កម្ពុជា​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក

ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ អក​អំបុក បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា​មាន​ជា​អាទិ៍ ព្រះ​មហាក្សត្រ ព្រះបាទ​បរមនាថ នរោត្តម សីហមុនី, ប្រធាន​ព្រឹទ្ធសភា សម្តេច ជា ស៊ីម, ប្រធាន​រដ្ឋសភា សម្តេច ហេង សំរិន និង​នាយក​រដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ក៏​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ព្រះ​រាជ​ពិធី​នៃ​ថ្ងៃ​ទី​១​នេះ​ផងដែរ។

ព្រះ​មហាក្សត្រ ព្រះបាទ​បរមនាថ នរោត្តម សីហមុនី នឹង​ប្រទាន​ភ្លើង​ទាន​ជ័យ​សម្រាប់​ដុត​បំភ្លឺ​ប្រទីប​ដែល​នឹង​លយ​បំភ្លឺ​ចាប់​ពី​រាត្រី​នេះ​ត​ទៅ​នៅ​មុខ​ព្រះ​បរមរាជវាំង។

ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះខែ អក​អំបុក ក្នុង​រយៈពេល​៣​ថ្ងៃ​នេះ គេ​រំពឹង​ថា​នឹង​មាន​មនុស្ស​ប្រមាណ​២​លាន​នាក់​មក​ចូលរួម៕