញ្ជូល​កម្មវិធី​វេទិកា​យុវជន​នៃ​ប្រទេស​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-​វៀតណាម​និង​លាវ ដើម្បី​ប្រជុំ​ពិភាក្សា​គ្នា​ផ្លាស់​ប្តូរ​បញ្ជ្រាប​ទស្សនៈ​និង​បទពិសោធន៍​ជុំវិញ​កិច្ចអភិវឌ្ឍន៍​របស់​ក្រុម​យុវវ័យ​នៃ​ប្រទេស​ទាំង​បី រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ទៅ​ថ្ងៃ​អនាគត​ថែម​ទៀត៕