កម្ពុជា​ហាម​បុគ្គលិក​ថៃ​មិន​ឲ្យ​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​ជើង​យន្តហោះ

ប្រទេស​កម្ពុជា​បាន​ហាម​មិន​ឲ្យ​បុគ្គលិក​សញ្ជាតិ​ថៃ ដែល​បំពេញ​ការងារ​នៅ​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​ជើង​យន្តហោះ​ហោះ​ហើរ​ចូល​ធ្វើការ​ទេ ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​បុរស​ជនជាតិ​ថៃ​មួយ​រូប​ជា​បុគ្គលិក​ក្រុមហ៊ុន​នោះ និង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ថា ធ្វើ​ចារកម្ម​លួច​ព័ត៌មាន​សម្ងាត់​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។

ក្រុមហ៊ុន​ត្រួត​ពិនិត្យ​ជើង​យន្តហោះ​នៅ​កម្ពុជា ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Cambodia Air Traffic Service (CATS) បាន​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន​ផ្សារ​ភាគហ៊ុន​នៅ​ប្រទេស​ថៃ​ថា ប្រទេស​កម្ពុជា​បាន​ចាត់​ឲ្យ​មនុស្ស​របស់​ខ្លួន​មក​បំពេញ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ជំនួស​ជនជាតិ​ថៃ និង​បាន​ហាម​មិន​ឲ្យ​បុគ្គលិក​សញ្ជាតិ​ថៃ​ចូល​ធ្វើការ​ទេ។

តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ដក​ស្រង់​លិខិត​របស់​លោក​អនុ​ប្រធាន​ក្រុមហ៊ុន​ឈ្មោះ ស៊ិរិឆៃ រ៉ាសាមីចាន់ (Sirichai Rasameechan) បាន​ឲ្យ​ដឹង​ថា ការ​ហាម​ប្រាម​នោះ​មិន​ទាន់​ដឹង​ថា ជា​បណ្តោះ​អាសន្ន ឬ​ជា​រៀង​រហូត​នោះ​ទេ។

ក្រុមហ៊ុន​ត្រួត​ពិនិត្យ​ជើង​យន្តហោះ​នៅ​កម្ពុជា (CATS) ជា​អ្នក​ទទួល​ខុស​ត្រូវ​មើល​ការ​ខុស​ត្រូវ​លើ​ចរាចរណ៍​ហោះ​ហើរ​របស់​យន្តហោះ​គ្រប់​ប្រភេទ​នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ ដោយ​មាន​កិច្ចសន្យា​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា​ចំនួន​៣២​ឆ្នាំ។ ក្រុមហ៊ុន​នេះ​ជា​របស់​ថៃ និង​មាន​បុគ្គលិក​សញ្ជាតិ​ថៃ​ចំនួន​៩​នាក់​ធ្វើការ​នៅ​ទីនោះ។

កាល​ពី​សប្តាហ៍​មុន​ប៉ូលិស​កម្ពុជា​បាន​ចាប់​បុគ្គលិក​ក្រុមហ៊ុន​មួយ​រូប​ឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពង់ (Siwarak Chuthipong) អាយុ​៣១​ឆ្នាំ សញ្ជាតិ​ថៃ ដោយ​ចោទ​ថា បាន​លួច​ថត​ចម្លង​គម្រោង​ហោះ​ហើរ​របស់​យន្តហោះ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thanksin Shinawatra) អតីត​នាយករដ្ឋមន្រ្តី​ថៃ ក្នុង​ពេល​លោក ថាក់ស៊ីន មក​ប្រទេស​កម្ពុជា​តាម​យន្តហោះ​ផ្ទាល់​ខ្លួន៕