ក្រុមហ៊ុនត្រួតពិនិត្យជើងយន្តហោះនៅកម្ពុជា ដែលហៅជាភាសាអង់គ្លេសថា Cambodia Air Traffic Service (CATS) បានជូនដំណឹងទៅក្រុមហ៊ុនផ្សារភាគហ៊ុននៅប្រទេសថៃថា ប្រទេសកម្ពុជាបានចាត់ឲ្យមនុស្សរបស់ខ្លួនមកបំពេញការងារនៅក្នុងក្រុមហ៊ុនជំនួសជនជាតិថៃ និងបានហាមមិនឲ្យបុគ្គលិកសញ្ជាតិថៃចូលធ្វើការទេ។
តាមទីភ្នាក់ងារព័ត៌មានបារាំង AFP បានដកស្រង់លិខិតរបស់លោកអនុប្រធានក្រុមហ៊ុនឈ្មោះ ស៊ិរិឆៃ រ៉ាសាមីចាន់ (Sirichai Rasameechan) បានឲ្យដឹងថា ការហាមប្រាមនោះមិនទាន់ដឹងថា ជាបណ្តោះអាសន្ន ឬជារៀងរហូតនោះទេ។
ក្រុមហ៊ុនត្រួតពិនិត្យជើងយន្តហោះនៅកម្ពុជា (CATS) ជាអ្នកទទួលខុសត្រូវមើលការខុសត្រូវលើចរាចរណ៍ហោះហើររបស់យន្តហោះគ្រប់ប្រភេទនៅព្រលានយន្តហោះភ្នំពេញ ដោយមានកិច្ចសន្យាជាមួយរដ្ឋាភិបាលកម្ពុជាចំនួន៣២ឆ្នាំ។ ក្រុមហ៊ុននេះជារបស់ថៃ និងមានបុគ្គលិកសញ្ជាតិថៃចំនួន៩នាក់ធ្វើការនៅទីនោះ។
កាលពីសប្តាហ៍មុនប៉ូលិសកម្ពុជាបានចាប់បុគ្គលិកក្រុមហ៊ុនមួយរូបឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពង់ (Siwarak Chuthipong) អាយុ៣១ឆ្នាំ សញ្ជាតិថៃ ដោយចោទថា បានលួចថតចម្លងគម្រោងហោះហើររបស់យន្តហោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thanksin Shinawatra) អតីតនាយករដ្ឋមន្រ្តីថៃ ក្នុងពេលលោក ថាក់ស៊ីន មកប្រទេសកម្ពុជាតាមយន្តហោះផ្ទាល់ខ្លួន៕
