កម្ពុជា​ប្រារព្ធ​ទិវា​សន្តិភាព​ពិភពលោក ថ្ងៃ​២១ កញ្ញា

នៅ​ឯ​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ មនុស្ស​ម្នា​រាប់​រយ​នាក់​បាន​ចូលរួម​អបអរ​សាទរ​ទិវា​សន្តិភាព​ពិភពលោក ២១ កញ្ញា ឆ្នាំ​២០០៩។
ដោយ អ៊ួន ឈិន
2009.09.21
សន្តិភាព ៣០៥ ពិធី​ជិះ​កង់​ដើម្បី​សន្តិភាព​នៅ​ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០០៩។
RFA/Uon Chhin

«ជយោ​សន្តិភាព​និង​ការ​អភិវឌ្ឍ» ៖ នេះ​ជា​សំឡេង​របស់​ក្រុម​អ្នក​ជិះ​កង់​ដើម្បី​សន្តិភាព​ក្រោយ​ពី​ការ​ជិះ​កង់​នៅ​តាម​ដង​វិថី​នានា​ក្នុង​ក្រុង​ភ្នំពេញ​បាន​បញ្ចប់​ទៅ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២១ កញ្ញា​នេះ។

ព្រះ​សង្ឃ​ជា​ច្រើន​អង្គ ដូន​ជី តា​ជី ពុទ្ធសាស​និក អ៊ិស្លាម​សាសនិក គ្រិស្ត​សាសនិក ព្រម​ទាំង​យុវជន រួម​ទាំង​ជន​បរទេស​ផង ប្រមាណ​៣០០​នាក់​បាន​ចូលរួម​ក្នុង​ក្បួន​ជិះ​កង់​ដើម្បី​សន្តិភាព​នេះ។

អ្នកស្រី ប្រុក វ៉ាន្នី តំណាង​ឲ្យ​ក្រុម​ការងារ​ដើម្បី​សន្តិភាព​បាន​ថ្លែង​ថា អ្នក​ចូលរួម​ក្នុង​ក្បួន​សុទ្ធ​តែ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​មក​ពី​ស្ថាប័ន អង្គការ​និង​សមាគម​នានា។

អ្នកស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​អំពី​គោល​បំណង​នៃ​ក្បួន​ជិះកង់​ដើម្បី​សន្តិភាព​នេះ ៖ «គោល​បំណង​របស់​យើង​គឺ​អបអរ​សាទរ​ទិវា​សន្តិភាព​ពិភពលោក ថ្ងៃ​២១ កញ្ញា​នេះ ហើយ​មួយ​ទៀត​យើង​ចង់​ទាក់ទាញ​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង របស់​សង្គម​ខ្មែរ​យើង ឲ្យ​លោក​ចូលរួម​ចាប់​អារម្មណ៍​គិត​ដល់​រឿង​សន្តិភាព​នេះ ហើយ​ថ្ងៃ​ក្រោយ​ទៅ​យើង​សង្ឃឹម​ថា ពេល​មាន​អំពើ​ហិង្សា​អី​កើត​ឡើង​យើង​គិត​ថា យើង​ដោះស្រាយ​ដោយ​សន្តិវិធី»

ក្នុង​ការ​ប្រារព្ធ​ពិធី​នៅ​ឯ​ព្រះអង្គ​ដងកើ មាន​ការ​ធ្វើ​សមាធិ​ស្មិងស្មាធិ៍​បួងសួង​សុំ​សន្តិភាព ហើយ​ក៏​មាន​ការ​ប្រទាន​នូវ​ឱវាទ​ពី​សំណាក់​ព្រះសង្ឃ ព្រម​ទាំង​ការ​ផ្ដល់​នូវ​ចំណាប់​អារម្មណ៍​ពី​តំណាង​សាសនា​នានា​ផង​ដែរ។

ព្រះ​ខេមចារោ យស ហ៊ុត បាន​ប្រទាន​នូវ​ឱវាទ​តាម​ធម៌​ព្រះពុទ្ធ ៖ «សូម​ពួក​សត្វ​ទាំងអស់​កុំ​មាន​ពៀរ​នឹង​គ្នា សូម​ឲ្យ​បាន​សុខ សូម​ឲ្យ​ប្រាសចាក​ទុក្ខ សូម​កុំ​ឲ្យ​ព្យាបាទ​គ្នា»

ចំណែក​តំណាង​គ្រិស្ត​សាសនិក លោក លឹម វ៉ាន់នឹក បាន​ធ្វើ​អធិដ្ឋាន​សុំ​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា ៖ «អ៊ីចឹង​ហើយ​ជា​ហេតុ​កន្លង​មក​យើង​ឃើញ​ថា ប្រទេស​យើង​មាន​បញ្ហា​បន្តិច​បន្តួច​ជាមួយ​នឹង​ប្រទេស​ថៃ ប៉ុន្តែ​ជាមួយ​គ្នា​គ្រិស្ដ​បរិស័ទ​ទំនាក់​ទំនង​គ្នា​ថែរក្សា​សុវត្ថិភាព​ទាំង​ពីរ»

ក្បួន​ជិះកង់​ដើម្បី​សន្តិភាព​បាន​ចេញ​ដំណើរ​នៅ​វេលា​ម៉ោង​៧:៥១​នាទី ពី​ចំណុច​វិថី​រដ្ឋ​សភា​ឆ្ពោះ​ទៅ​វត្ត​ភ្នំ រួច​ហើយ​ត្រឡប់​មក​បញ្ចប់​នៅ​ព្រះអង្គ​ដងកើ ក្នុង​នោះ​យុវជន​ភាគ​ច្រើន​បាន​ជិះកង់ ចំណែក​ឯ​ព្រះ​សង្ឃ​និង​ដូនជី​បាន​និមន្ត​និង​ធ្វើ​ដំណើរ​តាម​ស៊ីក្លូ។

សូម​ជម្រាប​ជូន​ថា ពិធី​ជិះកង់​ដើម្បី​សន្តិភាព​ត្រូវ​ប្រារព្ធ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ព្រម​គ្នា​ក្នុង​ខេត្ត​ចំនួន​បួន គឺ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និង​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ ដោយ​មាន​កិច្ច​សហការ​និង​ការ​ជួយ​រក្សា​សុវត្ថិភាព​ពី​សំណាក់​អាជ្ញាធរ។ ដោយ​ឡែក ពិធី​នេះ​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ និង​ទី​២៥ កញ្ញា វិញ ក្នុង​ខេត្ត​ចំនួន​ពីរ គឺ​ខេត្ត​កោះកុង​និង​ខេត្ត​ព្រះ​សីហនុ យោង​តាម​សំណូមពរ​របស់​អាជ្ញាធរ ដែល​តាម​គម្រោង​មាន​អ្នក​ចូលរួម​ប្រមាណ​៦០០​នាក់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។