លោក កុយ គួង ជាមន្រ្តីអ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីថា កម្ពុជាកំពុងតែទុកពេលឲ្យភាគីថៃពិចារណាលើសំណើនោះ ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យដឹងថារហូតដល់ពេលណានោះទេ។
លោក កុយ គួង បានឲ្យដឹងថា ៖ «ព្រោះយើងនៅទុកឱកាសឲ្យគេបានធ្វើការពិចារណាក្នុងរង្វង់ថ្នាក់ដឹកនាំថៃហ្នឹងសិន»។
ការពន្យារពេលនេះគ្មានកំណត់ដោយមិនទាន់ឃើញភាគីខ្មែរកម្រើកអ្វីនៅឡើយក្រោយពីមានការបដិសេធរបស់ថៃដែលនាំឲ្យមានការរិះគន់ពីក្រុមឃ្លាំមើលកម្ពុជា។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជានិងជាសមាជិកនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានថ្លែងថា ៖ «ជំហរវាទន់ជ្រាយណាស់ ទន់ជ្រាយមែនទែន កោតខ្លាចនូវភាគីថៃ»។
ក្រសួងការបរទេសកម្ពុជាកាលពីថៃ្ងទី១១ ខែឧសភាកន្លងទៅនេះ បានផ្ញើកំណត់សារទូតមួយជាផ្លូវការទៅក្រសួងការបរទេសថៃទាមទារឲ្យភាគីថៃសងប្រាក់ជំងឺចិត្តចំនួនជាង២លាន១សែនដុល្លារអាមេរិកចំពោះអ្វីដែលយោធាថៃបានបាញ់ផ្លោងកាលពីថៃ្ងទី៣ ខែមេសាកន្លងទៅនេះ ធ្វើឲ្យឆេះផ្សារនៅខាងកើតខ្លោងទ្វារប្រាសាទព្រះវិហារនិងឆេះតូបចំនួន២៦៤តូបនិងបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខែ្មរចំនួន៣១៩គ្រួសារ។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃត្រូវបានកាសែតថៃឈ្មោះ The Nation ដកស្រង់សម្ដីកាលពីសប្តាហ៍កន្លងទៅនេះនិយាយថា កន្លែងដែលរងការឆេះខូចខាតនោះគឺជាទឹកដីថៃ ហើយថៃបានអនុញ្ញាតឲ្យគ្រួសារទាំងនោះរស់នៅដោយហេតុផលទំនាក់ទនងរវាងកម្ពុជានិងថៃនិងហេតុផលមនុស្សធម៌ទៅវិញ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការចម្រុះដោះស្រាយវិវាទព្រំដែនរបស់ប្រទេសកម្ពុជាបានបញ្ជាក់ថា ទីកន្លែងខូចខាតនោះគឺជាទឹកដីរបស់កម្ពុជាស្របច្បាប់។
លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា ៖ «វាមិនមានការពិបាកយល់ទេ ថៃវាសំអាងថាជាដីរបស់គេ គួរបង្ហាញនូវកម្មសិទ្ធិដីរបស់ខ្លួនមក»។
លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខែ្មរបានបញ្ជាក់ជំហរថា លោកនឹងផ្ញើសារលិខិតមួយទៅស្ថានទូតថៃនាពេលឆាប់ៗខាងមុខនេះទទូចសុំឲ្យភាគីថៃពិចារណាលើប្រាក់សំណងតាមសំណើរបស់កម្ពុជា បើពុំដូច្នោះទេក្រុមរបស់លោកនឹងប្តឹងរឿងនេះទៅអង្គការសហប្រជាជាតិ។
លោក មឿង សុន បានបញ្ជាក់ថា ៖ «គាត់មិនបានឆ្លើយឲ្យមុនមួយអាទិត្យថ្ងៃទី៧ កក្កដា ដែលអង្គការយើងខ្ញុំត្រូវធ្វើបុណ្យខួប គឺយើងនឹងប្ដឹងទៅអង្គការសហប្រជាជាតិជាដាច់ខាត»។
ក្រុមអ្នកនយោបាយប្រឆាំងនិងក្រុមសកម្មជននៃអង្គការក្រៅរដ្ឋាភិបាលជាញឹកញាប់រិះគន់រដ្ឋាភិបាលថា មិនបានលើកយកបញ្ហានៃការរំលោភបូរណភាពដែនដីកម្ពុជាដោយយោធាថៃនោះទៅដោះស្រាយថ្នាក់អន្តរជាតិឬអង្គការសហប្រជាជាតិសោះ។
គេមានការព្រួយបារម្ភថា ការអូសបន្លាយដ៏យូរដោយសំអាងថានឹងដោះស្រាយបញ្ហានេះដោយទេ្វភាគីនឹងអាចក្លាយជាបញ្ហាស្មុគស្មាញដោយរកច្រកចេញគ្មាន៕