គម្រោងចរចាថ្មីនេះបានធ្វើឡើងក្រោយពីការស្វែងរកការលុបចោលការសងបំណុលនៅក្នុងអំឡុងទស្សនកិច្ចមួយរបស់គណៈប្រតិភូខ្មែរ ដែលដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងប្រទេសរុស្ស៊ី កាលពីពេលថ្មីៗនេះ ត្រូវបានបដិសេធ។
តំណាងរាស្រ្ត ជាម យៀប បានអះអាងថា កម្ពុជានិងដាក់លទ្ធភាពឲ្យម្ចាស់បំណុលមើល ហើយនិងជំរុញការចរចាដែលនឹងមកដល់នៅថ្ងៃទី១៥ វិច្ឆិកាខាងមុខនេះទៀត។
លោក ជាម យៀប បានបញ្ជាក់ថា ៖ «ប៉ុន្តែបើសងក្នុងលក្ខខណ្ឌដែលត្រូវនិយាយទ្វេភាគីឲ្យបានច្បាស់លាស់រវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី»។
ឯកសារពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលវិទ្យុអាស៊ីសេរីទទួលបាន បំណុលដែលកម្ពុជាជំពាក់អតីតសហភាពសូវៀតកាលពីកម្ពុជាស្ថិតនៅជារបបសាធារណរដ្ឋប្រជាមានិតកម្ពុជា មានចំនួន៧៧៤លាន៦សែនដុល្លារ។ ប្រាក់ជំពាក់ទាំងនេះបានធ្វើឡើងនៅក្នុងកិច្ចផ្គត់ផ្គង់ផ្នែកសម្ភារៈសឹក។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសមរង្ស៊ី បានថ្លែងថា តាមគោលការណ៍ច្បាប់ កម្ពុជាមិនត្រូវសងនូវបំណុលទាំងនោះឡើយ ដោយសារតែកាលនោះកម្ពុជាបានខ្ចីនៅក្នុងរបបសាធារណរដ្ឋប្រជាមានិត និងនៅក្នុងអតីតសហភាពសូវៀត ដែលបច្ចុប្បន្នពុំមានទៀតឡើយ ហើយក៏មិនមែនជាកាតព្វកិច្ចរបស់រដ្ឋាភិបាលបច្ចុប្បន្នត្រូវទទួលខុសត្រូវឡើយ។
លោកបន្ថែមទៀតថា ប្រាក់ដែលខ្ចីទាំងនោះទៀតសោតមិនមែនយកដើម្បីមកអភិវឌ្ឍប្រទេសឡើយ គឺជាបំណុលដែលធ្វើឡើងដោយសារការពាក់ព័ន្ធគ្នាផ្នែកយោធាប៉ុណ្ណោះ ហើយម្យ៉ាងទៀតកាលពីសម័យនោះទៀត កម្ពុជាត្រូវបានផ្គត់ផ្គង់ឲ្យប្រទេសទាំងនោះវិញអស់ហើយតាមរយៈកៅស៊ូ ព្រៃឈើ និងធនធានធម្មជាតិផ្សេងទៀត។
លោក សុន ឆ័យ បានបញ្ជាក់ថា ៖ «បំណុលរុស្ស៊ីគឺភាគច្រើនសម្រាប់ធ្វើសង្គ្រាម ដើម្បីឲ្យសហភាពសូវៀតហ្នឹងពង្រីកឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍ អត់មានពាក់ព័ន្ធអីទៅលើការអភិវឌ្ឍប្រទេសឬការកសាងសេដ្ឋកិច្ចអីទេ។ ដូច្នេះបានជាយើងមិនគប្បីយកការស្នើរបស់គេក្រៅផ្លូវការនេះ យកមកជជែកជាផ្លូវការទេ»។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដដែលបានបញ្ជាក់ថា ប្រាក់បំណុលដែលកម្ពុជាជំពាក់ប្រទេសនានាសរុបមានចំនួន៣.៤០០លានដុល្លារ ក្នុងនោះបំណុលដែលចាប់ផ្តើមខ្ចីដើម្បីការកសាងប្រទេសបានចាប់ផ្តើមឡើងនាឆ្នាំ១៩៩៣។ ម្ចាស់បំណុលធំៗមានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជាធនាគារពិភពលោក, ធនាគាអភិវឌ្ឍន៍អាស៊ីនិងប្រទេសចិន ជាដើម។
លោក សុន ឆ័យ បាននិយាយថា បច្ចុប្បន្ននេះកម្ពុជាត្រូវសងបំណុលគេយ៉ាងហោចណាស់៧០លានដុល្លារក្នុងមួយឆ្នាំសម្រាប់តម្លៃការប្រាក់ នៅគ្រាដែលប្រាក់ចំណូលរបស់កម្ពុជាសរុបបានត្រឹមតែ៥០០លានដុល្លារប៉ុណ្ណោះ ហើយបញ្ហាទាំងនេះកំពុងតែនាំឲ្យមានការបារម្ភ៕
