កម្ពុជា​គ្រោង​បង្កើត​តុលាការ​ពាណិជ្ជកម្ម

ទន្ទឹម​ពេល​ដែល​កម្ពុជា​កំពុង​រៀបចំ​បង្កើត​ក្រុម​អាជ្ញា​កណ្ដាល​មួយ​ក្រុម ដើម្បី​ដោះស្រាយ​និង​កាត់​ក្តី​រឿង​ជម្លោះ​ខាង​ពាណិជ្ជកម្ម មន្ត្រី​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​​គ្រោង​​រៀប​ចំ​ឯកសារ និង​បែប​បទ​នៃ​ការ​បង្កើត​តុលាការ​ពាណិជ្ជកម្ម​ រួម​ទាំង​ស្វែង​រក​ប្រាក់​ជំនួយ​ដើម្បី​បង្កើត​តុលាការ​នេះ​ផង​ដែរ។

រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ម៉ៅ ថូណា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា​នេះ​ថា គម្រោង​នៃ​ការ​បង្កើត​តុលាការ​នេះ​នឹង​ដាក់​ចូល​ទៅ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នៅ​ពេល​ដែល​រដ្ឋាភិបាល​ធ្វើ​បច្ចុប្បន្នភាព​ប្រាក់​ជំនួយ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ​ដំណាច់​ឆ្នាំ​នេះ។

លោក ម៉ៅ ថូណា មាន​ប្រសាសន៍​ដូច្នេះ ៖ «តុលាការ​ពាណិជ្ជកម្ម ដល់​ពេល​គេ​ធ្វើ​​ update (បច្ចុប្បន្នភាព) កម្មវិធី​ជំនួយ​របស់​ធនាគារ ADB ប្រហែល​ជា​ដាច់​ឆ្នាំ ហើយ​ដល់​ដាច់​ឆ្នាំ​ហ្នឹង​ខ្ញុំ​បញ្ចូល​គម្រោង​បង្កើត​តុលាការ​ពាណិជ្ជកម្ម​ហ្នឹង ចូល​ទៅ​ក្នុង​គម្រោង​ជំនួយ​របស់ ADB»

ការ​បង្កើត​តុលាការ​ពាណិជ្ជកម្ម គឺ​ជា​លក្ខខណ្ឌ​មួយ​ដែល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កំណត់​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កាល​ពី​ឆ្នាំ​២០០៤។ ព្រោះ​ថា ប្រទេស​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទាំង​អស់ តម្រូវ​ឲ្យ​បង្កើត​តុលាការ​ពាណិជ្ជកម្ម ដើម្បី​ធានា​បរិយាកាស​នៃ​ដំណើរការ​ពាណិជ្ជកម្ម​ឲ្យ​បាន​សុក្រឹត និង​កក់​ក្តៅ​សម្រាប់​អ្នក​វិនិយោគិន​ជាតិ និង​អន្តរជាតិ៕