រដ្ឋាភិបាល​កម្ពុជា​គ្រោង​បញ្ជូន​ជន​អ៊ុយហ្គរ៍​២០​នាក់​ទៅ​ចិន​វិញ

រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បញ្ជូន​ជនជាតិ​អ៊ុយហ្គរ៍​ចំនួន ២០​នាក់ ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន​ប៉េកាំង នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​នៃ​រដ្ឋាភិបាល​កម្ពុជា លោក គុយ គួង មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​កាល​ពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចាត់​ថា ជនជាតិ​ភាគ​តិច​អ៊ុយហ្គរ៍​ទាំង​នោះ ចូល​កម្ពុជា​ដោយ​ខុស​ច្បាប់ ដូច្នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ។

លោក គុយ គួង បាន​បញ្ជាក់​ថា ៖ «ពួក​គាត់​ទាំង ២០​នាក់​ហ្នឹង គឺ​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ដោយសារ​ចូល​មក​អត់​មាន​លិខិត​ឆ្លងដែន ហើយ​និង​អត់​មាន​វីសា​(ទិដ្ឋាការ)​ណា​មួយ​ដែល​ត្រូវ​ចូល​មក​កម្ពុជា។ ដូច្នេះ​ជា​ការ​បំពាន់​ច្បាប់​របស់​កម្ពុជា​ហើយ ឆ្នាំ​១៩៩៤ ហើយ​តម្រូវ​បញ្ជូន​គាត់​ចេញ​ត្រឡប់​ទៅ​វិញ ដោយសារ​គាត់​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់»

ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch លោកស្រី សេរ៉ា ខូម មាន​ប្រសាសន៍​ថា ជា​ការ​សំខាន់​ណាស់​ដែល​ប្រទេស​ហត្ថលេខី​នីមួយៗ សង្គ្រោះ​ជន​ភៀស​ខ្លួន​ប្រកប​ដោយ​យុត្តិធម៌ ដូច​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​អនុសញ្ញា​ការពារ​ជន​ភៀស​ខ្លួន ពិសេស​គឺ​ប្រទេស​កម្ពុជា មាន​ទីស្នាក់ការ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ផង។

លោកស្រី សេរ៉ា ខូម បាន​មាន​ប្រសាសន៍​ថា ៖ "ជា​ការ​សំខាន់​ណាស់ ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​បញ្ជូន​ជន​ភៀស​ខ្លួន​ទាំង​នោះ ដែល​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​ទៅ​ឲ្យ​ចិន​វិញ ព្រោះ​ថា បើ​បញ្ជូន​ទៅ​វិញ​ដោយ​គ្មាន​ការ​ពិនិត្យ​ពិច័យ​ឲ្យ​បាន​ច្បាស់លាស់ នោះ​ជា​ការ​រំលោភ​ច្បាប់ ពិសេស​រំលោភ​អនុសញ្ញា​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម ព្រោះ​ថា ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​ទាំង​នោះ​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ"។

សូម​រំឭក​ជូន​ថា ជនជាតិ​ភាគ​តិច​អ៊ុយហ្គរ៍​ទាំង​នោះ​បាន​ភៀស​ខ្លួន​ចេញ​ពី​ខេត្ត​ស៊ីនជាំង តំបន់​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន ដោយ​ឆ្លង​កាត់​ប្រទេស​វៀតណាម ហើយ​មក​កម្ពុជា​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​ជា​ជន​ភៀស​ខ្លួន​នយោបាយ រត់​គេច​ចេញ​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​ចិន​នៅ​បន្ទាប់​ពី​មាន​ការ​ធ្វើ​មហា​បាតុកម្ម​ប៉ះ​ទង្គិច​បង្ហូរ​ឈាម​ជាមួយ​នឹង​អាជ្ញាធរ​ចិន កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៩ កន្លង​មក​នេះ៕